ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ដ្រី​ប៉ូលិស​ស័ក្ដិ​១​ម្នាក់ ​ចុះចោល​ផ្ទះ​៦​ខែ ​ ​ប្រពន្ធ​ឡាយ​វីដេអូ​សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ បន្ទាប់​ពី​ប្ដី​គំរាម​ចាប់​ដាក់គុក​ និង​ទារ​សុំ​លែងលះ​

​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធ​របស់​មន្ត្រី​នគរបាល​ស័ក្ដិ​ម្នាក់​ បានសម្រេច​ចិត្ត​ឡាយ​វីដេអូ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​« ម៉ាក់ ឧ​ត្ត​ម​» ដោយ​បាន​និយាយ​ពី​ការឈឺចាប់​ ដែល​ប្ដី​របស់ខ្លួន​រៀបការ​ជា​មួយ​គ្នា​បាន​រយៈពេល​១០​ឆ្នាំ​មកហើយ​នោះ ប៉ុន្តែ​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ​ លោក​ប្ដី​ជា​មន្ដ្រី​នគរបាល​ស័ក្ដិ​១​ឈរជើង​ប្រចាំការ​នៅ​ប៉ុស្តិ៍​ស្នោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចុះចោល​ប្រពន្ធ​កូន​សូម្បី​ប្រពន្ធ​នាំ​កូន​ទៅលេង​ដល់​កន្លែងធ្វើការ ​ព្រោះ​កូន​នឹក​ប៉ា ​ក៏ ​បុរស​នេះ​មិន​អនុញ្ញាត​ឲ្យ​ជួប​ដែរ​ ហើយ​ថែមទាំង​គំរាម​ទាមទារ​លែងលះ​ប្រពន្ធ​ទៀតផង។​

បុរស​រូបនេះ​មានឈ្មោះ​សាត ម៉ាញ ជា​មន្ដ្រី​នគរបាល​ស័ក្ដិ​១​ នៅ​ប៉ុស្តិ៍​ស្នោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​នៅ​ភូមិ​ត្រពាំង​ធ្នង់​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ. នាង​ជា​ប្រពន្ធ​បាន​ប្រើប្រាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉ាក់​ឧ​ត្ត​ម មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក រស់នៅ​ជាមួយ​ម្ដាយ​ក្មេង ជា​ស្ត្រី​មេម៉ាយ ។​

នាង​ជា​ប្រពន្ធ​បាន​និយាយ​តាមរយៈ​ការ​ឡាយ​វីដេអូ​ន​នោះ​ថា បុរស​ជា​ប្ដី​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ក្នុង​រយៈពេល​កន្លងមក ​ប្ដី​អត់​មានការ​ងារ​ធ្វើ​ទេ ដេក​ស៊ី​នៅតែ​ផ្ទះ ​ប្រពន្ធ​ធ្វើការ​រោងចក្រ​ចិញ្ចឹម តែ​ក្រោយមក​បាន​រត់​ការ​ទិញ​សញ្ញាប័ត្រ​ចូល​ប៉ូលិស។ ចាប់តាំងពី​ពេលនោះ​មក​លោក​ប្ដី​ហាក់​ឡើងចាង​ ខ្លាំង​ដៃ​ណាស់ ​តែង​ដើរ​អួតអាង ​អញ​មាន​ប្រាក់ខែ​ស៊ី ទោះបី​ដេក​នៅផ្ទះ​កន្លះ​ខែ ​ក៏​គ្មាន​អ្នកណា​កាត់​លុយ​អញ​ដែរ​។​

នាង​បន្ដថា ​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ​ប្ដី​ឧស្សាហ៍​ចេញទៅ​ផឹកស៊ី​បាត់​ពី​ផ្ទះ​ដាច់​យប់ ដល់ពេល​ប្រពន្ធ​សួរនាំ​ដេញដោល​តាំង​រករឿង​ឈ្លោះប្រកែក​គ្នា​ផ្អើល​តែម្ដង។ ក្រោយមក​ប្ដី​លែង​ចូល​ផ្ទះ​អស់​រយៈពេល​៦​ខែ​ហើយ នៅពេល​ប្រពន្ធ​ផុស​រូប​ប្ដី​ និង​កូន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បែរ​ជា​គំរាម​ប្រពន្ធ​មិន​ឲ្យ​ផុស ​និង​ចង់​ចាប់​ដាក់គុក​ទៀតផង ហើយ​ជំរុញ​​​ឲ្យ​ទៅ​ប្ដឹង​ណា​ក៏​ទៅ​ប្ដឹងទៅ។​

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក​សាត ម៉ាញ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ​មូលហេតុ​ដែល​ខ្លួន​មិន​អាច​រស់នៅ​ក្នុង​ផ្ទះ​នោះបាន​ដោយសារ​ម្ដាយ​ក្មេក​ជា​អ្នក​ដេញ​មិន​ឲ្យ​នៅ។

​លោ​កថា​ ពិបាក​រស់នៅ​ណាស់ ​ក្នុងនាម​លោក​ជា​មន្ដ្រីនគរបាល​ម្នាក់​ ធ្វើ​ការមិន​ស្គាល់​យប់​ថ្ងៃ​ មិន​កំណត់​ពេលវេលា​ម៉ែ​ជា​ម៉ែក្មេក​ និង​ប្រពន្ធ​រឹត​បន្តឹង​មិន​ឲ្យ​ដើរហើរ​បែបនេះ។ និយាយ​ជារួម​ លោក​សាត​ ម៉ាញ​ ថា​ ការលើកឡើង​របស់​ប្រពន្ធ​ខ្លួន​ថា​សុទ្ធតែ​រឿង​បំផ្លើស​ទាំងអស់ ប៉ុន្តែ​នៅពេល​សួរថា​តើ​លោក​មាន​ទិញ​សញ្ញាប័ត្រ​ដើម្បី​ចូល​ប៉ូលិស​នោះ​ជាការ​ពិត​ទេ លោក​ក៏បាន​ចុច​បិទ​ទូរស័ព្ទ​បាត់​ទៅ។​

ទោះជា​យ៉ាងណា​ ទាំង​ប្រពន្ធ​ និង​ម្ដាយ​ក្មេង​ លោក​សាត ម៉ាញ​ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​មាន​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​និង សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន ក៏ដូច​ក្នុង​ជួរ​នគរបាល​ដូចជា​លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ ស ថេត មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​នាង​ផង។

ជាមួយគ្នានេះ​ លោក​ញឹម​ សារ៉ាន់ ​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា បើ​គ្រាន់តែ​ប្រពន្ធ​ឡាយ​វីដេអូ​សម្ដែង​ពី​ការឈឺចាប់​នៅក្នុង​គ្រួសារ​បែប​នឹង​ លោក​មិន​អាចជួយ​បាន​ទេ គឺជា​រឿង​ជម្លោះផ្ទៃក្នុង​គ្រួសារ​ប៉ុណ្ណោះ ព្រោះ​មិនមាន​ការ​វាយដំ​បង្ក​របួស​ស្នាម​អ្វី​ឡើយ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114