ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មុខសញ្ញា​ចោរ​ជំនាញ​ខាង​លួច​ស្លាក​លេខ​រថយន្ត ​បាន​៥​នាក់​

ភ្នំពេញ ៖ មុខសញ្ញា​ចោរលួច​ដ៏​សកម្ម​ចំនួន​៥​នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បន្តបន្ទាប់ ​ក្រោយពី​ពួកគេ​បានធ្វើ​តាម​លួច​ស្លាក​លេខ​រថយន្ត​១​គ្រឿង​តែ​មិនបាន​សម្រេច​។​

ក្រុម​ជនសង្ស័យ​ទាំងនោះ ​ត្រូវបាន​កម្លាំង​ផ្នែក​យុត្តិធម៌ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់​ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​១៧៨ មុខ​ខ្លោងទ្វារ​ចូល​វត្ត​កោះ​ភូមិ​៥ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​ កាលពី​ម៉ោង​០១​រំលង​អធ្រាត្រ ​រហូតដល់​ម៉ោង​០៦​ទៀបភ្លឺ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ​ទី​១.​ឈ្មោះ​សាត វុត្ថា អាយុ​៣១​ឆ្នាំ ​ជនជាតិខ្មែរ​ មុខ​របរ​មិន​ប្រាកដ​ទីលំនៅ​មិន​ពិតប្រាកដ​, ទី​២.​ឈ្មោះ​ធឿន ប៊ុន​ថេ​ង អាយុ​២៩​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ​, ទី​៣.​ឈ្មោះ​រ៉ុ​ត ខ្លឹម​ពិ​ដា អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​, ទី​៤.​ឈ្មោះ​ឡេង រ៉ាវុធ អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ ​និង​ទី​៥.​ឈ្មោះ​ផើម យ៉ាង​ភូម អាយុ​២២​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ ចំណែក​វត្ថុតាង​ចាប់​យកបាន​រួមមាន ៖ ​ស្លាក​លេខ​រថយន្ត​មាន​លេខ ភ្នំពេញ​2 AE 2757 ចំនួន​០២​ខាងមុខ​ និង​ខាងក្រោយ​ និង​ឧបករណ៍​ធ្វើ​សកម្មភាព​មានដូចជា​ កូនសោ​សម្រាប់​ដោះ​ស្លាក​លេខ​រថយន្ត​មួយចំនួន ម៉ូតូ​មួយគ្រឿង​ម៉ាក​ICON ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1U 3625។​

សមត្ថកិច្ច​បន្តថា ​កម្លាំង​ជំនាញ​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​រក​បក្ខពួក សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លងមក​ និង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកទទួល​ទិញ​ស្លាក​លេខ​រថយន្ត​(​ទទួល​ផល​ចោរ​កម្ម​)​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុតាង ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ ៖ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114