ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​ទាំងអស់ ត្រូវ​បាត់បង់​តំណែង​ទីប្រឹក្សា ឬ​ជា​ជំនួយការ ហើយ​នៅសល់​មុខតំណែង​តែមួយ​ប៉ុណ្ណោះ​

​ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ សីហា បាន​ជូនដំណឹង​ទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ទាក់ទង​ការបាត់បង់​តំណែង​ជាទី​ប្រឹក្សា ឬ​ជំនួយការ របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​អាណត្តិ​ទី​៣​នេះ ក្រោយ​ការបោះឆ្នោត​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា មាន​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ មួយចំនួន​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា ឬ​ជា​ជំនួយការ មុនពេល​ជាប់​ឆ្នោត និង​មាន​មួយចំនួនទៀត ត្រូវបានតែងតាំង​មុខតំណែង​ជាទី​ប្រឹក្សា ឬ​ជា​ជំនួយការ ក្រោយពេល​ជាប់​ឆ្នោត​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ ដើម្បី​អនុវត្ត​ស្របតាម​គោលការណ៍ ដែល​ច្បាប់​បានកំណត់ សម្តេច​បញ្ជាក់ថា ចំពោះ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​ត្រូវបាន​តែងតាំង​ជាទី​ប្រឹក្សា ឬ​ជា​ជំនួយការ ដោយ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ ឬ​ប្រកាស​មុន​ជាប់ឆ្នោត​នោះ មុខតំណែង​ទីប្រឹក្សា ឬ​ជំនួយការ នឹងត្រូវ​បាត់បង់ និង​ជំនួស​ដោយ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ​ស្តីពី​ការទទួលស្គាល់​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ តាម​គោលការណ៍​លិខិត​ឯក​ត្ត​ភូត ដែល​ចេញ​មុន ត្រូវបាន​ជំនួស​ដោយ​លិខិត​ឯក​ត្ត​ភូត ដែល​ចេញ​ក្រោយ​។ ករណីនេះ សាមីខ្លួន​នៅសល់​មុខតំណែង​តែមួយ គឺជា​ប្រធាន ឬ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ​។ ទន្ទឹម​នោះ ចំពោះ​ការរៀបចំ និង​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ គឺ​សាមីខ្លួន​ម្នាក់ៗ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​មុខតំណែង​ជា​ប្រធាន ឬ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​ដោយឡែក​ចំពោះ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា ឬ​ជា​ជំនួយការ ក្រោយពេល​ជាប់ឆ្នោត​ហើយ​នោះ មុខតំណែង​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទាំងនេះ មិន​ត្រូវបាន​បាត់បង់​ឡើយ ដោយសារ ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា​មន្ត្រី​សាធារណៈ​ដែលមាន​អាណត្តិ​ត្រូវបាន​ជ្រើសរើស​ចេញពី​ការបោះឆ្នោត​។ ករណីនេះ សាមីខ្លួន​ត្រូវ​សម្រេចចិត្ត​ធ្វើការ​ជ្រើសរើស​យកមុខ​តំណែង​ណាមួយ​ក្នុងចំណោម​មុខតំណែង​ជាទី​ប្រឹក្សា ឬ​ជំនួយការ ឬ​ជា​ប្រធាន ឬ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​

​ខណ្ឌ អាណត្តិ​ទី​៣​។​

​ចំពោះ​ការរៀបចំ និង​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ គឺ​សាមីខ្លួន​ម្នាក់ៗ ទទួលបាន​ប្រាក់​បំណាច់ ឬ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​មុខតំណែង ដែល​បានជ្រើសរើស​នោះ​។ ដូច្នេះ អភិបាល​រាជធានី ខេត្ត​នីមួយៗ ធ្វើការ​ពិគ្រោះ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ផ្សព្វផ្សាយ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ចាត់ចែង​អនុវត្តតាម​គោលការណ៍​កំណត់​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114