ព័ត៍មានទាន់​ហេតុការណ៏
Search

សិលាចារឹក​មួយ​ផ្ទាំង ស្ថិត​នៅ​ក្នុង​សម័យ​អង្គរ សតវត្ស​ទី​១១ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​មក​រក្សាទុក​និង​អភិរក្ស​នៅ​ក្នុង​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ

​​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​រសៀល​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៩ លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើការ​ប្រគល់ និង​ទទួល​សិលា​ចារឹក​មួយ​ផ្ទាំង នៅ​វត្ត​ពុទ្ធោ​អរហំ ហៅ​វត្តភ្នំ​ដី ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​យក​មក​រក្សាទុក និង​អភិរក្ស​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ។

នៅក្នុង​ការប្រគល់ ​និង​ទទួល​សិលាចារឹក​នេះ​ គឺមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ ​នៃ​ការិយាល័យ​បេតិកភណ្ឌ , ការិយាល័យ​សារមន្ទីរ​, នគរបាល​ការពារ​បេតិកភណ្ឌ ​នៃ​ស្នងការ​នគរបាល​ខេត្ត​, ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក លោក​មេឃុំ​ក្រសាំង គណៈកម្មការ និង​លោក​ចៅអធិការ វត្ត​ពុទ្ធោ​អរហំ ហៅ​វត្តភ្នំ​ដី ព្រមទាំង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ ដើម្បី​ធ្វើជា​សាក្សី ស្ថិត​ក្នុង​បរិយាកាស​ការ​សហការ​​ប្រកបដោយ​សេចក្ដី​រីករាយ។

សិលាចារឹក​ ដែល​ទទួល​បាន​ គឺ​ធ្វើ​ពី​ថ្ម​ភក់ ស្ថិត​នៅ​ក្នុង​សម័យ​អង្គ​រ សតវត្ស​ទី​១១ យកចេញ​ពី​ប្រាសាទ​ត្រពាំងរូង មាន​ទំហំ កម្ពស់ ១.០២​ម ទទឹង​០.៤៥​ម និង​កម្រាស់ ០.៣៥​ម មាន​សរសេរ​អក្សរ​ទាំង​បួន​ជ្រុង ប៉ុន្តែ​សិលាចារឹក​នេះ​មានការ​សឹករិចរិល​រលុប​អក្សរ​អស់​មួយ​ចំនួន និង​បែក​នៅ​ផ្នែក​ខ្លះ​។ បច្ចុប្បន្ន​សិលាចារឹក​នេះ ​ត្រូវបាន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​វប្បធម៌​ បាន​ដឹក​យកមក​រក្សាទុក និង​អភិរក្ស​នៅក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តឧត្ដរមានជ័យ​៕​

ដោយ ​៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114