ព័ត៍មានទាន់​ហេតុការណ៏
Search

សេដ្ឋកិច្ច​ជប៉ុន​រីកចម្រើន​លឿន​ជាង​ការរំពឹងទុក​នៅ​ថ្ងៃ​វិស្សមកាល​ថ្មី

ទិន្នន័យ​ផ្លូវការ​ បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​បាន​រីកលូតលាស់​លឿន​ជាង​ការរំពឹងទុក​ក្នុង​ត្រីមាស​ទី​២​នេះ ដែល​បាន​ជួយ​ជ្រោមជ្រែង​ដោយសារ​ការធ្វើ​ពិធី​អបអរសាទរ​ទាំងឡាយ​ដើម្បី​បង្កើត​យុគសម័យ​អធិរាជ​ថ្មី​មួយទៀត​។​

​ការិយាល័យ​ខុទ្ទកាល័យ​បានឱ្យដឹងថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុងប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣​របស់​ពិភពលោក​មួយ​នេះ​បាន​កើនឡើង​០,៤%​ធៀប​ជាមួយ​ត្រីមាស​មុន​។​

​រយៈពេល​នៃ​ការកើនឡើង ៣ ឆ្នាំ​ជាប់​គ្នា​នេះ​ក៏​នឹង​ជួយ​ជំរុញ​ដល់​ការប្តេជ្ញាចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី Shinzo Abe ក្នុង​ការជំរុញ​ការដំឡើង​ពន្ធ​លើ​ការលក់​ដ៏​ចម្រូងចម្រាស​ក្នុង​ខែតុលា ទោះបីជា​មានការ​ព្រមាន​ថា វា​អាចដាក់​បន្ទុក​លើ​កំណើន​នេះ​ក៏ដោយ​។​

​ជាមួយគ្នានេះ ក្រុម​សេដ្ឋវិទូ​បាន​និយាយថា អ្នកដើរ​ផ្សារ​កំពុង​ប្រញាប់ប្រញាល់​ទិញ​ទំនិញ មុនពេល​អត្រា​កើនឡើង​ពី​៨%​ទៅ ១០% នៅ​ថ្ងៃទី​១ ខែតុលា​ខាងមុខនេះ ហើយ​ការបង្កើន​សន្ទុះ​ការប្រើប្រាស់​នេះ​ក៏​ជួយ​ជំរុញ​ផលិតផល​ក្នុងស្រុក​សរុប​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់ជាង​មុន​ផងដែរ​។​

​យោងតាម​ក្រុមអ្នកវិភាគ​បានឱ្យដឹងថា ថ្ងៃ​ឈប់សម្រាក​រយៈពេល​១០ ថ្ងៃ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ការឡើង​គ្រងរាជ្យ​របស់​ព្រះ​ចៅ​អធិរាជ Naruhito ដែល​បានចាប់ផ្តើម​យុគសម័យ​អធិរាជ​ថ្មី​មួយ​ក្នុងប្រទេស​ជប៉ុន​ក៏​ជា​ចំណែក​មួយ​ក្នុងការ​បង្កើន​តួលេខ​នេះដែរ​៕ AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114