ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​ក្រុម​កំពូល​តារាង​លី​គ ព្រះខ័ន​រាជ​ស្វាយរៀង ថា​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការជួប​ជាមួយ អង្គរថាយហ្គឺរ

គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៩ ខែសីហា ឆ្នាំ​២០១៩ អំពី​ការត្រៀមខ្លួន​ប្រកួត​សម្រាប់​សប្តាហ៍​ទី​១៩ ទល់នឹង​ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ នៅ​ថ្ងៃអាទិត្យ ទី​១១ ខែសីហា ឆ្នាំ ២០១៩ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប (​ស្វាយ​ធំ​)​។

​ការប្រកួត​រវាង ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ អង្គ​រថា​យ​ហ្គឺ​រ គឺ​ត្រូវបាន​ចាត់ទុកថា​ ជា​ការ​ប្រកួត​មួយ​ក្នុងចំណោម​ប្រកួត​ទាំង ៧​គូ នៅ​សប្ដាហ៍​ទី​១៩ ដែល​នឹង​ជក់ចិត្ត​ត្បិត​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ឈរ​នៅ​តំបន់​កំពូល​តារាង និង​ជាពិសេស​កំពុង​ត្រូវ​បាន​អ្នកគាំទ្រ​តាមដាន​ជាប្រចាំ ជាពិសេស​ចំពោះ​កំណត់ត្រា​ដែល​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ផ្ទាល់​មួយ​នេះ ពុំទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ តាំងពី​ចាប់ផ្ដើម​កំពូល​កម្ពុជា រដូវ​កាល​២០១៩ នេះ​មក​។

យ៉ាងណាមិញ​នៅមុន​ការប្រកួត​មកដល់ លោក Conor Nestor បាន​លើកឡើងថា «​បាទ ការរៀបចំ​របស់​យើង​ពិ​ជា​ល្អ យើង​ស្ទើរតែ​ប្រមូល​កម្លាំង​ពេញលេញ​វិញ​ហើយ ហើយ​យើង​កំពុង​ទន្ទឹង​រង់​ចាំ​ការប្រកួត​នេះ​ជា​ខ្លាំង​។​»

លើស​ពី​នេះទៅ​ទៀត គ្រូបង្វឹក​ដដែល​រូបនេះ​បាន​សង្កត់ធ្ងន់​ទៀត​ផង​ដែរ​ជុំវិញ បញ្ហា​ទីលាន​នៃ​កីឡដ្ឋាន​ដែល​ហាក់​មិនសូវមាន​ភាពអំណោយ​ផល​ថា «​នៅលើ​ទីលាន​នោះ អ្នក​មិនអាច​លេង​ប្រភេទ​បាល់ទាត់​ដែល​ល្អមើល​គួរ​ឲ្យ​ជក់ចិត្ត​នោះទេ​។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ រដូវ​កាល​នេះ​គេ​បាន​នាំចូល​កីឡាករ​ដែលមាន​កាយ​សម្បទា​ល្អ និង​ខ្ពស់​ដែល​សាក​សមជា​មួយ​ទីលាន​នោះ (​កីឡដ្ឋាន​ខេត្តសៀមរាប​) ហើយ​ពួកគេ​ពិតជា​មានការ​តាំងចិត្ត​ខ្ពស់​ណាស់ និង​រៀបចំ​ក្រុម​បាន​យ៉ាង​ល្អ ហើយ​ពួកគេ​ក៏មាន​កីឡាករ​ដែលមាន​គុណភាព​ល្អ​ថែម​ទៀតផង ដូច្នេះ​យើង​ត្រូវតែ​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​នៅ​ថ្ងៃអាទិត្យ​នេះ​»​។

ងាក​មក​តារាង​ចំណាត់ថ្នាក់​វិញ​ ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង មាន​៤៨​ពិន្ទុ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ វិញ​ឈរ​នៅ​លេខ​៤ ដោយ​មានតែ​៣៧ ពិន្ទុ​។

សូម​រំលឹកថា ជំនួប​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង ទល់នឹង​អង្គ​រថា​យ​ហ្គឺ​រ កាលពី​ជើង​ទី​១ នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ គឺ​បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា ១-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​
​ដោយឡែក​ការប្រកួត​ថ្ងៃ​ជើង​ទី​២ រវាង​ក្រុម​ទាំងពីរ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ វិញ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៣​និង​៣០ នាទី​រសៀល​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114