ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ ចរណៃ ប្រកាស​អំពាវនាវ​ស្វែងរក​ជំនួយ​សាងសង់​ផ្ទះ​ជូន​លោកយាយ​កម្សត់​គ្មាន​ទីពឹង​

​ភ្នំពេញ​ ៖ ដោយសារ​មានការ​អាណិតអាសូរ ​និង​មើលឃើញ​ជាក់ស្តែង​ពី​ជីវភាព​ខ្វះខាត​រស់នៅ​គ្មាន​ទី​ពំនឹង​ ដោយ​ផ្ញើ​វាសនា​លើ​អ្នកជិតខាង​នោះ​ តារា​សម្តែង​ស្រី ​កញ្ញា ពេជ្រ ចរណៃ បាន​លើកដៃ​សំពះ​ប្រកាស​អំពាវនាវ​ដល់​សប្បុរសជន​ដើម្បី​សុំ​ការ​ជួយ​ឧបត្ថម្ភ​សម្ភារៈ​ ឬ​ថវិកា​មួយ​ចំនួន​ ​​យក​ទៅ​ជួយ​ និង​សាងសង់​ផ្ទះ​តូច​ល្មម​ជូន​ដល់​លោកយាយ​កម្សត់​ម្នាក់។

ការប្រកាស​អំពាវនាវ​របស់​តារា​សម្ដែង​ស្រី ​កញ្ញា ពេជ្រ ចរណៃ នេះ​ បាន​ធ្វើឡើង​ស្របពេល​ដែល​នាង​បាន​ចុះទៅ​សួរសុខទុក្ខ​និង​ជួប​លោកយាយ​ដោយផ្ទាល់​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​អង្គុ​ញ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ​លោកយាយ​កម្សត់​ដែលមាន​ជំងឺ​ប្រចាំកាយ​ដើរ​មិន​រួច​រស់នៅ​តែម្នាក់ឯង​គ្មាន​កូនចៅ​នោះ​មាន​ឈ្មោះ ឡាន គាត់​មាន​អាយុ​៨០​ឆ្នាំ។

តារា​ស្រី​រូប​ស្រស់ ​កញ្ញា ពេជ្រ ចរណៃ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​ ដោយសារតែ​ក្តី​អាណិត​ខ្លាំង​ចំពោះ​លោកយាយ​ខាងលើ​ទើប​នាង​ដាច់ចិត្ត​លើកដៃ​សំពះ​អំពាវនាវ​ដល់​មហាជន​ មេត្តា​បរិច្ចាគ​ថវិកា ​ឬ​សម្ភារៈ​ខ្លះៗ​ ដើម្បី​ជួយ​ដល់​លោកយាយ​ផង​។ ​ម្យ៉ាងទៀត​ នាង​ និង​ព្រះ​តេជគុណ​មួយអង្គ​ដែល​គង់នៅ​វត្ត​បដិមាករ​ ក៏មាន​គម្រោង​នឹង​ជួយ​សាងសង់​ផ្ទះ​តូច​ល្មម​មួយ​ជូន​ដល់​គាត់​ផងដែរ​ ព្រោះ​បច្ចុប្បន្ន​លោកយាយ​ពិតជា​មានការ​លំបាក​ណា​ស់​។​

​កញ្ញា ពេជ្រ ចរណៃ បាន​និយាយ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ទៀតថា​ គិត​មកទល់ពេលនេះ​ ខ្ញុំ​បាន​មកជួប​លោកយាយ ឡាន ចំនួន​២​ដង​រួម​ក​ហើយដោយ​កាលពី​លើក​ទី​១​បាន​នាំយក​ថវិកា ​និង​សម្ភារៈ​បរិភោគ​ផ្ទាល់ខ្លួន ​និង​សប្បុរសជន​ខ្លះៗ​មកជួយ​ដល់​លោកយាយ​ម្តង​រួចមកហើយ​។ ​ចំណែក​លើក​នេះ​ ខ្ញុំ​មក​ពិភាក្សា​ដើម្បី​សុំ​ដី​របស់​ប្រជាពលរដ្ឋ​ក្នុងការ​សាងសង់​ផ្ទះ​ជូន​ដល់​លោកយាយ​គ្រាន់​សម្រាក​បាន​ស្រួល​មិន​ត្រូវ​ថ្ងៃ​ ឬ​ភ្លៀង​។​

​បន្ថែម​ពីលើ​នេះ ​តារា​ស្រី ​កញ្ញា ពេជ្រ ចរណៃ បាន​លើក​ម្រាមដៃ​១០​សំពះ​ ធ្វើការ​អំពាវនាវ​ជាថ្មី​ចំពោះ​បងប្អូន​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ មេត្តា​ផ្តល់​ក្តី​អាណិត​ដល់​លោកយាយ​កម្សត់​ខាង​លើ​ផង​ ដោយសារ​សព្វថ្ងៃ​ លោកយាយ​ពិតជា​កំពុង​ជួប​ការ​លំបាក​និង​ខ្វះខាត​ខ្លាំង​។​ មិនតែប៉ុណ្ណោះ​នៅក្នុង​ខ្លួន​លោកយាយ​បច្ចុប្បន្ន​ ក៏​កំពុង​តែមាន​ជំងឺ​រួម​រឹត​ប្រចាំ​កាយ​ ខណៈ​ដើរ​ទៅ​ណា​មក​ណា​មិន​រួច​ ព្រមទាំង​និយាយស្តី​មិនបាន​ទៀតផង​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114