ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូ លីកា ឧបត្ថម្ភ​ថវិកា​៥០០​ដុល្លារ​ តាម​ការសន្យា​ដល់ លៀង ចាន់​ឡា

​ភ្នំពេញ ​៖​ អតីត​តារា​ចម្រៀង​ស្រី​ផលិតកម្ម​Rock​ និង​ជា​ម្ចាស់​ហាង​ម៉ូ​លីកា ខូ​ស្មិ​ក​ទិ​ក កញ្ញា ម៉ូ​លីកា ​កាលពី​ថ្មីៗ​កន្លង​បានប្រកាសថា ​ខ្លួន​នឹង​ជួយឧបត្ថម្ភ​ថវិកា ​និង​គ្រឿង​បរិភោគ​មួយចំនួន​ជូន​បេក្ខនារី​កម្មវិធី​X Factor Cambodia រដូវ​កាល​ទី​១​ កញ្ញា លៀង ចាន់​ឡា ហើយ​នៅ​ទីបំផុត ​តារា​ស្រី​វ័យក្មេង​រូបនេះ​បាន​ធ្វើតាម​ការសន្យា​ពិតមែន​។​

​កញ្ញា ម៉ូ​លីកា បានបញ្ជាក់​ឲ្យ​ដឹងថា​ ដើម្បី​គោរព​តាម​ពាក្យសន្យា​របស់ខ្លួន​នោះ​ កាលពី​រសៀល​ថ្ងៃទី​០៨​សីហា​ នាង​បាន​ណាត់​ជួប ​កញ្ញា លៀង ចាន់​ឡា ឲ្យ​មក​ទទួលយក​ថវិកា​ដោយផ្ទាល់​ចំនួន​៥០០​ដុល្លារ​ និង​សម្ភារៈ ​រួមទាំង​គ្រឿង​បរិភោគ​មួយចំនួនទៀត​ផងដែរ​។ ​ខណៈដែល​សាមីខ្លួន លៀង ចាន់​ឡា បង្ហាញ​ពី​អារម្មណ៍​រំភើប​រហូត​រលេងរលោង​ទឹកភ្នែក​ផងដែរ​។​

​តារាចម្រៀង​ស្រី​ និង​ជា​ថៅកែ​វ័យក្មេង ​កញ្ញា ​ម៉ូ​លីកា និយាយ​បន្តទៀតថា ​ពីដំបូង​ឡើយ ​នាង​គ្រោង​ជួយ​ថវិកា​តែ​ចំនួន​៥០០​ដុល្លារ​ប៉ុណ្ណោះ​ទៅដល់​កញ្ញា លៀង ចាន់​ឡា ប៉ុន្តែ​ដោយសារ​ឃើញ​សភាព​របស់ ចាន់​ឡា គួរ​ឲ្យ​អាណិត​ខ្លាំងពេក​ ទើប​នាង​សម្រេច​ទិញ​អង្ករ​ចំនួន​២​ប៉ាវ មី​៥​កេស និង​ទឹក​ផ្លែ​ឈើ​៥​កេស​ ដើម្បី​ជូន​ដល់​គាត់​ក្នុង​ការជួយ​សម្រួល​ជីវភាព​គ្រួសារ ​ពិសេស​អ្នក​ម្តាយ​របស់ លៀង ចាន់​ឡា ដែល​កំពុងមាន​ជំងឺ​។​

​តាមរយៈ​ការចែករំលែក​ទឹកចិត្ត​ស្រលាញ់ ​និង​ក្តី​អាណិតអាសូរ​ពី​សំណាក់​តារា​ចម្រៀង ​កញ្ញា ម៉ូ​លីកា ដល់ លៀង ចាន់​ឡា នេះដែរ​ ភ្លាមៗ​នោះ គេ​សង្កេតឃើញ​មាន​មហាជន​ជាច្រើន​បានបង្ហាញ​អារម្មណ៍​គាំទ្រ​ និង​លើ​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​តារា​ស្រី​រូប​ស្រស់ ម៉ូ​លីកា។ ​ចំណែក ​កញ្ញា លៀង ចាន់​ឡា ក៏មាន​អារម្មណ៍​រំភើប​រហូត​រលីងរលោង​ទឹកភ្នែក​ ព្រោះតែ​នាង ​ត្រូវ​បានការ​លើក​កម្លាំង​ចិត្ត​ពី​តារា​ស្រី​ខាងលើ​ ដើម្បី​ឲ្យ​មានការ​តស៊ូ​ក្នុង​ឆាកជីវិត​ថែមទៀត​។​

គេ​នៅ​ចាំបាន​ថា ​តារា​ស្រី​ កញ្ញា ម៉ូ​លីកា បន្ទាប់ពី​ដឹង​ជុំវិញ​រឿងរ៉ាវ ​នៃ​ការរើសអើង ចាន់​ឡា ភ្លាមៗ​នោះ​ នាង​បានប្រកាស​ក្តែ​ងៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ​នឹង​ផ្ដល់​ថវិកា​ចំនួន​៥០០​ដុល្លារ​ចំពោះ​កញ្ញា លៀង ចាន់​ឡា ស្រប​ពេលដែល​កាលនោះ​ ក៏មាន​ការ​អាណិត​ជាច្រើន​ពី​មហា​ជន​មកលើ​បេក្ខភាព X Factor Cambodia របស់​ហង្ស​មាស​រូបនេះ ​ព្រោះតែ​នាង​មិន​ស្អាត ក្រ និង​គ្មាន​សំលៀកបំពាក់​តុបតែង​ខ្លួន​ដូច​គេ​៕

ដោយ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114