ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​ថ្នាំញៀន​១៥​កញ្ចប់ ក្នុង​ភូមិ​ភ្នំ​កុយ​

​ប៉ៃលិន ​៖ កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​សុក្រ ០៩​កើត ខែស្រា​ពណ៌ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៩ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ចុះបង្ក្រាប​ករណី​ជួញដូរ នូវ​សារធាតុ​ញៀន​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​វត្ថុតាង មួយចំនួន។​

​បើតាម​លោក​វរសេនីយ៍ទោ រី តារា អធិការនគរបាល​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា​ ៖ ការបង្ក្រាប​ករណី​ខាងលើ ​គឺធ្វើឡើង​ដោយមាន​ការសហការ​គ្នា​ជាមួយ​នគរបាល​ស្រុក​កំរៀង ខេត្ត​បាត់ដំបង តាមរយៈ​ការ​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ជា​យូរ​មកហើយ និង​តាមរយៈ​ខ្សែ​បណ្តាញ​សំងាត់ ទើប​នគរបាល​កំណត់​មុខសញ្ញា​បានតែ​ម្តង។​

លោក​អធិការ បាន​បន្តថា​ ជនសង្ស័យ​ដែល​ឃាត់​ខ្លួន ​ឈ្មោះ ឃុ​ត ប្រាក់ ហៅ ប្រាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំណែក​វត្ថុតាង ដែល​សមត្ថកិច្ច​រឹប​អូស​បាន​រួមមាន ៖ ១/​ម្សៅ​ក្រាម​ ពណ៌​ស ដែល​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន ចំនួន១៥​កញ្ចប់ (០៣ កញ្ចប់​ធំ និង ១២​កញ្ចប់​តូច​) ,​ទី​២/​ប្រាក់រៀល​​៩,៩៥០,០០០ (​ប្រាំបួន​លាន ប្រាំបួន​សែន ប្រាំ​ម៉ឺន​រៀល​) ,​ទី​៣/​ប្រាក់​បាត ៤៧,០០០ បាត​( បួន​ម៉ឺន​ប្រាំពីរ​ពាន់​បាត​) ,​ទី​៤/​ប្រាក់​ដុល្លារ ៣០៥​ដុល្លារ (​បី​រយ​ប្រាំ​ដុល្លារ​) និង​ ទី​៥/​លោហធាតុ ពណ៌​លឿង​មាន (​ខ្សែក​)​ចំនួន​០១​ខ្សែ (​ខ្សែដៃ​)​ចំនួន​០១​ខ្សែ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​ប្រគល់ឲ្យ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដើម្បី​ចាត់ការ​បន្ត​ផងដែរ ព្រោះ​ជា​ជនសង្ស័យ ដែល​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំរៀង​កំណត់​មុខសញ្ញា ដើម្បី​ចាប់​ខ្លួន​ផងដែរ​៕

​ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114