ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ោ ភា​រិ​ទ្ធ ជួប កា​ថា​វុ​ធ ឯ ឡុង វ៉ៃ ជួប ស៊ី​ប ម៉ឺន នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា គឺ​ប៉ោ ភា​រិ​ទ្ធ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង អ្នក​ប្រដាល់​ជើង​ថ្មី​របស់​កម្ពុជា​ឡុង វ៉ៃ ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ។​

​ប៉ោ ភា​រិ​ទ្ធ ឬ យ៉េន ឌី​ណា នេះ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ កា​ថា​វុ​ធ សរ​.​វ៉ា​ត់​ចា​រ៉ា ជី​ម​(Kathawut Sor.Watchara Gym) ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។​

​កា​ថា​វុ​ធ ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ។ បើតាម​ប្រវត្តិ​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​បង្ហាញថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិនអាច​មើលស្រាល​បានទេ។ គេ​ល្អ​ទាំង​ការ​ការពារ និង វាយលុក។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ​៦៤​លើក និង​ចាញ់​១១​លើក។ តើន​រណា​ជួប​សំណាងល្អ រវាង​ប៉ោ ភា​រិ​ទ្ធ និង កា​ថា​វុ​ធ​សរ​.​វ៉ា​ត់​ចា​រ៉ា ជី​ម?។​

​ប៉ោ ភា​រិ​ទ្ធ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស ប៉ោ ភា​រិ​ទ្ធ នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​កា​ថា​វុ​ធ តែប៉ុណ្ណោះ។ ប៉ោ ភា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​មិនតិច​ក្រោម​១០០​លើក​នោះទេ។ ក្នុង​កំណត់ត្រា​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦៧​លើក ចាញ់​១១​លើក និង ស្មើ​០៥​លើក។ ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ សេន ឃុ​ម ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០៣ ខែ​សីហា​ ឆ្នាំ​២០១៩។​

​មួយរយៈ​នេះ ប៉ោ ភា​រិ​ទ្ធ ព្យាយាម​ស្ដារ​កេរ្តិ៍​ឡើងវិញ​សម្បើម​ណាស់ តែ​អ្វីៗ​នៅ​មិនទាន់​វិល​មក​ដូច​ដើម​នៅឡើយ​ទេ។ បន្ទាប់ពី​ស្រុត​ចុះ​ខ្លាំង​នោះ ស្ទើរតែ​គ្រប់​សង្វៀន​ទាំងអស់ មិនមាន​សង្វៀន​ណាមួយ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ប្រដាល់​រូបនេះ​បាន​ឡើង​ប្រកួត​ឡើយ។ តែ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​គេ​ធ្វើ​បានល្អ ដោយ​ក្នុងចំណោម​៧​ប្រកួត​ចាប់តាំងពី​គេ​វិល​មក​សង្វៀន​វិញ​នោះ គឺ​មិនទាន់​ស្គាល់​ចាញ់​នៅឡើយ​ទេ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ទាំង​ការការពារ ទាំង​ការវាយលុក​តែ​ជើង​ក្រោម​របស់​ភា​រិ​ទ្ធ​មិនជា​រឹងមាំ​នោះទេ តែ​បន្ទាប់ពី​គេ​ព្យាយាម​ហ្វឹកហាត់​ឡើងវិញ​នោះ គូប្រកួត​ក៏​មិន​ងាយ​នឹង​វាយ​ប្រហារ​ជើង​គេ​បានឡើយ។

​យ៉ាងណា គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៉ោ ភា​រិ​ទ្ធ អាច​យកឈ្នះ​កា​ថា​វុ​ធ ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើក​ដំបូង​នេះ​ទេ។ ចាំមើល រវាង​ប៉ោ ភា​រិ​ទ្ធ និង កា​ថា​វុ​ធ សរ​.​វ៉ា​ត់​ចា​រ៉ា ជី​ម នេះ តើន​រណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នោះ?។

​ចំណែក ឡុង វ៉ៃ អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ី​ប​ម៉ឺន ស៊ីត ឆែ​ធុន​ថា​ម​(Sibmuen Site Chethuntham)​ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៨​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។​

​ស៊ី​ប​ម៉ឺន អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​ប៉ុន្មាន​លើក​ហើយ​កន្លងមក គ្រាន់​តែ​ពុំ​ធ្លាប់​ប៉ះ​ជាមួយ​ឡុង វ៉ៃ ដោយសារ​ឡុង​វ៉ៃ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទើបតែ​ឡើង​កូដ​នោះ។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ តាម​ការ​ឲ្យ​ដឹងពី​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ គឺ​គេ​មាន​កម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ល្អ ហើយ​រឹងមាំ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​នៅ​ស្រុកថៃ។ ស៊ី​ប​ម៉ឺន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​លើក ឈ្នះ​៥៦​លើក និង​ចាញ់​១២​លើក មិនដែល​ស្មើ។ មិនធម្មតា​ទេ ឡើង​ប្រកួត​ជិត​៧០​លើក ចាញ់​តែ​១២​លើក​នោះ​។​ដូច្នេះ​ឡុង វ៉ៃ មិនអាច​ធ្វេសប្រហែស​បានឡើយ។

​ឡុង វ៉ៃ គេ​ក៏​ទើប​មានមុខមាត់​ឡើង​ប្រកួត​ជាមួយ​ថៃ​ជា​លើក​ទី​១​ប៉ុណ្ណោះ។​ឡុង វ៉ៃ មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ខ្លាំង​នោះទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ជង្គង់ និង​កែង​គ្រាន់បើ​ដែរ។ ឡុង វ៉ៃ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​លើក ឈ្នះ​៤៣​លើក ចាញ់​១០​លើក និង​ស្មើ​ពិន្ទុ​២​លើក។​

​ចាំមើល ឡុង វ៉ៃ អាច​យកឈ្នះ ស៊ី​ប​ម៉ឺន​នេះ បានដែរ​ឬ​អត់​។ ឡុង វ៉ៃ គេ​ប្រកួត​ចុងក្រោយ​នេះ បាន​ផ្តួល​អ្នក​ប្រដាល់​ជើងចាស់​ហេង សំរាំង ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៣ ​ខែ​សីហា​ ឆ្នាំ​២០១៩។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ទេស សំខាន់ អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​កងពលតូច​លេខ​៧០ ត្រូវគេ​ផ្តល់​ឪ​កាស​ឲ្យ​ជួប​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​តក់​សោ​ភ័​ណ្ឌ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១គីឡូក្រាម។​

​ទេស សំខាន់ កាលពី​ជួប​ប្រកួត​ជាមួយ​តក់ សោ​ភ័​ណ្ឌ នៅលើ​សង្វៀន​ស្ទឹងមានជ័យ​នេះ​កាលពី​ថ្ងៃទី​០៤​សីហា​កន្លងមក​នោះ បាន​វាយ​ចាញ់​សោ​ភ័​ណ្ឌ​ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​អស់ចិត្ត​សុំ​សងសឹក​វិញ​នាពេលនេះ។

​ចាន់ កក្កដា អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​ជួប​ប្រកួត​ជាមួយ​នូវ ស៊ីណាន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើយ​ពុទ្ធ ភា​រិ​ន អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ដែរ៕

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114