ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ផ្ដល់​ស្នាមញញឹម និង​ក្តី​សង្ឃឹម​ថ្មី​ដល់​ប៉ូលិស​ចរាចរណ៍​ក្រុង​ភ្នំពេញ​ម្នាក់ ដែល​មាន​ជំងឺ​បេះដូង ក្រពះ ធ្ងន់ធ្ងរ​

​ភ្នំពេញ ​៖ នគរបាល​ចរាចរណ៍​ក្រុង​ដែលមាន​ជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ និង​ ផ្សេងៗ​ទៀត ​គួរ​ឲ្យ​អាណិតអាសូរ​ម្នាក់ ត្រូវ​បានផ្ដល់​ស្នាមញញឹម និង​ក្តីសង្ឃឹម​ថ្មី​តាមរយៈ​ការជួយ​ព្យាបាល​សង្គ្រោះ​ជីវិត សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក​ស្រី ពេ​ជ​ចន្ទ​មុន្នី និង​ការយកចិត្តទុកដាក់​ព្យាបាល​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​សមាគម TYDA ប្រចាំ​នៅ​ពេទ្យ​ព្រះកុសុមៈ​។​

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា គាត់ និង​ ក្រុមគ្រួសារ បាន​សប្បាយរីករាយ​យ៉ាងខ្លាំង គ្មានអ្វី​ប្រៀបបាន ដោយបាន​ការយកចិត្ត​ទុកដាក់​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ សម្ដេច​តេ​ជោ (TYDA) ជួយសង្គ្រោះ​ជីវិត ដើម្បី​មាន​ស្នាមញញឹម និង ​ក្តី​សង្ឃឹម​ថ្មី​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​។​

​សូមបញ្ជាក់ថា លោក ពត ថេ​ង អាយុ​៥៧​ឆ្នាំ បម្រើ​ការងារ​ជា​នគរបាល​ចរាចរណ៍​ក្រុង​ជាង​៣០​ឆ្នាំ​ហើយ សព្វថ្ងៃ​គាត់​មាន​ជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ និង​ផ្សេងៗ​ទៀត​ជាច្រើន ហើយ​ពុំមាន​លទ្ធភាព​ព្យាបាល​នោះទេ​។ គាត់​មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​កោះដាច់ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ មាន​ប្រពន្ធ​នៅផ្ទះ មានកូន​៥​នាក់​ នៅក្នុង​បន្ទុក​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114