ព័ត៍មានទាន់​ហេតុការណ៏
Search

វណ្ណ ម៉ូ​នី​កា បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​ទៅ​សម្ងំ​រក​ស៊ី​ជំនួញ​អចលនទ្រព្យ​យ៉ាង​ត្រជាក់​ល្ហឹម​

​ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​ចង្កា​ស្រួច ​កញ្ញា វណ្ណ ម៉ូ​នី​តា មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ត្រូវបាន​ទស្សនិកជន​កត់សម្គាល់​ឃើញថា ​តារា​ស្រី​រូបនេះ​ ហាក់​កាន់តែ​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ ​ពោល​គឺ​ខុស​ប្លែក​ខ្លាំង​កាលពី​គ្រា​មុន​ដែល​នាង​តែងតែ​លេចមុខ​ក្នុង​ការថត​សម្តែង​ភាពយន្ត​ និង​ឈុត​ខារ៉ា​អូខេ​ជាដើម​។​

​ការបាត់​វត្តមាន​របស់ ​តារា​ស្រី​កញ្ញា វណ្ណ ម៉ូ​នី​កា ពី​វិថី​សិល្បៈ​ពេលនេះ​បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​កើត​មន្ទិល​សង្ស័យថា ​នាង​អាច​ដកខ្លួន​ចេញពី​វិស័យ​សិល្បៈ​ ឬមួយ​មាន​គូ​កំណាន់ចិត្ត​ដែល​បិទ​សិទ្ធ​មិន​ឲ្យ​ឈ​ឈ្មោះ​លើ​ការងារ​សិល្បៈ​ផងដែរ​។​ ប៉ុន្តែ​យ៉ាងណាមិញ​ជា​ចម្លើយ​ឆ្លើយ​ប្រាប់​កម្ពុ​ជាថ្មី ​ស្រី​ស្រស់ វណ្ណ ម៉ូ​នី​កា បាន​បញ្ជាក់ថា​ គ្មាន​ប្រុស​កំណាន់​ណា​មក​ហាម​សិទ្ធ​ខ្លួន​ឡើយ ហើយ​ការបាត់​មុខ​ពី​សិល្បៈ​មួយរយៈ​នេះ​ក៏​ព្រោះតែ​រវល់​ការងារ​ខាងក្រៅ​។​

​កញ្ញា វណ្ណ ម៉ូ​នី​កា បាន​និយាយថា​អាជីព​សិល្បៈ​របស់​នាង​មិនបាន​ឈប់​នោះទេ​ គឺ​គ្រាន់តែ​ផ្អាក​សម្តែង​មួយ​រយៈពេល​ប៉ុណ្ណោះ ​ហើយ​គោលបំណង​សំខាន់​ដើម្បី​ពង្រឹង​មុខ​ជំនួញ​រកស៊ី​លើ​អចលន​ទ្រព្យ​ជាមួយ​ដៃគូ​របស់ខ្លួន​។ ​ម្យ៉ាងទៀត​ នាង​ក៏​អរគុណ​ផងដែរ​សម្រាប់​ទស្សនិកជន​មួយចំនួន​ដែល​នៅតែ​គាំទ្រ ​និង​ចង់​ឲ្យ​មាន​បង្ហាញ​វត្តមាន​ក្នុង​ការ​សម្តែង​លើ​វិស័យ​ភាពយន្ត​របស់​ខ្មែរ​។​

​តារា​សម្តែង​រូប​សម្រស់​ស្រស់​ឆើតឆាយ​ កញ្ញា វណ្ណ ម៉ូ​នី​កា បាន​បន្តថា​ សម្រាប់​ការងារ​សិល្បៈ​នាង​នៅ​បន្ត​ស្រលាញ់​ និង​បន្ត​ដដែល គ្រាន់តែ​ពេលនេះ ​សូម​យក​ពេល​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​ឲ្យ​រឹងមាំ​លើ​មុខ​ជំនួញ​ដីធ្លី​សិន​។ ​នាង​ថា​មិន​យូរ​ទៀត​ទេ ​នឹង​ទទួល​ឡើងវិញ​នូវ​រាល់​ការហៅ​ថត​សម្ដែង​ទាំង​វិស័យ​ភាពយន្ត​ និង​ការ​ថត​ឈុត​ឆាក​ខារ៉ាអូខេ​ឡើងវិញ​ ដើម្បី​បម្រើ​ជូន​ភាព​សប្បាយ​រីករាយ​ដល់​ទស្សនិកជន​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114