ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្លាយ​របាយការណ៍​លម្អិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាក់ទង​មូលហេតុ​ការចាប់ខ្លួន​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ចំនួន​៣​នាក់​

​ភ្នំពេញ​ ៖​ របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ កាលពី​ចុងខែ​កក្កដា ហើយ​ដែល​ទើប​ធ្លាក់​ដល់ដៃ​អ្នកសារព័ត៌មាន​បាន​បញ្ជាក់​ថា មន្ត្រីជាន់ខ្ពស់ ​នៃ​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ បាន​ប្រព្រឹត្តិ​អំពើពុករលួយ ដោយ​កិបកេង​លុយ​ល្មើស​យ៉ាង​ច្រើន​ករណី ដែល​គិត​ជា​ប្រាក់​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​។​

​តាម​របាយការណ៍​នោះបាន​បង្ហាញថា ករណី​វីតិក្រម រំលោភ​អំណាច និង​សម្អាត​ប្រាក់ ដែល​ប្រព្រឹត្ត​ដោយ​ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី (​ដ​.​ន​.​ស​) ខេត្តពោធិ៍សាត់ ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ និង​ឈ្មោះ តែ ប៊ុន​ថេ​ង មន្ត្រី តាំងពី​ឆ្នាំ​២០១៦​មក និង​ជាពិសេស​កាលពី​ថ្ងៃទី​២៦ និង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់​។ តាម ACU តាំងពី​ដើមឆ្នាំ​២០១៨​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) បាន​កត់ត្រា​ដោយ​យកចិត្ត​ទុក​ដាក់ និង​តាមដាន​អត្ថបទ​កាសែត​នានា ដែល​បាន​ចុះផ្សាយ​ពី​ភាពមិនប្រក្រតី​របស់ លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ពោធិ៍សាត់​។​

​បើតាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​បង្ហាញថា នៅ​ខែសីហា ឆ្នាំ​២០១៨ អ​.​ប​.​ព បានឃើញ​មាន​ពាក្យ​ប្តឹង​មកលើ​ លោក លៀម ប៊ុន​រឿន ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាច្រើន ក្នុងនោះ​មួយចំនួន ម្ចាស់​បាន​ចម្លងជូន អ​.​ប​.​ព ផងដែរ ហើយ​មួយចំនួន​ប្តឹង​ត្រង់​មក អ​.​ប​.​ព​. ដែលមាន​ខ្លឹមសារ ដូច​ប្ដឹងទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែរ​។​

​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១៨ តាម​លិខិត​លេខ ៤៨៤/១៨ លត​.​អប​. ប្រធាន អ​.​ប​.​ព​. បាន​ឲ្យ​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ ដ​.​ន​.​ស ខេត្ត​ពោធិ៍សាត់​បំភ្លឺ​២​ករណី (​ករ​ណី​ដែល​គាត់​ទារលុយ​ពី​ឈ្មោះ ខ ទ ចំនួន​ពីរម៉ឺន​ដុល្លារ សម្រាប់​ការចុះបញ្ជី​ដី​មួយកន្លែង ហើយ​ពេល​បាន​លុយ​ហើយ​បង្កក​ទុក​មិន​ព្រមធ្វើ​ឲ្យ​គេ​ទៀត អស់​រយៈពេល​ជាង​៥​ខែ រហូត​ប្តឹង​មក អ​.​ប​.​ព​. ទើប​គាត់​ចេញ​ប័ណ្ណ​ឲ្យ​គេ និង​ករណី​លោក លៀម ប៊ុន​រឿន ទារលុយ​លើស​ពី​តម្លៃ​សេវា​សាធារណៈ ៥៥០USD ពេល​ដែល​ លោក ស ម៉ មកសុំ​ចុះបញ្ជី​ដី​មួយកន្លែង​របស់គាត់​)​។​

​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក លៀម ប៊ុន​រឿន បាន​បំភ្លឺ​មក អ​.​ប​.​ព​. វិញ ដោយ​ភូត​កុហក​ទាំង​ស្រុង តែ​ទោះបីយ៉ាងណា ឈ្មោះ លៀម ប៊ុន​រឿន បានប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ម្ចាស់​បណ្តឹង​ដើម្បី​ចង់​ពន្លត់​បណ្ដឹង​។​

