ព័ត៍មានទាន់​ហេតុការណ៏
Search

ស្អាត​ប៉ុណ្ណឹង​ដែរ ! សួង សាខា​រ៉ានី​ត បែរជា​មក​ហត់​ចិត្ត​ត្បិត​ជួបតែ​ស្នេហា​ក្លែងក្លាយ​ទៅវិញ​

​ភ្នំពេញ ​៖ ដោយសារតែ​មួយរយៈ​នេះ ​កំពុង​ជួប​នូវ​បញ្ហា​រឿងរ៉ាវ​ស្នេហា​បែកបាក់​ហាក់ដូចជា​មិន​សមប្រកប​តាម​បំណង​របស់ខ្លួន​បានធ្វើ​ឲ្យ​តារា​សម្តែង​ស្រី​កញ្ញា​សួង សាខា​រ៉ានី​ត​ កាន់តែ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ និង​បង្ហាញ​អារម្មណ៍​ឆ្អែត​ចិត្តខ្លាំង ​រហូត​ស្ទើរ​មិន​ចង់​ចេញមុខ​នៅ​ខាងក្រៅ​ដូច​កាលពី​គ្រា​មុនៗ​នោះឡើយ​។​

​តារា​សម្តែង​ស្រី​សម្តី​ផ្អែម ​កញ្ញា សួង សាខា​រ៉ានី​ត ថ្មីៗ​នេះ ​ត្រូវបាន​ប្រភពពី​រង្វង់​អ្នកសិល្បៈ​ស្និទ្ធ​ស្នាល​បាន​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ​គ្រា​ដែល​នាង​មិនសូវ​លេចមុខ​នៅក្នុង​ការសម្តែង​ខ្សែភាពយន្ត​ច្រើន​ដូច​កាលពីមុន​នោះ​ ព្រោះតែ​តារា​ស្រី​រូបនេះ​មាន​បញ្ហា​ផ្នែក​ផ្លូវចិត្ត​ដ្បិតតែ​ស្នេហា​ត្រូវ​បែកបាក់​ជាមួយ​សង្សារ​ជា​អ្នកជំនួញ​ដែល​រស់នៅ​ក្នុងស្រុក​ម្នាក់​។​

​ប្រភព​បាន​បន្តថា ​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆា​របស់​តារា​ស្រី សួង សាខា​រ៉ានី​ត និង​បុរស​វ័យ​ប្រហែល​គ្នា​នោះបាន​ចាប់ផ្តើម​ឡើង​ទើប​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ​ហើយក៏​ត្រូវ​ជួប​រឿង​បែកបាក់​គ្នា​តែម្តង​។​ដោយសារតែ​ហេតុផល​នេះ​ ទើប​ធ្វើ​ឲ្យ​សាមីខ្លួន​ កញ្ញា សួង សាខា​រ៉ានី​ត ជួប​រឿង​ពុំ​សប្បាយចិត្ត​ខណៈដែល​កន្លងមក ​នាង​ក៏​ធ្លា​ប់រង​ភាពឈឺចាប់​ ព្រោះតែ​បញ្ហា​បរាជ័យ​ស្នេហា​នេះ​ម្តង​ជា​ពីរ​ដង​រួច​មកហើយ​ដែរ​។​

​ឆ្លើយតប​សំនួរ​របស់​កម្ពុ​ជាថ្មី​ស្រី​ស្រស់​សួង សាខា​រ៉ានី​ត​ បាន​បញ្ជាក់ថា​ រឿងនេះ​ជា​ការពិតហើយ​នាង ​និង​បុរស​ជាស​ង្សារ​ទើបតែ​សម្រេច​ផ្តាច់​ការទាក់ទង​គ្នា​មាន​រយៈពេល​ប្រមាណ​ជាមួយ​ខែ​នេះ​ទេ​ចំណែក​មូលហេតុ​ដោយសារ​ពួកយើង​មានចិត្ត​គំនិត​មិនសូវ​ស្របគ្នា​ ពោល គឺ​មិន​ចុះសម្រុង​តែម្តង​។​នាង​ថា​ មួយរយៈ​នេះ ​អារម្មណ៍​ខ្លួនឯង​ហាក់​ច្របូកច្របល់​ស្ទើរតែ​រក​គិត​ធ្វើ​អ្វី​ឲ្យ​ល្អ​សម្រាប់​អនាគត​ជីវិត​គ្មាន​ផងដែរ​។​

​ខុសពី​តារា​ស្រី​ដទៃ​ដែល​ភាគច្រើន​តែង​ព្យាយាម​លាក់បាំង​រឿងរ៉ាវ​ស្នេហា ​ឬ​ការឈឺចាប់​ក្រោយពេល​បែកបាក់ ​កញ្ញា សួង សាខា​រ៉ានី​ត បាន​និយាយ​បែប​លេងសើច​ក្នុងន័យ​បន្លប់​អារម្មណ៍​ខ្លួនឯង​ទៀត​ថា ​គ្មានអ្វី​ត្រូវ​លាក់បាំង​នោះទេ ​ព្រោះនេះ​ជាការ​ពិត​។ ម្យ៉ាងទៀត​បើ​ខ្ញុំ​ប្រាប់​មហាជន​ថា​ ពេលនេះ​កំពុងតែ​ឈឺចាប់​ដោយសារ​រឿង​ស្នេហា​អាចមាន​បងប្អូន​មួយចំនួនធំ ​គឺ​គេ​នឹង​សើច​ហួសចិត្ត​ហើយក៏​ស្ទើរតែ​គ្មាន​អ្នក​ជឿ​ទៀតផង ​ដោយសារ​ខ្ញុំ​មានមុខមាត់​ស្អាត​ប៉ុណ្ណឹង​ដែរ បែរជា​មក​ត្រូវ​ឈឺចាប់​ស្នេហា​ទៅវិញ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114