ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណាំ ល្ពៅ ឪឡឹក និង ឆៃថាវ អាច​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ ក្នុង​ឃុំ​កំពាន់​រឹតតែ​ប្រសើរ​ឡើង​

ត្បូងឃ្មុំ ៖ កសិករ​ភូមិ​លោ ឃុំ​ពាន់ បាននាំគ្នា​ងាក​មក​ដាំ​ដំណាំ ល្ពៅ ឪឡឹក និង ឆៃថាវ វិញ​ម្តង​ ព្រោះ ដំណាំ​ទាំងនេះ ងាយ​ដាំ មិនត្រូវ​ការ​ដី​ដែល​ជាំ​ទឹក ​និង​ដី​ដែល​ស្ងួត​ខ្លាំងពេក​ទេ តែ​វា​ត្រូវការ​ដី​ដែល​មាន​ជាតិ​មមោក​ច្រើន​នៅពេល​ដាំ​ដុះ ដូច្នេះ ដំណាំ​ទាំងនេះ ងាយ​ដាំ វា​ឲ្យ​ផល​ល្អ និង​មាន​ទីផ្សារ លក់​ច្បាស់លាស់​ទៀត​ផង។ នៅ​ព្រឹក​ថ្ងៃ ទី​១០ ខែ​សីហា ឆ្នាំ​២០១៩ លោក​ប្រធាន​មន្ទីរ​កសិកម្ម លោក​មេឃុំ​កំពាន់ លោក​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​មេមត់ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ការដាំ ដុះ​ដំណាំ​របស់​កសិករ។

លោក តាក់ ណោ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់ បាន​បញ្ជាក់​ឲ្យ​ដឹងថា គាត់​បាន​ដាំ​ដំណាំ​បន្លែ លើ​ផ្ទៃដី២០​ហិកតា និង​ប្រើប្រាស់​កម្លាំង​ពលកម្ម១២​នាក់ រួមមាន​ដំណាំ​ឆៃថាវ ឪឡឹក ល្ពៅ ដោយ​ធ្វើ​ការដាំ​វិលជុំ ម្តង៤​ហិកតា​(​ដំណាំ​ឆៃថាវ​) ដោយ​ប្រើ​ប្រព័ន្ធ​ទុយយោ​សាច។

​លោក ពូ តាក់ ណោ បាន​រៀបរាប់​ទៀតថា ដាំ ដំណាំ​ឆៃថាវ មាន​អាយុកាល៥០ថ្ងៃ ចំណាយ​ថ្លៃដើម​ផលិត​ប្រមាណ១.០០០ ដុល្លារ​/​ហិកតា​/​វដ្ត ហើយ​ទទួល​ទិន្នផល​ប្រមាណ៣០​តោន​/​ហិកតា លក់បាន​ប្រមាណ ២.៥០០​ដុល្លារ​/​ហិកតា។

លោក​បាន​បញ្ជាក់ទៀតថា ទន្ទឹមនេះ ក្នុង​ផលិតកម្ម​បន្លែ​នេះ គាត់​ជួប​បញ្ហា​ប្រឈម​ដូចជា ពពួក សត្វ​ល្អិត​(​ទា​គូ ដង្កូវ​ស៊ី​ស្លឹក​) ប្រភព​ទឹក​នៅ​រដូវប្រាំង និង ​ប្រព័ន្ធ​ស្រោចស្រព​ចំណាយ​ខ្ពស់។​

នៅ​ខណៈ​នោះដែរ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ សំណេះសំណាល​ និង​ពិនិត្យ​ជាក់ស្ដែង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​ផលិត​របស់​ពូ តាក់ ណោ ដែល​អាច​ដំណើរ​ការផលិត​ក្នុង​ទំហំ​ដី​យ៉ាង​ធំ​បែបនេះ និង​បាន​សំណូមពរ​រក្សា​ការធ្វើផែនការ​ដាំ​ដុះ​ដែល​ឆ្លើយតប​តម្រូវការ​ទីផ្សារ ​និង​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​កាកសំណល់​សំបក​វេច​ខ្ចប់​ជី ​និង​ថ្នាំ​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ធានា​ដល់​សុវត្ថិភាព​ខ្លួនឯង​ផង សម្រាប់​អ្នក​បរិភោគ​ផង និង​បរិស្ថាន​ផងដែរ​៕

ដោយ ៖ សាន វិ​ឡែ​ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114