ព័ត៍មានទាន់​ហេតុការណ៏
Search

លៀង ចាន់​ឡា ថ្លែង​សារ​អរគុណ​ សម្ដេច​តេ​ជោ ហ៊ុន សែន

​ភ្នំពេញ​ ៖ មហាជន​ ពិតជា​បាន​ស្គា​ល់ហើយ​បេក្ខភាព​ប្រលង​ក្នុង​កម្មវិធី X Factor Cambodia​ កញ្ញា លៀង ចាន់​ឡា ដែល​ទទួលបាន​ការ​អាណិតអាសូរ​ពី​សំណាក​ទស្សនិកជន​ ក្រោយ​ពេលដែល​នាងរង​ការ​មើល​ងាយ ​និង​រើសអើង​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​អំឡុង​ពេល​បង្ហាញ​វត្តមាន​ប្រលង​ចម្រៀង​នៅក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​។​

ដោយសារតែ​កត្តា​នេះ ​ទើប​ធ្វើ​ឲ្យ ​កញ្ញា លៀង ចាន់​ឡា ទទួល​បាន​ក្តី​​​អាណិតអាសូរ​ពី​មហាជន​ជាច្រើន ​មិនតែប៉ុណ្ណោះ ចាន់​ឡា ក៏​ត្រូវ​បាន​ម្ចាស់​ហាង​ផលិតផល​ និង​កែ​សម្ផស្ស​មួយ​ចំនួន​ប្រកាស​ជួយឧបត្ថម្ភ​ និង​យក​នាង​ទៅ​កែខៃ​សម្រស់​ឲ្យ​មាន​ភាពស្រស់ស្អាត​ប្លែកជាង​មុន​ទៀតផង​។​លើសពីនេះ លៀង ចាន់​ឡា ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ រហូត​ផ្តល់ឱកាស​ឲ្យ​នាង​បង្ហាញ​វត្តមាន​ផងដែរ។

​ជាក់ស្តែង​នៅក្នុង​កម្មវិធី ចម្រៀង​គ្រួសារ​ខ្មែរ របស់លោក អ៊ុក ណា​រី​ន កាលពី​ថ្មីៗ​នេះ​ គេ​សង្កេត​ឃើញ ​កញ្ញា លៀង ចាន់​ឡា បានបង្ហាញ​វត្តមាន​ច្រៀង​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​ក្រអួន​ក្រអៅ​ជាមួយ​ស្នាមញញឹម​យ៉ាង​ស្រស់ស្អាត ​បន្ទាប់ពី​កែ​សម្ផស្ស​រួច​។ ពិសេស​ជាង​នេះ​ អ្វីដែល​ធ្វើ​ឲ្យ ចាន់​ឡា ចាប់​អារម្មណ៍ ​និង​រំភើប​ខ្លាំង​នោះ​ គឺ​នាង​ ត្រូវបាន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ផ្តល់​កិត្តិយស​ចូលរួម​ទស្សនា ​និង​លើក​សរសើរ​ទៀត​ផង​។​

​នៅក្នុង​នោះដែរ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ពី​ក្រៅប្រទេស​មក​ថា ​សប្បាយ​ណាស់​កូនៗ​រាំវង់​ក្រាំង​យ៉ូ​វ ពុក​ទើបបាន​ចូល​មើល​ដោយ​ជាប់​បាយ​ជា​គ្រួសារ​ជាមួយ​ប្រធានាធិបតី​​ស្រីលង្កា​។​ដោយសារតែ​ទទួលបាន​ការផ្តល់​កម្លាំង​ចិត្ត​ពី​សំណាក់​ សម្តេច​តេ​ជោ ហ៊ុន សែន ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ ​កញ្ញា លៀង ចាន់​ឡា រំភើប​ខ្លាំង ​ពោលគឺ​ស្ទើរតែ​រលីងរលោង​ទឹកភ្នែក​។​

​ដើម្បី​ជាការ​ថ្លែង​អំណរគុណ​ដល់​ សម្ដេច​តេ​ជោ ហ៊ុន សែន បេក្ខភាព​ប្រលង​ក្នុង​កម្មវិធី X Factor Cambodia​ កញ្ញា លៀង ចាន់​ឡា បានបង្ហាញ​សារ​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​ថា​ នាង​ខ្ញុំ ​សូម​គោរព​និង​ថ្លែង​អំណរ​អរ​ព្រះគុណ​ជាខ្លាំង​ដល់ ​សម្ដេច​ពុក​ ទោះជា​រវល់​ប៉ុណ្ណា ​ក៏​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​ដើម្បី​តាមដាន​កូនៗ​។ ​កូន​សូម​ជូនពរ​ សម្ដេច​ពុក​ មាន​សុខ​ភាព​ល្អ​រឹងមាំ​ ដើម្បី​ជា​ជំហរ​ដ៏​រឹងមាំ​។​ជាមួយគ្នានេះ​ ក៏មាន​មហាជន​ជាច្រើន​ បាន​ចូលរួម​លើកទឹកចិត្ត​ និង​សាទរ​ផងដែរ​ ដែល ចាន់​ឡា ទទួល​បាន​ការផ្តល់​កម្លាំង​ចិត្ត​ និង​លើក​សរសើរ​ពី សម្ដេច​តេ​ជោ ហ៊ុន សែន​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114