ព័ត៍មានទាន់​ហេតុការណ៏
Search

Terengganu FC ឈ្នះ​ប្រកួត​ទី​ពីរ ឡើងឈរ​កំពូល​តារាង​ពូ​ល A នៃ​ពានរង្វាន់ Malaysia Cup

ការប្រកួត​ទី​ពីរ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​នៃ​ពានរង្វាន់​លំដាប់​ទី​៣ របស់​ម៉ាឡេស៊ី គឺ​ពាន Malaysia Cup ប្រចាំឆ្នាំ ២០១៩ បាន​បញ្ចប់​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែសីហា ដោយមាន ៨​គូ​ធ្វើការ​ប្រកួត​តទល់​គ្នា​ក្នុង ៤​ពូ​ល ហើយ​ក្នុងនោះ Terengganu FC ដណ្តើមបាន​ជ័យជម្នះ​លើ​ក្រុម Kedah FC ក្នុង​លទ្ធផល ២ ទល់នឹង ០​។​

​លទ្ធផល​នេះ បាន​នាំ​ឲ្យ​ពួកគេ​ឈរ​កំពូល​តារាង មាន​៦​ពិន្ទុ ដាច់​ពី​ក្រុម​តាម​ពីក្រោយ ៣​ពិន្ទុ បន្ទាប់ពី​ឈ្នះ PKNS ៣ ទល់នឹង ១ នៅ​ប្រកួត​បើកឆាក​។ ២​គ្រាប់​ដែល​ស៊ុត​ចូល​ទី Kedah រក​បាន​ដោយ​កីឡាករ​សញ្ជាតិ​កូ​ដឺ​វ័រ Kipré Tchétché ស៊ុត​ចូល​នៅ​នាទី ៦៥ និង ៨៦។

សម្រាប់​លទ្ធផល​នៃ​ការប្រកួត​ដទៃ​ទៀត​កាលពី​ថ្ងៃ​ពុធ គឺ PKNS ឈ្នះ Negeri Sembilan ២-១, Johor Darul Ta’zim ឈ្នះ PJ City ៤ ទល់នឹង ២, Pulau Pinang ឈ្នះ Sabah ២-១ និង PDRM ឈ្នះ Felda United ៤ ទល់នឹង ០ ។ ការប្រកួត​ដទៃទៀត​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ គឺ PKNP ឈ្នះ UITM FC ២-០, Pahang ឈ្នះ Perak ៣-០ និង Melaka United ចាញ់ Selangor ១-០។

គួរ​រំលឹក​ថា ការប្រកួត​គឺ​នៅសល់ ៤​ប្រកួត​ទៀត ដើម្បី​ស្វែងរក​ក្រុម​ដែល​មាន​សិទ្ធិ​បន្ត​ទៅ​កាន់​វគ្គ ៨​ក្រុម​ចុងក្រោយ ដោយ​ជ្រើស​យក​ក្រុម​លេខ ១​កំពូល​តារាង​នីមួយៗ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​២។ Terengganu FC នឹងត្រូវ​ជួប Negeri Sembilan ក្នុង​ប្រកួត​ទី​៣ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ ២០១៩។

ក្រ​ឡែក​ទៅ​និយាយ​អំពី​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជា​រី ចន្ថា​ប៊ី​ន វិញ ពុំ​មានឱកាស​បង្ហាញខ្លួន​ឲ្យ​ក្លិប​ឡើយ​ក្នុង ២​ប្រកួត​កន្លងមកនេះ ពោលគឺ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ប្រកួត​ឡើយ ដោយ​លេច​ឃើញ​រូបគេ តែ​នៅក្នុង​សកម្មភាព​ហ្វឹកហាត់​ប្រចាំថ្ងៃ​របស់​ក្លិប​តែប៉ុណ្ណោះ​។ គេ​មិនទាន់​ដឹងថា តើ​មូល​ហេតុអ្វី ទើបបានជា​ខ្សែបម្រើ​កម្ពុជា​រូបនេះ មិនសូវ​ទទួល​បាន​ឱកាស​លេង​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ។

គួរ​ឲ្យ​ដឹង​ថា ជា​រី បាន​ទៅ​ចូលរួម​ជាមួយ Terengganu FC កាលពី​ចុង​ឆ្នាំ​២០១៧ ដោយ​រួមរស់​ជាមួយ​ក្លិប​ចំនួន ២​រដូវ​កាល​ហើយ និង​ជួយ​ឲ្យ​ក្លិប​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ Malaysia Cup កាលពី​ឆ្នាំ​២០១៨​កន្លងទៅ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114