ព័ត៍មានទាន់​ហេតុការណ៏
Search

ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​លូ​៥ ​មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​បាន​បញ្ចប់​ហើយ នឹង​ដាក់​ឲ្យ​​ដំណើរការ​នា​ពេល​ឆាប់ៗ​នេះ​

ភ្នំពេញ ​៖ ស្ថានីយ​បូម​ទឹក​លូ​៥ គឺជា​ស្ថានីយ​បូម​ទឹក​ថ្មី​មួយទៀត ​ក្នុង​ចំណោម​ស្ថានីយ​ជាច្រើន​ទៀត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ស្ថាបនា​ឡើង ដើម្បី​បូមទឹក​រំដោះ​ការ​លិចលង់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​បានបញ្ចប់ ​ហើយ​នឹង​ដាក់ឲ្យ​ដំណើរការ​នាពេល​ឆាប់ៗ​នេះ​។​

មន្ត្រី​ នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃ​១០ ខែ​សីហា ឆ្នាំ​២០១៩​នេះ​

​ស្ថានីយ​បូមទឹក​លូ៥ ដែលជា​ស្ថានីយ​ថ្មី​មួយទៀត​ បាន​សាងសង់​រួចរាល់ នឹង​ដាក់ឲ្យ​ដំណើរការ​នា​ពេល​ខាង​មុខ​នេះ​។​

​ស្ថានីយ​នេះ មាន​សមត្ថភាព​បូមទឹក​៨​ម៉ែត្រគូប ​ក្នុង​១​វិនាទី សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​ផ្លូវ ដួង ងៀប ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​វេ​ង​ស្រេង តំបន់​ភូមិសាស្ត្រ​ខាងត្បូង និង​ ខាងកើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​

គួរ​បញ្ជាក់ថា ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​លូ​៥ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាល​ថ្ងៃទី​១៦ ខែ​មីនា​ ឆ្នាំ​២០១៨​ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិ​បា​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​មុំ​បី ចំណុចប្រសព្វ​៣​ខណ្ឌ គឺ ​ខណ្ឌ​មានជ័យ ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌដង្កោ​។​

ស្ថានីយ​បូមទឹក​លូ​៥​នេះ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ ក្នុងការ​បូមទឹក​ចេញពី​តំបន់​ខាងកើត​ព្រលាន​យន្តហោះ តំបន់​ចោមចៅ តំបន់​ត្រពាំង​ថ្លឹង ភូមិ​គោក​បញ្ជាន់ តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា តំបន់​ថ្មគោល ផ្លូវ​២០០៤ និង​មួយផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា ខាងត្បូង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដែលមាន​ទំហំ​ផ្ទៃ​រង​ទឹក​ភ្លៀង​រហូតដល់​១០២៨​ហិកតា​។​

គួរ​បញ្ជាក់​ទៀត​ថា ស្ថានីយ​បូម​ទឹក​លូ​៥ សាងសង់​ឡើងជា​អគារ​ថ្មី មាន​បណ្ដោយ​១៨,៩​ម៉ែត្រ ទទឹង ១០,៩​ម៉ែត្រ បំពាក់​បំពង់​បូមទឹក​៤​គ្រឿង ក្នុងនោះ បំពង់​មុខកាត់​៨​តឹក​២​គ្រឿង ​និង​បំពង់​មុខកាត់​១​ម៉ែត្រ​ចំនួន​២​គ្រឿង ដែល​អាចមាន​សមត្ថភាព​បូម​ទឹកបាន​៥​ម៉ែត្រគុប ក្នុង​មួយ​វិនាទី ​ស្មើ​នឹង​

២៨៨០០​ម៉ែត្រគុប ក្នុង​១​ម៉ោង​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114