ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ចាក​ចេញពី​មាតុប្រទេស​ទៅ​ប្រកួត​ពាន​បាល់ទាត់​នារី​អាស៊ីអាគ្នេយ៍ នៅ​ថៃ

​នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែសីហា ឆ្នាំ​២០១៩ ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​នារី​កម្ពុជា នឹងធ្វើ​ដំណើរ​ចាក​ចេញពី​មាតុប្រទេស ហោះ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ ដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Women’s Championship 2019) នា​ពាក់កណ្តាល​ខែសីហា ខាងមុខនេះ​។

ក្រុម​នេះ នឹង​ស្ថិត​ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ខ្មែរ​ផ្ទាល់ គឺ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ និង​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចំនួន​៧​នាក់ និង​កីឡាការិនី ២៣​នាក់ សរុប​៣០នាក់។

គួរ​បញ្ជាក់ថា សម្រាប់​សមាសភាព​កីឡាការិនី ដែល​ត្រូវបាន​កោះហៅ​ចូលរួម​ប្រមូលផ្តុំ​ហ្វឹកហាត់​រួមមាន ជិន សូ​វៀត​, ក​យ មួយ​កញ្ញា​, ពេជ្រ យូ​ឈុន​អ៊ី​, ភឿង ស្រី​ភ័​ស្ត​, សំ​រ៉ិ​ត និមល​, ហ៊ា ស្រី​ឡាស់​, នន មិនា​, កឿ​ន សុ​កេ​នី​ត​, សុទ្ធ ច​ន្ត្រា​, ពឿ​ន គ​ន្ធា​, ទី សំណាង​, ជា ហ្វា​រី​យ៉ា​, កាន់ ស្រី​និ​ច​, ឈៀប ដា ណែ​ត​, សុខ លី​, ជឿ​ង សុខ​ឃៀង​, ថុង ពិសី​, ស៊ិន ស្រីនាត​, ស្រ៊ុន ស្រី​ល័​ក្ខ​, ឡាំ ធីតា​, ឌី សុធា​, ម៉ាក់​ស្រីរ័ត្ន​, គាត ស៊ី​ហ័ង និង​បានធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់ រយៈពេល ២​សប្តាហ៍ ដោយ​យក​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ធ្វើជា​ទីកន្លែង​ហ្វឹកហាត់​។ ក្នុង​នោះ​ផងដែរ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ក៏បាន​ធ្វើការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មួយចំនួន​ដែរ រួមមាន ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​នារី​ក្លិប​ភ្នំពេញ​ក្រោ​ន ក៏ដូចជា​ប្រកួត​ជាមួយ​ក្រុម​នគររាជ (​បុរស​) មុន​ចាកចេញ​ផងដែរ​។

ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Women’s Championship 2019) នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការបែងចែក​ចេញ​ជា​២​ពូ​ល។

កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ចូលទៅក្នុង​ពូ​ល B រួម​ជា​មួយ​វៀតណាម​, មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី​ហើយ​ការប្រកួត​បើកឆាក កម្ពុជា នឹងត្រូវ​ជួប​ជាមួយ វៀតណាម នៅវេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច ដែល​ការប្រកួត​ធ្វើឡើង​នៅ Chonburi Campus Stadium​។

រំលឹក​ឡើងវិញ​ថា កាលពី​ឆ្នាំ​២០១៨ ក្រុម​ជម្រើសជាតិ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​មួយ​នេះ ដោយ​សាង​ភាព​ភ្ញាក់ផ្អើល ក្រោយ​បំបាក់​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ១២-០ តែ​ក្រោយមក​រង​បរាជ័យ ៤-០ ទល់នឹង ម៉ាឡេស៊ី​, ១១-០ ទល់នឹង​ថៃ និង ១២-០ ទល់នឹង អូស្ត្រាលី មិនអាច​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114