ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សុខាភិបាល​រាជធានី បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​តាម​ខណ្ឌ សង្កាត់ និង​សហគមន៍​ក្រីក្រ​នានា​ក្នុង​រាជធានី ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​

​ភ្នំពេញ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ លោក ងី មាន​ហេង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​នេះ​ថា មន្ទីរ​បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​តាម​ស្ថាប័នរដ្ឋ សាលារៀន វត្ត​អារាម ខណ្ឌ សង្កាត់ ភូមិ និង​សហគមន៍​ក្រីក្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ខណៈដែល​ជំងឺ​នេះ ​កំពុងតែ​វាយលុក​យ៉ាង​ខ្លាំងក្លា​ និង​បាន​សម្លាប់​កុមារ​ជាច្រើន​នាក់​នោះ​។​

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការងារ​នេះ យុទ្ធនាកា​ជំហាន​ទី​១ បានចាប់ផ្តើម​កាលពី​ខែមករា​ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​បាន​ចំនួន​១២៦​លើក ដោយ​ប្រើប្រាស់​ម៉ាស៊ូត​អស់​ចំនួន​៥២៤០​លីត្រ ​និង​សាំង​អស់​ចំនួន​១១៧៥​លីត្រ ​និង​ថ្នាំ​សម្លាប់​មូស​៤០៩​លីត្រ​។ ចំនួន​ករណី​គ្រុនឈាម​ចាប់ពី​សប្ដាហ៍​ទី​១ ​រហូតដល់​សប្ដាហ៍​ទី​៣១ ​នៃ​ឆ្នាំ​២០១៩​ មាន​ចំនួន​៥២២៨​នាក់ រយៈពេល​ដូចគ្នា​មាន​ចំនួន​៣១៨៣​នាក់ ​នៅក្នុង​ឆ្នាំ​២០១៨​។ កុមារ​ស្លាប់​មាន​ចំនួន​៨​នាក់ ​ក្នុងចំណោម​៥២២៨​ករណី បើ​គិត​ត្រឹម​ចុង​សប្ដាហ៍​ទី​៣១​នេះ។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បានបញ្ជាក់​បន្ថែមថា អនុវត្តតាម​ការណែនាំ ​និង​ការយកចិត្តទុកដាក់​ពី​ លោក​ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ទីរ អនុវត្ត​យុទ្ធនាការ​ជំហាន​ទី​២ ដោយ​ចាប់ពី​កក្កដា ដល់​ខែកញ្ញា ២០១៩​នេះ។

លោក​បញ្ជាក់ថា ការបាញ់​ថ្នាំ​មូស​នេះ​យើង​បាញ់​នៅ​ទូទាំង​សង្កាត់​នៅក្នុង​ខណ្ឌ​ទាំង​១៤ លើក​លែង​តែ​ខណ្ឌ​៥​នៅ​កណ្តាល​ក្រុង មាន​សង្កាត់​ខ្លះ​យើង​មិនបាន​បាញ់​ទេ។ ការបាញ់​ថ្នាំ​មូស​នេះ ​គឺ​ខាង​មន្ទីរ​អនុវត្ត​តាម​ទិន្នន័យ​ដែល​យកមក​ពី​មន្ទីរពេទ្យ​កុមារ​ជាតិ​ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ បើ​ទិន្នន័យ​បញ្ជាក់​ថា​ នៅក្នុង​សង្កាត់​ណា ខណ្ឌ​ណា មាន​អត្រា ​នៃ​ជំងឺគ្រុនឈាម​កើតឡើង​ច្រើន​ចំពោះ​កុមារ​នៅ​ក្នុង​សង្កាត់​នោះ មន្ទីរ​ នឹងធ្វើ​សកម្មភាព​បាញ់ថ្នាំ​មូស​នៅក្នុង​សង្កាត់​នោះ ឲ្យ​បាន​ច្រើនជាងគេ ​ដើម្បី​ធ្វើ​យ៉ា​ង​ណា​ទប់ស្កាត់ ​និង​បង្ការ​ឲ្យ​បាន នូវ​គ្រុនឈាម​ដែល​បាននិងកំពុង​វាយលុក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​។ គ្មាន​ជម្រក​មូស​ខ្លា គ្មាន​មូស​ខ្លា គ្មាន​ការ​ចំលង​ជំងឺគ្រុនឈាម។​

​ក្នុងនាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក​ងី មាន​ហេង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​

​រស់នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា​ទាំងអស់គ្នា​។ លោក​ថា ទឹក​ដក់​ថ្លា​ជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅក្នុង​សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀង …. ជា​ជម្រក​មូស​ខ្លា​)​។​

​យើង​រួមគ្នា​លុបបំបាត់​ជម្រក​មូស​ខ្លា នៅក្នុង​សហគមន៍​​របស់​យើង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ចម្លង​ជំងឺគ្រុនឈាម​។ មូស​ខ្លា​ជា​ភ្នាក់ងារ​ចំលង​ជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាម​មិនមែនជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ទេ​។ ការ​ទុកដាក់​សំបក​កង់ឡាន ម៉ូតូ​ហាលភ្លៀង​នៅក្នុង​សហគមន៍ គឺជា​ការ​បង្កើត​ជម្រក​មូស​ខ្លា​ក្រោយពេល​ភ្លៀង​ធ្លាក់​។​

​មូស​ខ្លា​មិន​ពង​ដាក់​ក្នុង​ទឹកស្អុយ លូ និង​ទឹកល្អក់​ទេ​។ មូស​ខ្លា​ពង​ដាក់​ក្នុង​ទឹក​ដក់​ថ្លា គ្មាន​ក្លិនស្អុយ ទឹក​ក្នុង​ថូផ្កា ទឹក​ក្នុង​ទម្រ​ជើង​ទូ​ចាន ទឹក​ដក់​នៅក្នុង​ចាន​ស្នោ​ និង​កែវ​ជ័រ​ដែល​ចោល​ហាលភ្លៀង ទឹក​ដក់​លើ​ថង់​ប្លាស្ទិក​ចោល​ហាលភ្លៀង ។​ល​។ ​ការដាក់​អា​បែ​ត​ក្នុង​ពាង​និង​អាងទឹក​ដើម្បី​សម្លាប់​ដង្កូវ​ទឹក​ជាការ​រួមចំណែក​ទប់ស្កាត់​ការកកើត​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114