ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​៣នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន

ភ្នំពេញ ​៖ ​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នៃ​អធិការ​នគរបាល​ ខណ្ឌ​ដូនពេញ​ធ្វើការ​ឃាត់ខ្លួន​២​ករណី​ផ្សេង​ពីគ្នា​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី​រក្សា​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​លើក​ទី​១ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១​ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​យប់ ​ដែល​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​ បាន​ឃាត់ខ្លួន​ជ​នសង្ស័យ​២​នាក់​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៩Eo​ ផ្លូវ​លេខ​៥ ​ភូមិ​១២​ សង្កាត់​ផ្សារកណ្តាល​ទី​១ ​ខណ្ឌដូនពេញ​ ទី​១​ឈ្មោះ សាន់ និមល ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​កម្មករ ​ស្នាក់នៅ​ផ្ទះ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​ភ្នំ​ពេញ ​ទី​២​ឈ្មោះ​ណុប រតនា​ ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ(ប្រុសធ្វើស្រី) ​មុខរបរ​នឹង​ទីលំនៅ​ពុំ​ពិតប្រាកដ។

វត្ថុ​តាង​ចាប់​យក​រួមមាន​ក្រាម​ស​ថ្លា​សង្ស័យ​ថា ​ជា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​តូច​ជា​របស់​ឈ្មោះ សាន់ និមល​ និង​ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មាន​បំពង់​កែវ ចំនួន​០២ ដ​ដែកកេះ​ចំនួន​០១​នឹង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ជា​របស់​ឈ្មោះ ណុប រតនា។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​លើក​ទី​២​គឺ​នៅ​ថ្ងៃអាទិត្យ​ទី​១១ ខែសីហា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​៣០នាទី នៅ​ចំណុច​មុខ​ផ្ទះ​សំណាក (​ឡេ ស៊ីហ្វី​ស​)​ទីតាំង​លេខ​២៥Eo​ ផ្លូវ​លេខ​៨១​ ភូមិ​០៧ សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សួន រតនា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ពុំ​ពិតប្រាកដ ស្រុកកំណើត ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ត្រូវ​បាន​ដកហូត​វត្ថុតាង​មាន​ក្រាម ​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​តូច នឹង​ជញ្ជីង​សម្រាប់​ថ្លឹង​មួយ​គ្រឿង​និង​ដែកកេះ​១ ដែល​ចាប់​យក​ពី​ឈ្មោះ សួន រតនា​។

សកម្មភាព​រឿងហេតុ​នៅ​ថ្ងៃ​ទី​១១ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង ២១​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ល្បាត​មកដល់​ចំណុច ផ្ទះ​២៥(​មុខ​ផ្ទះ​សំណាក់ ឡេ​ហ្សី​ហ្វី​ស​ផ្លូវ​៨១ ភូមិ​០៧ បាន​ឃើញ​ជនសង្ស័យ​ដើរ​ពេលនោះ កម្លាំង​ប៉ុស្តិ៍​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​០២​កញ្ចប់​តូច​និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ដែល​លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ ពីរ​ចំហៀង​ខាងឆ្វេង ហើយ​កម្លាំង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជា​មួយ​នឹង​វត្ថុ​តាង​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ធ្វើការ​សួរ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​តាមច្បាប់​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114