ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា ​៖ មាន​៤​គូ ខណៈ​ជំនួប ភ្នំពេញ​ក្រោ​ន ទល់នឹង ណាហ្គា​វើ​ល ជា​គូ​ពិសេស​ប្រចាំថ្ងៃ​សៅរ៍​នេះ

ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី ១៩ បាន​ចូល​មក​ដល់​បន្ត​ទៀតហើយ ក្នុង​នោះ​ប្លែក​ត្រង់​ថា ការប្រកួត​ថ្ងៃ​សៅរ៍ ដែល​រាល់ដង​មាន​ត្រឹមតែ ៣​គូ កើន​ឡើង​ដល់ ៤​គូ និង​មាន​គូ​ពិសេស គឺ ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រសួងការពារជាតិ​។

អគ្គិសនី​កម្ពុជា ប៉ះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត
ក្រុម​ទាំងពីរ នឹង​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា វេលា​ម៉ោង​៣និង៣០​នាទី​រសៀល ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ YOUTUBE របស់ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ( CNCC) ។ បច្ចុប្បន្ន អគ្គិសនី​កម្ពុជា ស្ថិតនៅ​លេខ ១៦ មាន ១៦​ពិន្ទុ ប្រកួត​ឈ្នះ ៥ ស្មើ​១ និង​ចាញ់ ១២​លើក ២​ប្រកួត​ចុងក្រោយ ចាញ់ វិសាខា ៧-០ និង ស្វាយរៀង ៧-០ ។ រីឯ អាស៊ី​អឺរ៉ុប វិញ ២​ប្រកួត​ចុងក្រោយ​ចាញ់ គិរីវង់ ២-០ និង​ចាញ់ ភ្នំពេញ​ក្រោ​ន ៤-៣ បច្ចុប្បន្ន មាន ២០​ពិន្ទុ ឈរ​លេខ​រៀង​ទី ១០។ ជំនួប​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ គឺ ស្មើគ្នា ២-២ នៅ​កីឡដ្ឋាន AEU Sport Park។​

បឹងកេត ប៉ះ យុវជន​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ
ក្រុម​ទាំងពីរ នឹង​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ វេលា​ម៉ោង ៣និង៣០​នាទី​រសៀល ដោយមាន​ការផ្សាយ​ផ្ទា​ល់ពី​ទំព័រ YOUTUBE របស់ CNCC ។ បឹងកេត កំពុង​ស្ថិត​ក្នុង​ការ​លេង​ដ៏​ល្អ​របស់ខ្លួន ដោយ​៥​ប្រកួត​កន្លងមក​នៅក្នុង​ទឹកដី​របស់​ខ្លួន មិនទាន់​ស្គាល់​ពាក្យ​ថា ​ចាញ់​នៅឡើយ​ទេ ក្នុងនោះ ឈ្នះ ៣ និង​ស្មើ ២​។ បច្ចុប្បន្ន បឹងកេត ស្ថិតនៅ​លេខ​រៀង​ទី ៥ មាន ៣៧​ពិន្ទុ រី​ចំណែក​ឯ យុវជន​បាទី​វិញ ស្ថិតនៅ​លេខ​រៀង​ទី​១៤ ក្រោយ​ចាញ់​កំពង់ចាម ១-០ កាលពី​សប្តាហ៍​កន្លងទៅ។ ជួបគ្នា​កាលពី​ជើង​ទី​១ រវាង​ក្រុម​ទាំងពីរ​គឺ បឹងកេត យកឈ្នះ ៣ ទល់នឹង ១។

កំពង់ចាម ប៉ះ វិសាខា
ជំនួប​រវាង​ក្រុម​ទាំងពីរ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន កង​យោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) វេលា​ម៉ោង ៣និង៣០​នាទី​រសៀល ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី។ កំពង់ចាម ក្នុង​ជើង​ទី​២​នេះ កំពុងតែ​ធ្វើបាន​ល្អ​ជាង​ជើង​ទី​១ ដោយ​ក្នុង​នោះ បរាជ័យ​ត្រឹម ៤​ប្រកួត ដែល​មិនសូវ​របូត​គ្រាប់​បាល់​ច្រើន និង​អាច​រក​ជ័យជម្នះ​ថែមទៀត​ផង ដែលនាំ​ឲ្យ​ពួកគេ ឡើង​១​លេខ លើ​តារាង​ចំណាត់ថ្នាក់ មាន ៦​ពិន្ទុ ។ ចំណែក​ឯ វិសាខា វិញ ក៏​កាន់តែ​ល្អ ព្រោះ ៥​ប្រកួត​ក្នុង​ជើង​ទី​២​នេះ ឈ្នះ​ទាំងអស់ ហើយ​ប្រកួត​ចុងក្រោយ បាន​យកឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ២-១ ឡើងមក​លេខ​រៀង​ទី​៣។ ជួប​គ្នា​កាលពី​ជើង​ទី​១ វិសាខា បាន​បំបាក់​កំពង់ចាម ដោយ​លទ្ធផល ១៤ ទល់នឹង ០។

ភ្នំពេញ​ក្រោ​ន ប៉ះ ណាហ្គា​វើ​ល
ជំនួប​រវាង​ក្រុម​ទាំងពីរ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន ស្មា​ត អ អេស អ៊ិន វេលា​ម៉ោង ៦​ល្ងាច ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV News ។ បច្ចុប្បន្ន ភ្នំពេញ​ក្រោ​ន នៅ​លេខ​រៀង​ង​ទី ៦ មាន ៣១​ពិន្ទុ ខណៈ​ដែល ក្នុង​៥​ប្រកួត​នៃ​ជើង​ទី​២ ធ្វើ​មិន​បាន​ល្អ​ទេ ដោយ​ឈ្នះ​តែ ២​ប្រកួត​ប៉ុណ្ណោះ រីឯ​ណាហ្គា​វើ​ល វិញ បាន​ទទួលរង​បរាជ័យ ២-០ ទល់នឹង​គិរីវង់ កាលពី​សប្តាហ៍​មុន ធ្វើ​ឲ្យ​ដាច់​កាន់តែ​ឆ្ងាយ​ពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​នៅ​កំពូល​តារាង​ដល់​ទៅ ៨​ពិន្ទុ។ ជួបគ្នា​កាលពី​ជើង​ទី​១ ណាហ្គា​វើ​ល បាន​យកឈ្នះ ភ្នំពេញ​ក្រោ​ន លទ្ធផល ៣ ទល់នឹង ០៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114