​អ​.​ប​.​ព​. បាន​បន្ត​ប្រមូល​ព័ត៌មាន និង​ភស្តុតាង ដោយបាន​បន្តិច​ម្តងៗ រហូតមកដល់​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឲ្យ អ​.​ប​.​ព​. ដឹង​ព័ត៌មាន​ពី​ឈ្មោះ លឿម ប៊ុន​រឿន ទារប្រាក់​៥​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ដែល​ សម្តេច​តេ​ជោ​បាន​ទៅ​សម្ពោធ​ផ្ទាល់ ហើយ​បញ្ជា​ឲ្យ អ​.​ប​.​ព​. ស្រាវជ្រាវ​បន្ទាន់​។

​អ​.​ប​.​ព​. បានរៀបចំ​ប្រតិបត្តិ​ការប្រមូល​ភស្តុតាង​បទល្មើស​ជាក់ស្តែង ហើយ​រកឃើញថា នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២ និង​១៤ លឿម ប៊ុន​រឿន ទទួល​លុយ​ពី​មន្ត្រី​របស់​ខ្លួន ដែល​បាន​ទារ​យក​កម្រៃ​សេវា​ដោយ​ខុសច្បាប់​ចំនួន​១.០០០ USD (​មួយ​ពាន់​ដុល្លារ​)​។ ថ្ងៃ​អង្គារ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៩ ម៉ោង​១៦ និង ​២៤ ឈ្មោះ លឿម ប៊ុន​រឿន ទទួល​ប្រាក់ ៣០០USD (​បី​រយ​ដុល្លារ​) ពី​អ្នករកស៊ី​ដីធ្លី​ម្នា​ក់នៅ​វាលវែង​ឈ្មោះ យ ព ។ នៅ​ម៉ោង​១៦ និង​៣៤ នាទី ឈ្មោះ តែ ប៊ុន​ថេ​ង មន្ត្រី​ការិយាល័យ​សំណង់​នៃ​មន្ទីរ ដ​.​ន​.​ស ពោធិ៍សាត់ និង​ទទួលបន្ទុក​ច្រកចេញចូល​តែមួយ​របស់​សាលា​ខេត្ត យកលុយ​សេវា​ខុសច្បាប់​ពី​ការសុំច្បាប់​សាងសង់​នៅ​ច្រក មក​ជូន លឿម ប៊ុន​រឿន។ នៅ​ម៉ោង​១៨ និង​០២​នាទី មន្ត្រី​មន្ទីរ ដ​.​ន​.​ស ពោធិ៍សាត់ បាន​យកលុយ ដែល​បាន​ពី​កម្រៃ​សេវា​ខុសច្បាប់ ជា​ថ្លៃ​រត់ការ​ខុសច្បាប់​មក​ឲ្យ លឿម ប៊ុន​រឿន ហើយ លឿម ប៊ុន​រឿន ឲ្យ​ទៅ​មន្ត្រី​នោះ​វិញ​២០០USD (​ពីរ​រយ​ដុល្លារ​)។ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០៤​នាទី លឿម ប៊ុន​រឿន ឲ្យ​លុយ​ទៅ​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន។ ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោងជាង​១០​ព្រឹក លឿម ប៊ុន​រឿន និង​ មន្ត្រី​របស់ខ្លួន ​ឈ្មោះ តែ ប៊ុន​ថេ​ង ទទួល​ប្រាក់​ពី​តំណាង​ក្រុមហ៊ុន​នូវ​ប្រាក់​ចំនួន ៥.០០០USD (​ប្រាំ​ពាន់​ដុល្លារ​)​។ ម៉ោង​១២និង​១៤​នាទី លឿម ប៊ុន​រឿន ចែក​ប្រា​ក់បាន​ពី​សេវា​ឲ្យ​អនុប្រធាន​មន្ទីរ​មួយរូប​ចំនួន​២០០USD (​ពីរ​រយ​ដុល្លារ​)​។ វេលា​ម៉ោង​១២ និង​៣០​នាទី តែ ប៊ុន​ថេ​ង និង​ជាង វុទ្ធី អនុប្រធាន​មន្ទីរ ដ​.​ន​.​ស អញ្ជើញ​តំណាង ក្រុមហ៊ុន​ដែល​មេ​គាត់​បានទទួល​៥​ពាន់​ដុល្លារ​ពី​ម៉ោងជាង​១០​ព្រឹក មក​ហូបបាយ​ថ្ងៃត្រង់​នៅ​ហាង Zara Coffee ដល់​ម៉ោង​១៣ និង​៥០ នាទី​។ ម៉ោង​១៩ និង​០៨​នាទី តែ ប៊ុន​ថេ​ង ទូរស័ព្ទ​មក​តំណាង​ក្រុមហ៊ុន​ដែល​គាត់ និង​ប្រធាន​របស់គាត់ លឿម ប៊ុន​រឿន បានទទួល​ប្រាក់​៥.០០០​ដុល្លារ​អាមេរិក ពី​ពេលព្រឹក​ម៉ោងជាង​១០ ជួប​ពិគ្រោះ​ពី​ការធ្វើ​លិខិត​ឲ្យ​ក្រុមហ៊ុន​។ ម៉ោង​១៩ និង​៥១​នាទី តែ ប៊ុន​ថេ​ង និង ជាង វុទ្ធី បាន​ជិះឡាន​មកដល់​សណ្ឋាគារ ដែល​តំណាង​ក្រុមហ៊ុន​ស្នាក់នៅ ប្រគល់​សេចក្ដីព្រាង​លិខិត​មក​ឲ្យ​តំណាង​ក្រុមហ៊ុន​។ ម៉ោង​១៩និង​៥៦នាទី តែ ប៊ុន​ថេ​ង ទូរស័ព្ទ​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ទៅ​ហូបបាយ​ល្ងាច​ជាមួយ​ខ្លួន​។ នៅវេលា​ម៉ោង​២០និង​២០​នាទី តែ ប៊ុន​ថេ​ង និង​អនុប្រធាន​មន្ទីរ ដ​.​ន​.​ស ហូបបាយ​ល្ងាច​ជាមួយ​តំណាង​ក្រុមហ៊ុន​រហូតដល់​ម៉ោង​២១ និង​៤០ នៅ Sky Bar ច័ន្ទ​មុនី​។​

