ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​និយាយថា មនុស្ស​៥​នាក់​បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ធ្វើតេស្ត​រ៉ុក្កែត​ដ៏​អាថ៌កំបាំង

ទីភ្នាក់ងារសារព័ត៌មាន RIA បាន​រាយការណ៍​ថា ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែ​រ​រដ្ឋ Rosatom របស់​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ថា បុគ្គលិក​របស់ខ្លួន​ចំនួន​៥​នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​ឧប្បត្តិហេតុ​មួយ​អំឡុង​ការធ្វើ​តេស្ត​នៅ​ទីតាំង​យោធា​មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​រុស្ស៊ី​។​

​ដោយ​ដកស្រង់​ប្រភពពី Rosatom, ភ្នាក់ងារ​ព័ត៌មាន RIA បាន​រាយការណ៍​ថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​អំឡុង​ការធ្វើ​តេស្ត​លើ​ម៉ាស៊ីន​រ៉ុក្កែត​មួយ​។​

Rosatom ត្រូវបាន​ដកស្រង់​សម្តី​ដែល​បាន​និយាយថា បុគ្គលិក​របស់ខ្លួន​ចំនួន​បីនាក់​ទៀត​បាន​រងរបួស​ក្នុង​កម្រិត​ខុសៗ​គ្នា​អំឡុង​គ្រោះថ្នាក់​នោះ​ដោយ​រួមទាំង​រង​ការ​រលាក​ផងដែរ​។ ពួកគេ​បានទទួល​ការព្យាបាល​ចាំបាច់​នៅក្នុង​កន្លែង​មាន​ជំនាញ​។​

​មុននេះ អាជ្ញាធរ​រុស្ស៊ី​បាន​និយាយថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​ឧប្បត្តិ​ហេតុនេះហើយ​ទីក្រុង​ក្បែរ​នោះបាន​រាយការណ៍​ថា​មានការ​កើនឡើង​នូវ​កម្រិត​ជាតិ​វិទ្យុសកម្ម​នៅពេល​ម៉ាស៊ីន​រ៉ុក្កែត​ផ្ទុះឡើង​នៅ​កន្លែង​ធ្វើតេស្ត​មួយ​ក្នុង​តំបន់ Archangelsk កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ជា​លទ្ធផល អាជ្ញាធរ​និយាយថា ពួកគេ​ត្រូវ​បង្ខំចិត្ត​បិទ​ផ្នែក​មួយ​នៃ​ឈូង​សមុទ្រ​ក្នុង​សមុទ្រ​ស​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា អ្នកស្រុក​បាន​ស្តុក​ទុក​នូវ​ជាតិ​អ៊ីយ៉ូដ​ដែល​ប្រើ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការ​សាយភាយ​ជាតិ​វិទ្យុសកម្ម​បន្ទាប់ពី​គ្រោះថ្នាក់​នេះ​។​

​យ៉ាងណាក្តី​ក្រសួងការពារជាតិ​រុស្ស៊ី​បានផ្តល់​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​អំពី​គ្រោះថ្នាក់​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​បាន​និយាយ​ពីដំបូង​ថា គ្មាន​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ត្រូវបាន​បញ្ចេញ​ទៅក្នុង​បរិយាកាស​ទេ​ហើយ​កម្រិត​ជាតិ​វិទ្យុសកម្ម​មិនបាន​ផ្លាស់ប្តូរ​ឡើយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា ការផ្ទុះ​ម៉ាស៊ីន​រ៉ុក្កែត​នេះ​អាច​កើតឡើង​នៅ​ទីតាំង​សាកល្បង​អាវុធ​មួយ​នៅ​ជិត​ភូមិ Nyonoksa​។​

​របាយការណ៍​ទាំង​នោះបាន​និយាយថា តំបន់​មួយ​នៅ​ជិត​ភូមិ Nyonoksa ត្រូវបាន​ប្រើ​សម្រាប់​ការសាកល្បង​អាវុធ​រួមទាំង​មី​ស៊ី​ល​ផ្លោង​ដែល​ប្រើ​ដោយ​កងទ័ពជើងទឹក​រុស្ស៊ី​ផងដែរ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114