ព័ត៍មានទាន់​ហេតុការណ៏
Search

សិល្បករ​ល្បីៗ​​ជា​ច្រើន​រូប ​ចូលរួម​ចែក​អំណោយ​ដល់​ក្មេងៗ​នៅ​មណ្ឌល​កុមារ​កំព្រា​ព្រៃ​ជុំ

ភ្នំពេញ​ ៖ ​តារា​សិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​ បានបង្ហាញ​វត្តមាន​ចុះទៅ​ចែក​អំណោយ​ និង​ចែក​រំលែក​ក្តី​ស្រលាញ់​ជាមួយ​ក្មេងៗ ​ស្ថិតនៅ​មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​ ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧ​ត្តុ​ង ខេត្ត​កំពង់ស្ពឺ​។ ​សកម្មភាព​នេះ ​គឺ​ដឹកនាំ​ដោយ​ក្រុមការងារ​សប្បុរសធម៌​FTV Entertainment​ កាលពី​ថ្ងៃទី​០៩​ ខែ​សីហា​កន្លងមកនេះ​។​

​នៅក្នុង​សកម្មភាព​សប្បុរសធម៌​នោះ​ក៏មាន​ការចែករំលែក​ប​ទ​ពិសោធន៍​ជីវិត ​និង​ផ្ដល់​កម្លាំងចិត្ត​ពី​សំណាក់​សិល្បករ​មួយចំនួន​បន្ថែម​ពីលើ​ការ​ច្រៀង​រាំ ​និង​ប្រគល់​អំណោយ​ជូន​ផងដែរ​។ ​ម្យ៉ាងទៀត​ចំពោះ​អំណោយ​ដែល​ត្រូវបាន​ប្រគល់ជូន​នោះ​រួមមាន ៖ អង្ករ ថវិកា និង សម្ភារៈ​សិក្សា​មួយចំនួន​ផងដែរ។​

​លោក ឃិន ចិន្តា ហៅ​រ៉េ​ម ប្រធាន​សប្បុរសធម៌​បាន​បញ្ជាក់ថា​ អំណោយ​ទាំងនេះ ​គឺជា​ទឹកចិត្ត​របស់​អគ្គនាយក FTV Entertainment និង ក្រុមការងារ​ដែលជា​សិស្ស​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​ពី​តារា​ជើងចាស់ អ្នកនាង ស្វែង សុជាតា​។​ មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​មាន​កុមារ​កំព្រា​សរុប​ចំនួន​៤៥​នាក់ ​និង​មាន ​លោកគ្រូ អ្នកគ្រូ​ចំនួន​៩​នាក់​ កំពុង​ត្រូវការ​ការចូលរួម​ឧបត្ថម្ភ គាំពារ​។​

​នៅក្នុង​ពិធី​នោះដែរ ​ក្រុម​សប្បុរសធម៌​របស់ FTV Entertainment ក៏បាន​កៀរគរ​សមាជិក​សមាជិកា​របស់​គ្រួសារ​តារា​កម្ពុជា​ឲ្យ​ចូលរួម​បរិច្ចាគ​ជំនួយ​ជា កាតាប អង្ករ សៀវភៅ ប៊ិច នំ ទឹកដោះគោ ភេសជ្ជៈ និង ថវិកា​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ និង​កុមារៗ បន្ថែម​ពីលើ​ជំនួយ​របស់​ក្រុម FTV Enterteainment ផងដែរ​។

សូម​បញ្ជាក់​ថា FTV Entertainment ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ជំនួយ​ពី​សមាគម​អប់រំ​នៅ​បរទេស​ហើយ​FTV Entertainment បាន​បម្រើ​អារម្មណ៍​ប្រជាជន​កម្ពុជា​លើ​ផ្នែក​សិល្បៈ​កម្សាន្ត​ និង ការអប់រំ​ដ៏​សម្បូរ​បែប​ ដោយ​បាន​ធ្វើការ​រៀបចំ​ផលិត​វីដេអូ​កម្សាន្ត​ល្អៗ​ជាច្រើន​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114