​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧ និង​៤៥ នាទី តំណាង​ក្រុមហ៊ុន​ទៅដល់​ភោជនីយដ្ឋាន​មហាលាភ​បន្ទប់​លេខ​៨​។ ម៉ោង​០៧ និង​៥៦​នាទី តែ ប៊ុន​ថេ​ង ទូរស័ព្ទ​មក​ប្រាប់​តំណាង​ក្រុមហ៊ុន​ថា គាត់ (​តែ ប៊ុន​ថេ​ង​) ទៅ​ទទួលយក ជាង វុទ្ធី សិន​។ ម៉ោង​០៨ និង​១៦​នាទី តែ ប៊ុន​ថេ​ង និង​ជាង វុទ្ធី មកដល់​បន្ទប់​លេខ​៨ ភោជនីយដ្ឋាន មហាលាភ ហើយ​ប្រាប់ថា បង​ប្រធាន (​លឿម ប៊ុន​រឿន​) ឲ្យ​ពួកគាត់​មក​មុន ហើយ​ហៅ​អី​ហូប​មុន​ទៅ ប្រហែលជា​បង​ប្រធាន (​លឿម ប៊ុន​រឿន​) គាត់​មិន​ហូប​ទេ។ នៅ​ម៉ោង​០៨និង​២០​នាទី លឿម ប៊ុន​រឿន មកដល់​បន្ទប់​លេខ​៨ នេះដែរ​។ ម៉ោង​០៨ និង​៤៧​នាទី តែ ប៊ុន​ថេ​ង រាប់​លុយ​៤៥.០០០USD (​បួន​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) អស់​រយៈពេល​១០​នាទី បាន​រាប់​អស់​។ ក្រោយពេល​រាប់​លុយ​បាន​មួយ​ដុំ (១​ម៉ឺន​) ជាង វុទ្ធី ចេញទៅ​ខាងក្រៅ​បន្ទប់ ដើម្បី​យាម​ទ្វារ​ខាងក្រៅ​។ ជាង វុទ្ធី និយាយប្រាប់​តំណាង​ក្រុមហ៊ុន​កុំឲ្យ​បារម្ភ គាត់​យាម​ជូន​ហើយ ហើយ លឿម ប៊ុន​រឿន បាន​ប្រាប់​តំណាង​ក្រុមហ៊ុន​កុំ​បារម្ភ គាត់ (​លឿម ប៊ុន​រឿន​) ស្គាល់​ម្ចាស់​ហាង​ហ្នឹង ហើយ​ពូ (​ជាង វុទ្ធី​) យាម​ទ្វារ​ហើយ គ្មាន​អ្នកណា​ហ៊ាន​ចូល​ទេ​។ នៅ​ម៉ោង​០៩ ប្រតិបត្តិការ​លើ​បទល្មើស​ជាក់ស្ដែង​បានធ្វើ​ឡើង​នាំខ្លួន​អ្នក​ទាំង​៣​នាក់​។​

