ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អ៊ុំ​ រាត្រី ​ចូល​រួមយុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បរិភោគ​សាច់ជ្រូក​ឡើងវិញ​​

បន្ទាយមានជ័យ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ ​នៅ​ផ្សារ​ថ្មី ស្ថិតនៅ​ភូមិ​ផ្សារ​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ក្រុមហ៊ុន​ស៊ីភី​ សាខា​ខេត្ត​បន្ទាយមានជ័យ​បាន​បើក​យុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ចូលរួម​បរិភោគ​សាច់​ជ្រូក​ឡើងវិញ​ព្រោះ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​មិនអាច​ឆ្លង​ដល់​មនុស្ស​ទេ។

ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ថ្នាក់​ខេត្ត​ លោក អ៊ុំ ​រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ហ៊ឹល​ រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក​ប៉ាង ​សុ​វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត សមត្ថកិច្ច​៣​អង្គភាព ប្រធាន​មន្ទីរ ជុំវិញ​ខេត្ត​មន្ត្រី​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។ ​ក្នុង​ពិធី​នោះ ​លោក ឈួន ​ម៉ា​ណា តំណាង​ក្រុមហ៊ុន​ស៊ីភី​សាខា​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ​ក្រុមហ៊ុន​របស់លោក​ជា​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​ធំជាងគេ​នៅក្នុង​ស្រុក​ខែ្ម​រ ហើយ​អ្នកទទួល​ទិញ​បន្ត​ពី​ក្រុមហ៊ុន​របស់លោក​យក​មក​លក់​ចែ​ក​ចាយ​តាម​ស្តង់​កាប់​ជ្រូក ​មាន​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត​បន្ត​។

​លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្រុមហ៊ុន​របស់​លោក​ចេញពី​ប្រភព​ច្បាស់លាស់ និង​មាន​សុវត្ថិភាព ដោយ​មន្ត្រី​បសុពេទ្យ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ធានា​គុណភាព​សាច់ជ្រូក​ដល់​ប្រជាពលរដ្ឋ​យកទៅ​បរិភោគ​។​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ​ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា​ជ្រូក​មាន​ជំងឺ​រោគ​ប៉េស្ត​ពី​អា​ហ្វ្រិក​ឆ្លង​ដល់​មនុស្ស​ បណ្តាល​ឲ្យ​ស្លាប់​ ទើប​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង ​ហើយ​នាំគ្នា​ឈប់​បរិភោគ​សាច់ជ្រូក​បន្តទៀត ​ធ្វើ​ឲ្យ​អ្នកលក់​សាច់​ជ្រូច​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​ ដោយ​ហេតុ​នេះ​ហើយ ទើប​នៅ​​ថ្ងៃទី​១៣​នេះ​ លោក​អ៊ុំ​ រាត្រី ​បាន​បើក​យុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​បរិភោគ​សាច់ជ្រូក​ឡើងវិញ​ ព្រោះ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ និង​បង្ក​គ្រោះថ្នាក់​នោះទេ គឺ​វា​កើត​តែ​លើ​សត្វ​ជ្រូក​ដូចគ្នា​តែប៉ុណ្ណោះ​។

​លោក​បាន​បន្តថា ក្រោយពេល ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ បន្ត​បរិភោគ​សាច់​ជ្រូក អាជ្ញាធរ​គ្រប់​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​ពេទ្យសត្វ រួម​នឹង​មន្ត្រី​មួយចំនួនទៀត បាននាំគ្នា​ហូប​សាច់ជ្រូក​ខ្វៃ ក្នុង​កម្មវិធី​ពិសា​សាច់ជ្រូក​សុវត្ថិភាព​នាពេលនេះ ក្នុង​គោលបំណង​ចង់​បំផុស​ស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាមដាន​ជាប្រចាំ​របស់​ក្រសួង​ជំនាញ​កម្ពុជា មកទល់ពេលនេះ គឺ មិនមាន​ឆ្លង​មក​មនុស្ស​ទេ វា​ឆ្លង​តែ​ជ្រូក​ដូចគ្នា​តែប៉ុណ្ណោះ​។ ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ នៃ​ការិយាល័យ​បសុពេទ្យ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អាជីវករ​ដែល​ជា​អ្នក​ចិញ្ចឹម​ជ្រូក និង​លក់​សាច់ជ្រូក​បាន​ត្អូញត្អែរ ខណៈដែល​ការលក់​សាច់ជ្រូក​មានកា​រ​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់ ក្រោយពី​មានការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក ឬ​កាត់បន្ថយ​ការ​ទទួលទាន​សាច់ជ្រូក​នេះ​។ ​ដូច្នេះ​តាមរយៈ​ពិធី​ធ្វើឡើង​ពេលនេះ គឺ ចង់​បំផុសស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាម​ដាន​ជាប្រចាំ​របស់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​មកទល់ពេលនេះ គឺ មិនមាន​ឆ្លង​មក​មនុស្ស​ទេ ហើយ​សត្វ​ជ្រូក​ដែល​យក​ទៅ​កាប់​លក់​លើ​ទីផ្សារ សុទ្ធតែ​បាន​ឆ្លងកាត់​ការពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ហូប​សាច់​ជ្រូក​ឡើងវិញ ​កុំ​មានការ​ព្រួយ​បារម្ភ​ធ្វើ​អ្វី​បន្តទៀត​៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114