ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាកណ្តាល​កម្ពុជា ២​រូប​កំពុង​បំពេញភារកិច្ច​នៅ AFF U-18 Championship 2019

កន្លងមក​កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​អាជ្ញាកណ្តាល​កម្ពុជា ០៣​រូប បានបញ្ចប់​ភារកិច្ច​ក្នុង​ពានរង្វាន់ AFF U-15 Championship 2019 នៅ​ប្រទេស​ថៃ ខណៈដែល ០២​រូប​ទៀត កំពុង​បំពេញភារកិច្ច​នៅក្នុង​ពានរង្វាន់ AFF U-18 Championship 2019 នៅ​ប្រទេស​វៀតណាម។

តាម​ប្រភព​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ មន្ត្រី​ទាំងពីរ​រូប​នោះ គឺ​លោក លឹម ប៊ុនធឿន ក្នុង​តួនាទី​ជាម​ន្ត្រី​កាត់សេចក្តី​លើ​ទីលាន និង​មួយរូប​ទៀត​គឺ​លោក សុន ច័ន្ទ​ភា​រិ​ទ្ធិ ក្នុងតួនាទី​ជា​ជំនួយការ​អាជ្ញាកណ្តាល​។ លោក​ទាំងពីរ នឹង​ត្រូវ​ចូលរួម​ជាមួយ​មន្ត្រី​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ២៤​រូប​ទៀត រួមមាន ថៃ​, ឡាវ​, វៀតណាម​, ឥណ្ឌូនេស៊ី​, មី​យ៉ាន់​ម៉ា​, សិង្ហ​បុរី​, ហ្វីលីពីន​, ម៉ាឡេស៊ី និង អូស្ត្រាលី។

​លោក លឹម ប៊ុនធឿន បាន​កាត់សេចក្តី​ក្នុង​ប្រកួត​រវាង​មី​យ៉ាន់​ម៉ា ទល់នឹង ហ្វីលីពីន កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ នឹង​ត្រូវ​បានជ្រើសរើស​ឲ្យ​កាត់​សេចក្តី​ក្នុងជំនួប​រវាង ឥណ្ឌូនេស៊ី ទល់នឹង ឡាវ ក្នុង​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ ដែល​សុទ្ធតែជា​ការប្រកួត​ក្នុង​ពូ​ល A ។

​គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា កម្ពុជា ក៏បាន​បញ្ជូន​យុវជន​របស់ខ្លួន​ទៅ​ចូលរួម​ក្នុងការ​ប្រកួត​កម្រិត​អាយុ​ក្រោម​១៨​ឆ្នាំនេះ​ផងដែរ ដោយ​ឆ្លងកាត់​ការប្រកួត ៣​លើក​កន្លងមក ក្នុង​ពូ​ល B ទទួល​បាន​លទ្ធផល​ដូចជា ចាញ់​អូស្ត្រាលី ៥-១ ឈ្នះ ថៃ ៤-៣ និង ចាញ់​ម៉ាឡេស៊ី ៣-០​។ ពួកគេ​នៅសល់ ២​ប្រកួត​ទៀត ដើម្បី​ស្វែងរក​ឱកាស​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត។

តាម​កាលវិភាគ កម្ពុជា នឹង​ត្រូវ​ជួប សិង្ហ​បុរី នៅ​ថ្ងៃទី​១៣ ខែសីហា និង​ជួប​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម ក្នុងជំនួប​បិទ​ពូ​ល នៅ​ថ្ងៃទី ១៥ ខែសីហា។ បច្ចុប្បន្ន កម្ពុជា មាន ៣​ពិន្ទុ ឈរ​លេខ​រៀង​ទី ៣ តាម​ពីក្រោយ ម៉ាឡេស៊ី វៀតណាម និង អូស្ត្រាលី៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114