​តាម​ការស្រាវជ្រាវ​រក​បាន​ភស្តុតាង​របស់ អ​.​ប​.​ព​. និង​តាម​ការសារភាព​របស់​សាមី​ខ្លួន តាំងពី​ឆ្នាំ​២០១៦​មក លៀម ប៊ុន​រឿន បាន​យកលុយ​សេវា​ក្រៅច្បាប់​ចំនួន​១៤០​ករណី បាន​ប្រាក់​៣៧២,៧៤៧ USD (​សាមសិប​ប្រាំ​ពីរម៉ឺន ពីរពាន់​ប្រាំពីរ​រយ​សែសិប​ប្រាំពីរ​ដុល្លារ​) និង​ជាង៤៩​លាន​រៀល នោះ​មិន​ទាន់​រាប់​ករណី ដែល លឿម ប៊ុន​រឿន បានទទួល​ប្រាក់​២០.០០០USD (​ពីរម៉ឺន​ដុល្លារ​) ដូច​ពាក្យ​ប្តឹង ដែល អ​.​ប​.​ព​. បានទទួល​នោះ​ផង​។​

​អ​.​ប​.​ព​. បាន​រកឃើញ​លុយ​ចំនួន​១៧៧.៥២៩USD និង ១៦.២៥០.០០០​រៀល ក្នុងនោះ​មាន​លុយ ដែល​ដាក់​ក្នុង​ស្រោមសំបុត្រ ចំនួន​០៦​ស្រោមសំបុត្រ និង​ឯកសារ​មួយចំនួន ត្រូវបាន​រកឃើញ​នៅក្នុង​ការិយាល័យ​របស់ លឿម ប៊ុន​រឿន នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ដែល​សាមី​ខ្លួន លឿម ប៊ុន​រឿន ទទួលស្គាល់ថា ជា​លុយ​បាន ដោយ​ខុសច្បាប់​មួយចំនួន​។​

​ជារួម​ក្រោយពី​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​ពោធិ៍សាត់ ពី​ឆ្នាំ​២០១៦​មក រហូតដល់​ថ្ងៃ ​ត្រូវបាន​ឃាត់ខ្លួន​លឿម ប៊ុន​រឿន បាន​ប្រើប្រាស់​ប្រាក់ ដែលជា​ផល​នៃ​បទល្មើស​ក្នុងការ​ជួសជុលផ្ទះ (៤០,០០០​ដុល្លារ​) និង​ទិញ​ផ្ទះ​ពីរ​កន្លែង​(១៦៨.០០០​ដុល្លារ និង​២.០០០​ដុល្លារ​) ដី​មួយកន្លែង (៤៤.០០០​ដុល្លារ ហើយ​សង់ផ្ទះ​ត្រចៀកកាំ​អស់ ៤០.០០០​ដុល្លារ​ទៀត​ដូរ​ឡាន LEXUS 570 ទិញ​ឡាន KIA PICANTO ដើម្បី​ទុកដាក់​ប្រាក់​ពី​ផល​បទល្មើស​របស់​ខ្លួន​។​

​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ពោធិ៍សាត់ ដែល​ក្នុង​នោះ​មាន​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី ចំនួន​៣​នាក់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះទៅ​ឃាត់ខ្លួន នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ទាក់ទង​អំពើពុករលួយ ក្នុងការ​ឃុបឃិត​គ្នា​ទារ​លុយ​ពី​ម្ចាស់​ដី ដោយ​ខុសច្បាប់​។ មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ទាំង​៣​រូប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​រួមមាន ទី​១, ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ទី​២, ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ និង​ទី​៣, ឈ្មោះ តែ ប៊ុន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។​

​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន ប្រធាន អនុប្រធាន និង​មន្ត្រី​សុរិយោដី ខេត្ត​ពោធិ៍សាត់​ទាំង​៣​នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​រួមមាន ទី​១, បទ​វិ​តិ​ក្រម តាម​ក្រមព្រហ្មទណ្ឌ ទី​២, បទ​រំលោភ​អំណាច តាមច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ និង​ទី​៣, បទ​សម្អាត​ប្រាក់ តាមច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញវត្ថុ​៕

ដោយ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114