ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​កិច្ចសន្យា​រយៈពេល​វែង​ដល់​កីឡាករ ២​រូប​បន្ថែមទៀត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែសីហា ឆ្នាំ​២០១៩ នេះ បាន​ប្រកាស​អំពី​ការបន្ត​កុងត្រា​ជាមួយ​កីឡាករ​ចំនួន ២​រូប​បន្ថែម​ទៀតហើយ ពោលគឺ​កីឡាករ សឿ​យ វិសាល ជាមួយ សារ៉េត គ្រី​យ៉ា និង​បន្ទាប់ពី​ការបន្ត​កុងត្រា​វ័យក្មេង ៣​រូប និង​កីឡាករ ២​រូប​ផ្សេងទៀត កាលពី​ថ្ងៃទី​០៧ និង​ទី​០៨ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ​។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លិប បាន​សរសេរ​ខ្លឹមសារ​ថា​ ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង នៅក្នុង​ការប្រកាស​បន្ត​កិច្ចសន្យា​រយៈពេល​វែង​សម្រាប់​កីឡាករ​របស់​យើង​ដូចជា #05 វិសាល និង #13 គ្រី​យ៉ា​។ អ្នក​ទាំងអស់​គ្នា​ដែល​នៅក្នុង​ក្លឹប ពិតជា​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ខ្លាំងណាស់ ចំពោះ​ការ​ការប្តេជ្ញាចិត្ត​របស់​អ្នក​, ហើយ​ពួក​យើង​ពិតជា​រីក​រាយ​ខ្លាំង​ណាស់ ដែលមាន​អ្នក​នៅ​ជាមួយ​ពួកយើង និង​បន្ត​ដំណើរ​ទៅ​មុខជា​បន្តទៀត​។ យើង​ទៅ​ទាំងអស់គ្នា​!! សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំងពីរ​រូបនេះ គឺជា​កម្លាំង​ដ៏​សំខាន់បំផុត​មិនអាច​ខ្វះ​បាន​នៅ​តំបន់​ការពារ​របស់​ក្លិប​នា​រដូវ​កាល​នេះ​បាន​បង្ហាញខ្លួន​យ៉ាង​ទៀត​ទាត់​ជាមួយ​ក្លិប ហើយ​សុទ្ធសឹងតែ​ជា​ផ្នែក​មួយ​ដែល​ចូលរួម​ក្នុង​ក្លិប​រដូវ​កាល ២០១៩ នេះ ឲ្យ​បំបែក​កំណត់ត្រា​ជា​ក្រុម​មិនដែល​ចាញ់ ក្នុង ១៨​សប្តាហ៍​នៅ​លី​គ​កំពូល​កម្ពុជា ឈរ​កំពូល​តារាង និង​ជួយ​ក្រុម​ឲ្យ​ឡើង​ទៅ​កាន់​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ ផងដែរ​។

​សឿ​យ វិសាល រដូវ​កាល​២០១៩ នេះ​បាន​បង្ហាញខ្លួន​ចំនួន ១៧ ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា ពោល​គឺ​ខកខាន​តែ ១​ប្រកួត​ប៉ុណ្ណោះ និង​ថែមទាំង​អា​ចរក​គ្រាប់​បាល់​បាន ៣​គ្រាប់​ជាមួយ​ក្លិប​ផងដែរ​។ រឹតតែ​ពិសេស​ខ្សែការពារ​កណ្ដាល​រូប​នេះ រួមចំណែក​ការពារ​ការ​ទាត់​បញ្ចូល​ទី​ពី​គូប្រកួត បាន​ច្រើនដង​ផងដែរ​។ សូមបញ្ជាក់ថា កីឡាករ​រូបនេះ​បាន​ចូលរួម​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ឆ្នាំ​២០១៤ ដោយ​ផ្ទេរ​មកពី​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។

ដោយឡែក​សម្រាប់ សារ៉េត គ្រី​យ៉ា ក៏​ដូចគ្នា រដូវ​កាល​នេះ​បង្ហាញខ្លួន​ស្ទើរ​គ្រប់​ការប្រកួត ពោលគឺ​១៦​ដង ក្នុង​លី​គ ហើយ​ថែមទាំង​អា​ចរក​គ្រាប់​បាល់​បាន ៤​គ្រាប់​ដូចគ្នា​។

គួរ​ឲ្យ​ដឹ​ង​ថា ​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩ យុវជន​បី​រូប​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​រួមមាន គឹម សុខ​យុទ្ធ​, ឃៀង ម៉េង​ហួរ និង ត្រាយ វិចិត្រ ក៏​ទើបតែ​ត្រូវបាន​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ផ្ដល់​កិច្ចសន្យា​ថ្មី​បន្ថែម​សម្រាប់​រយៈពេល​វែង បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុងនាម​ជា​យុវជន ក្រោយមក​នៅ​ថ្ងៃទី​០៨ ខែ​ដដែល ក្លិប​ក៏បាន​សម្រេច​ផ្ដល់​កុងត្រា​ថ្មី​ដល់ សុខ សំណាង និង​រស់ គង់​សំរេច ក្នុង​កិច្ចសន្យា​រយៈពេល​វែង​ដូចៗ​គ្នា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114