ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី Serena Williams បោះបង់​ការប្រកួត​ពាក់​កណ្តាល​ទី​ទុក​ឲ្យ​ជើងឯក WTA Toronto បាន​ទៅ​កីឡាការិនី Bianca Andreescu

កីឡាការិនី Serena Williams បាន​ស្រក់​ទឹកភ្នែក ពេល​មើល​ការ​ត្រៀមខ្លួន​របស់​នាង សម្រាប់​ការប្រកួត US Open បញ្ចប់​ទៅ​ដោយ​ខកចិត្ត​បែបនេះ កាលពី​ថ្ងៃអាទិត្យ ពេល​ដែល​បញ្ហា​ញាក់​សាច់ដុំ​ខ្នង បាន​បង្ខំ​ឲ្យ​នាង​ដក​ខ្លួន​ចេញពី​វគ្គ​ផ្តាច់ព្រ័ត្រ WTA Toronto ក្រោយ​លេង​បាន​៤​ប្រកួត​ប៉ុណ្ណោះ ដើម្បី​ផ្តល់​ជើងឯក​មួយ​នេះ ដល់​កីឡាករ​វ័យក្មេង​កាណាដា Bianca Andreescu ។

កីឡាការិនី Bianca Andreescu វ័យ​១៩​ឆ្នាំ បាន​ធ្វើ​ការ​នាំ​មុខ​មុន 3-1 ពេល​ដែល​កីឡាការិនី Williams ដែលជា​ជើងឯក Grand Slam២៣​ជំនាន់ យល់​ឃើញ​ថា នាង​មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​។

នាង​បាន​ហៅ​គ្រូពេទ្យ​ឲ្យ​មក​ពិនិត្យ​ស្ថានភាព​បញ្ហា​ខ្នង​របស់​នាង ប៉ុន្តែ​ត្រឹម​រយៈពេល​១​នាទី​ប៉ុណ្ណោះ ត្រូវបាន​អាជ្ញាកណ្តាល​គ្រប់គ្រង​ការប្រកួត បានប្រកាសថា នាង​ឈប់​ពី​ការប្រកួត​ហើយ​។

កីឡាការិនី Williams បាន​និយាយ​ថា នាង​ដឹង​ច្បាស់​ថា នាង​មិន​អាច​បន្ត​ការប្រកួត​បាន​ទៀត​ទេ​។ នាង​បន្ត​ថា នាង​បាន​ទទួល​ការ​ព្យាបាល​មុន​ការប្រកួត​មួយ​នេះ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ញាក់​សាច់ដុំ​ខ្នង ដែល​នាង​មាន​អារម្មណ៍​ថា ​ឈឺ​អំឡុង​ជ័យជំនះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃ​សៅរ៍​។

កីឡាការិនី Andreescu បាន​ដើរ​សំដៅ​ទៅ​កាន់​កៅអី​របស់​នាង Williams​ដើម្បី​និយាយ​លួងលោម​លើកទឹកចិត្ត​ដល់​នាង និង​បាន​ឱប​នាង ពេល​ដែល​នាង Williams ព្យាយាម​ទប់ទឹក​ភ្នែក​នោះ​។

កីឡាការិនី Williams​បាន​និយាយ​ថា នាង​សុំទោស​ដែល​ថ្ងៃនេះ នាង​មិនអាច​ធ្វើ​បាន​។ នាង​ខំព្យាយាម​ហើយ តែ​នាង​នៅតែ​មិនអាច​ធ្វើ​បាន​។ នាង​បាន​និយាយ​ថា បញ្ហា​ញ័រ​សាច់​នេះ បានចាប់ផ្តើម​ឡើង​ពេល​ដែល​នាង​ឈ្នះ​កីឡាការិនី​ឆេ​ក Marie Bouzkova កាលពី​ថ្ងៃ​សៅរ៍ ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114