ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ខ្សាច់ បុក ​និង​កិន​អ្នកជិះ​ម៉ូតូ​ជាប់​ក្រោម​កង់ ​ស្លាប់​ម្នាក់ ​និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​

​ភ្នំពេញ ​៖ បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅក្រោម​រថយន្ត​ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ​បន្ទាប់ពី​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ បុក​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្ដាលឲ្យ​កៀប​ជាប់​ខាង​ក្រោម​រថយន្ត​អូស​ប្រមាណ​ជាង​៤០​ម៉ែត្រ​ ទើប​អស់​ល្បឿន​ ហើយ​អ្នកបើកបរ បាន​ចុះ​ដាក់​មេប្រូច​បាត់ស្រមោល​កាលពី​វេលា​ម៉ោង១១​និង​២០​នាទី​ថ្ងៃត្រង់​ ទី​១៣ ​ខែ​សីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​បុរី​ហាយ​លែ​ន ​ក្នុងភូមិ​ក្តី​ចាស់​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ភ្លាមៗ​ ជនរងគ្រោះ ​ត្រូវ​បាន​គេ​​ស្គាល់ឈ្មោះ រស់​ បន ​ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ ​រស់នៅ​ឃុំ​រាម ​ស្រុក​រមាសហែក​ ខេត្តស្វាយរៀង​ ជា​កម្មករសំណង់ ក្នុង​បុរី​ហាយ​លែ​ន ដោយ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ០១៦​ ពាក់​ស្លាក​លេខ ស្វាយរៀង​1I 6881 ជិះ​គ្នា​បីនាក់​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក ដេ​វូ​ពណ៌​ស គ្មាន​ស្លាក​លេខ ជា​ប្រភេទ​យី​ឌុប ​ដឹក​ខ្សាច់ បើកបរ​ដោយ​បុរស​ម្នាក់​បាន​រត់គេចខ្លួន​បាត់។​

តាម​សាក្សី​បានឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ជិះ​គ្នា​៣​នាក់​ ដោយ​ក្មួយ​ជនរងគ្រោះ​ដែល​ស្លាប់​ ជា​អ្នក​ឌុប ​កូន​ជនរងគ្រោះ​ជិះ​ពីក្រោយ​ ជនរងគ្រោះ​ស្លាប់​ជិះ​កណ្តាល ធ្វើ​ដំណើរ​តាមផ្លូវ បេតុង​ក្នុង​បុរី​ហាយ​លែ​ន ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ទៅ​ហូបបាយ​ថ្ងៃត្រង់ ​ខណៈ​ពេលមកដល់​កន្លែងកើតហេតុ​ មាន​រថយន្ត​មួយគ្រឿង​ធ្វើដំណើរ​ស្របគ្នា មក​បុក​ពី​ក្រោយ​ ហើយ​កិន​ម៉ូតូ​គាប​ជាប់​ក្រោម​រថយន្ត អូស​​​ប្រមាណ​ជាង​៤០​ម៉ែត្រ បណ្តាលឲ្យ​ស្លាប់​ក្រោម​រថយន្ត​យ៉ាង​អាណោចអាធ័ម ​និង​អ្នករួមដំណើរ​២​នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​

តាម​សាក្សី​បាន​ឲ្យ​ដឹងទៀតថា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់​ស្រមោល​តែម្តង។​

​ក្រោយហេតុការណ៍ សមត្ថកិច្ច​ចុះទៅ​វាស់វែង​នៅ​កន្លែងកើតហេតុ​ ក៏បាន​យក​រថយន្ត​បង្ក​ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ៕

ដោយ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114