ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា មាន​មោទនភាព​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុង​បោះជំហាន​ទៅរក​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស

ភ្នំពេញ ​៖ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Horinouchi Hidehisa បាន​បញ្ជាក់​ថា លោក​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​បោះជំហាន​ទៅរក​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស មាន​ស្ថេរភាព​នយោបាយ ពិសេស​កំពុង​ទទួល​បាន​អ្នក​វិ​និយោគ​ទុន​មកពី​គ្រប់ទិសទី​។

ការ​បញ្ជាក់​បែបនេះ​រប​ស់​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក្នុង​ឱកាស​ ដែល​លោក​បាន​ជួប​សំដែង​ការ​គួរសម និង​ជម្រាបលា លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៨​សីហា នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក Horinouchi Hidehisa ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​នៅ​ពេល​ដែល​កម្ពុជា​កំពុង​បោះជំហាន​ទៅ​រក​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ស្រប​ពេល​ដែល​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ ពិសេស​កំពុង​ទទួលបាន​អ្នក​វិនិយោគ​ទុន​មកពី​គ្រប់ទិសទី​ដែល​បានរួម​ចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកចម្រើន​ក្នុង​នោះ​ក៏​មាន​រាជធានី​ភ្នំពេញ​ទទួល​បាន​ការ​អភិវឌ្ឍ​ន៍​យ៉ាង​លឿន​ផងដែរ​។

លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា រាជធានី​ភ្នំពេញ​មានការ​រីក​ចម្រើន ក៏ដោយ​សារ​មានការ​រួមចំណែក និង​តួនាទី​របស់​ជប៉ុន​ដែល​បាន​ជួយ​តាមរយៈ​អង្គការ​JICA បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​មានការ​ប្រែ​មុខមាត់​ថ្មី​។​ កន្លងមក​ជប៉ុន បាន​ជួយឧបត្ថម្ភ​ដល់​រាជធានី​ភ្នំពេញ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដែល​ក្នុង​នោះ​រួមមាន​គម្រោង​ធំៗ​ដែល​ជា​ជំនួយឥតសំណង​របស់​មិត្ត​ជប៉ុន​រួមមាន គម្រោង​ការពារ​ទឹកជំនន់​ទាំង​៤​ជំ​ហ៊ាន​,​គម្រោង​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​,​គម្រោង​សាងសង់​អគារ សិក្សា​និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម​ដែល​លទ្ធផល​ទាំងអស់​នេះ ពិតជា​មិនអាច​កាត់​ផ្តាច់​ចេញពី​តួនាទី និង​រួមចំណែក​របស់​លោក​ឯក​អគ្គរាជទូត​បានឡើយ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114