ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គួច ចំរើន អំពាវនាវ​ដល់​បុគ្គល​ដែល​ពាក់ព័ន្ធ​រំលោភ​ដី​អូរ​ ឲ្យ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស្តារ​ដី​អូរ​ឡើង​វិញ

ព្រះសីហនុ ​៖ ​ក្នុង​ពេល​បើក​យុទ្ធនាការ ស្តារ កាយ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​ក្នុង​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ​ឆ្នាំ​២០១៩​ ដើម្បី​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ ដែល​តែងតែ​ជន់​លិច​តំបន់​ទំនាប​ក្នុង​ក្រុង​ពេល​មាន​ភ្លៀង​ខ្លាំង​ម្តងៗ​នោះ លោក​គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ​ដើម្បី​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន​ជោគជ័យ ​បញ្ហា​ ទឹក​ភ្លៀង​ជន់​លិច ក្រុងព្រះសីហនុ មិន​ឲ្យ​កើតមាន ​តទៅ​ទៀត លោក បាន​ស្នើ​សុំ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការរំលោភ​ដី​អូរ ប្រឡាយ​ទាំងអស់ រួមសហការ​ជាមួយ​អាជ្ញាធរ ដើម្បី កែលំអ​ប្រព័ន្ធ​ប្រឡាយ អូរ ឲ្យ​មាន​ភាពល្អប្រសើរ​វិញ។ ​ពីព្រោះ​ថា បញ្ហា​ទឹកភ្លៀង​ជន់​លិច ដោយសារ​តែ​ប្រព័ន្ធ​ប្រឡាយ​អូរ តូច​ចង្អៀត ស្ទះ​ចរន្តទឹក​ហូរ​មិនទាន់ ទើប​កើតមាន​ទឹក​ជន់​លិច ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​។ ក្នុង​ករណី បុគ្គល​ណា​ដែល​ពាក់ព័ន្ធ​រំលោភ​ដី​អូរ​ហើយ មិន​ព្រម សហការ​ជាមួយ​មន្ត្រី​ជំនាញ រដ្ឋបាល​ខេត្ត ​និង​មាន វិធានការ​តាម​ផ្លូវ​ច្បាប់ មិន​យោគយល់​ទៀត​ទេ។

ពាក់ព័ន្ធ​នឹង​យុទ្ធនា​កាយ ប្រឡាយ អូរ ខាងលើនេះ លោក គួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន ធ្វើការ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា មាន​ផ្ទៃដី​អូរ ប្រឡាយ​ភាគច្រើន​ក្នុង​ក្រុង​កំពុង​មាន​ការរំលោភ​យកធ្វើ​កម្មសិទ្ធិ ពី​ពលរដ្ឋ​ ឬ​ផ្នែក​ឯកជន​មួយចំនួន​តាមរយៈ​ការ​សង់ផ្ទះ​ស្នាក់នៅ​ឬ​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ជា​កម្ម​សិទ្ធិ ធ្វើ​ឲ្យ​ដី​អូរ ប្រឡាយ​រួម​តូច ស្ទះ​ចរន្តទឹក​ហូរ ដែល​ជា​មូលហេតុ​ធំ​នាំឲ្យ​កើតមាន​ជំនន់​ទឹកភ្លៀង​។ ជុំវិញ​បញ្ហា​នេះ ក្នុងនាម លោក ជា​ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នាំយក​គ្រឿងចក្រ​ទៅ​ស្តារ​កាយ​បើក​រំដោះ​ផ្លូវទឹក​តាម​តំបន់​ដែល​កំពុង​មាន​បញ្ហា​ជំនន់​ទឹក​ភ្លៀង បើទោះជា​មានការ​តវ៉ា​ជំទាស់​ពី​ពលរដ្ឋ​ខ្លះ​ ក្រោម​ហេតុផល​ថា​ បានរស់នៅ​ច្រើន​ឆ្នាំ​យ៉ាងណា​ក៏ដោយ ​ក៏​យុទ្ធនាការ​នេះ​មិន​ដកថយ​ដែរ​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ ពេលនេះ​គ្រឿងចក្រ​ជាង​១០​គ្រឿង ​បាន​និង​កំពុង​បញ្ជូន​មក​ខេត្ត​ព្រះសីហនុ ​ដើម្បី​ធ្វើ​ការកាយ​ជាបន្ទាន់​ក្នុង​ការបើក​មុខទឹក​អោយ​ហូរ​បាន​លឿន ហើយ​ចំពោះ​មុខ​នេះ​ប្រឡាយ​(​អូរ​១)​ គឺជា​ចំណុច​បន្ទាន់​មុនគេ​។​

​ដោយឡែក សម្រាប់ លោក​អ៊ី សុខ​ឡេង​ អភិបាលក្រុង​ព្រះសីហនុ​ឲ្យ​ដឹង​ដែរ​ថា ជាមួយនឹង​ការងារ​នេះ លោក តឹក រ៉េត​សំរេច ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ មូលដ្ឋាន​ក្រុងព្រះសីហនុ ​ក៏បាន​អញ្ជើញ​ប្រកាស បើក​ឲ្យ​អនុវត្តន៍​គម្រោង​ស្ដារ​ និង​កែលំអ​ប្រឡាយ​ជំហាន​១​ក្នុង​ភូមិ​៥​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ជា​តំបន់​ដែល​រង​ការ​ជន់​លិច​ជា​បន្តបន្ទាប់​ក្រោយពេល​មាន​ភ្លៀង​ម្តងៗ ​ដែល​ប្រើ​ប្រាស់​ថវិកា​ក្រសួងបរិស្ថាន​ផ្ទាល់​។​

ដើម្បី​រួមគ្នា​ដោះស្រាយ​ការងារ​នេះ លោក គួច ចំរើន បាន​ស្នើ​សុំ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការរំលោភ​ដី​អូរ ប្រឡាយ ទាំងអស់ រួមសហការ​ជាមួយ​អាជ្ញាធរ ​ដើម្បី​កែលំអ​ប្រព័ន្ធ​ប្រឡាយ អូរ ឲ្យ​មាន​ភាព ល្អ​ប្រសើរ ដើម្បី​កុំឲ្យ​មាន​ការ​ជន់​លិច​ទៀត​។​

​គួរ​រំលឹក​ផង​ដែរ​ថា គិត​ចាប់​ពីរ​ថ្ងៃទី​០២ រហូត មកដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩ នេះ ស្ថានភាព ទឹក​ជន​លិច បាន​វិល​មករក​សភាព​ធម្មតា​ជា​បណ្តើរ​វិញ ហើយ ដោយ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក៏​ដូច​ផ្លូវជាតិ លេខ​០៣ ​ដែល​រង​ការ​ជន់​លិច រយៈពេល​ប៉ុន្មាន​ថ្ងៃនោះ ត្រូវបាន​ទឹក​ស្រក​អស់​ពីលើ​ថ្នល់ ហើយ​នឹង​អាចធ្វើ​ដំណើរ​ទៅមក​បានជា​ធម្មតា គ្រាន់តែ​ស្ថានភាព​ផ្លូវ​រង​ការខូចខាត​ច្រើន ពិបាកធ្វើ​ដំណើរ​បន្តិច។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជន​លិច​រដ្ឋបាល​ខេត្ត ក៏បាន​បញ្ជូន​មន្ត្រី​ក្រុមការងារ កាកបាទ​ក្រហម​នាំ​យក​អំណោយ​ទៅ​ចែក​ជួន​ផងដែរ៕

ដោយ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114