ព័ត៍មានទាន់​ហេតុការណ៏
Search

សូត្រ ប៊ុន​ធី ជួប​កង កាំ​ង​វ៉ាន ខណៈ​ម៉​ង ដាំ មក​សងសឹក ហ៊ឹម សេរី នៅ​លើ​សង្វៀន SEATV

សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ចាស់ កង កាំ​ង​វ៉ាន (Kong Kangvan)​នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៧​ ខែ​សីហា ឆ្នាំ​២០១៩​នេះ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម។

​កង កាំ​ង​វ៉ាន នេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក​។ ​បើតាម ​លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV បាន​ប្រាប់​ឲ្យ​ដឹងថា កង កាំ​ង​វ៉ាន គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ថ្វីដៃ​ល្អ និង ខ្លាំង។ កង កាំ​ង​វ៉ាន នេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦៥​លើក ចាញ់​១៧​លើក និង ស្មើ​០១​លើក។​

​ចំណែក សូត្រ ប៊ុន​ធី គេ​ក៏​ជា​ជើង​ខ្លាំង​របស់​កម្ពុជា និង​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម តែ​ពេលនេះ​គេ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គ​.​ក្រ។ ក្រោយពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ជាង​៤០​លើក ដោយ​ឈ្នះ​៣២ លើក ចាញ់ ៥ លើក​និង​ស្មើ​៧​លើក​នោះ បានធ្វើ​ឲ្យ​គេ​មាន​បទពិសោធន៍​កាន់តែច្រើន​ក្នុងការ​ប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ គឺ​គ្មាន​ញញើត​ខ្លាច​ដូច​ពីមុន​នោះ​ឡើយ។ ប៊ុន​ធី មាន​ថ្វី​កែង ជង្គង់​និង​ទាត់​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​កណ្ដាប់ដៃ ក៏​ល្អ​ផង​ដែរ។​

​សូត្រ ប៊ុន​ធី មានកំនត់​ត្រា​ប្រកួត​ចំនួន​១១៦​លើក វាយ​ឈ្នះ​៩២​លើក ចាញ់​២០​លើក និង​ស្មើ​០៤​លើក​។ កណ្ដាប់ដៃ កែង ជង្គង់​និង​ជើង​ធាក់​របស់​ប៊ុន​ធី វាយ​ចេញ​ខ្លាំង​ និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ។ ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូរ​ដៃ​នោះ​ទេ ឲ្យ​តែ​គេ​យល់ថា ដៃគូ​អាច​បង្ក្រាបបាន គឺ​គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្ដួល​យកឈ្នះ​តែម្តង។ និយាយ​ពី​បច្ចេកទេស និង ​កលល្បិច​នោះ ប៊ុន​ធី​ គេ​មាន​ពេញ​ខ្លួន។​ ចាំមើល សូត្រ ប៊ុន​ធី គេ​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ជើងចាស់​កង កាំ​ង​វ៉ាន បានដែរ​ឬ​អត់?​។​

​អ្នក​ប្រដាល់​ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ នឹង​ទទួល​ស្វាគមន៍​ការ​មក​សងសឹក​របស់​អ្នក​ប្រដាល់​ថៃ ម៉​ង ដាំ (Mor ng Dam) ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ ម៉​ង ដាំ ដែល​ហ៊ឹម សេរី ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​ទម្ងន់​៥១​គ​.​ក្រ​ នៅ​ស្រុកថៃ ហើយ​ដែល​បាន​វាយ​ចាញ់​ហ៊ឹម សេរី ដោយ​ពិន្ទុ​មិន​អស់ចិត្ត​ កាលពី​ថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៩​កន្លងមក​នោះ។

​ម៉​ង ដាំ មកជួប​សេរី​ លើក​នេះ គឺ​ដើម្បី​សងសឹក​ដែល​សេរី​បាន​វាយ​ឈ្នះ​កាលពី​លើក​មុន​នោះ។ អ្នក​ប្រដាល់​ថៃ​ម៉​ង ដាំ ចាញ់​ពិន្ទុ​សេរី​ដោយ​ប្រផុតប្រផើយ​ប៉ុណ្ណោះ ហើយ​មួយទៀត​សេរី​គេ​ឈ្នះ​ក្នុង​លក្ខណៈ​លំបាក​បំផុត។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត៦៣លើក ឈ្នះ៥២លើក និង ចាញ់ ១១លើក មិនដែល​ស្មើ។

​ហ៊ឹម សេរី គេ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​មកហើយ ហើយក៏​មិនសូវ​ដែល​ចាញ់​នោះទេ។ សេរី វាយ​ចាញ់​ថៃ​តែ​២-៣​ដង​គត់ ក្នុងជំនួប​ច្រើនលើក​កន្លងមកនេះ។ សម្រាប់​លើក​នេះ មិនដឹងថា​ហ៊ឹម សេរី អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ទៀត​ដែរ ​ឬ​អត់​នោះទេ​?។

​ការប្រកួត​នៅក្នុង​ស្រុក ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​នេះ ហាក់​គ្មាន​អ្នក​ប្រដាល់​រួម​ជាតិ​ណា​រួម​ជាមួយនឹង​ថៃ​ផងដែរ ដែល​អាច​វាយ​ឈ្នះ​ហ៊ឹម​សេរី​ នោះឡើយ ពោលគឺ​ សេរី​ វាយ​ឈ្នះ​សឹងតែ​អស់​ទៅហើយ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​នេះ។​ ប៉ុន្តែ​ការប្រកួត​លើកចុងក្រោយ​នេះ ជួប​ជាមួយ​ ម៉​ង ដាំ​នោះ ហ៊ឹម សេរី ហាក់​វាយ​មិន​បានល្អ​ឡើយ ស្នៀត​កណ្ដាប់ដៃ និង​ជង្គង់​កែង​របស់​សេរី ​ចេញ​មិន​រួច​ទាល់តែសោះ ដែល​ធ្វើ​ឲ្យ​ការប្រកួត​ជាមួយ​ម៉​ង ដាំ នេះ ឈ្នះ​ប្រផុតប្រផើយ ​និង​លំបាក​បំផុត។ ហ៊ឹម​ សេរី មាន​ប្រវត្តិ​ប្រកួត​៨៩​លើក ក្នុងនោះ​វាយ​ឈ្នះ​៧៣​លើក​ចាញ់​១៥​លើក និង ស្មើ ០១​លើក ។​

​ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​ហ៊ឹម សេរី និង ម៉​ង ដាំ នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះ​នោះទេ ព្រោះថា​ការជួប​ប្រកួត​គ្នា​លើក​នេះ ហ៊ឹម សេរី គេ​បាន​ស្គាល់​ពី​ថ្វីដៃ​របស់​អ្នក​ប្រដាល់​ថៃ​រួចហើយ។ ហើយ​មួយទៀត​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​ជើង​ខ្លាំង​ផង​នោះ ដូច្នេះ​មិន​ងាយ​ស្រួល​ឲ្យសេរី​យកឈ្នះ​បាន​ងាយៗ​នោះទេ។ ចាំមើល ហ៊ឹម សេរី អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ ម៉​ង ដាំ បាន​ទៀត​ឬ​អត់?៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114