ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង ទូត​ម៉ាឡេស៊ី​ថ្មី ពិ​ភា​ក្សា​លើ​ការ បង្កើត​រោងចក្រ​ផលិត​លី​បក​ង់ និង​គ្រឿង​ផ្គុំ​ដទៃ​ទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា

ភ្នំពេញ​ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ លោក អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា លើ​ការងារ​សហការ​ក្នុងការ​បង្កើត​រោងចក្រ​ផលិត​លី​បក​ង់ និង​គ្រឿង​ផ្គុំ​ដទៃទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា​។

នា​ឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ជាមួយ​លោក អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម នា​ថ្ងៃនេះ ជា​ពេលវេលា​មួយ​ដ៏​សមស្រប គាប់​ជួន​នឹង​ដំណើរ​ទស្សនកិច្ច​របស់ លោក មូ​ហា​ធា មូ​ហា​ម៉ែត មក​ប្រទេស​កម្ពុជា​នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​។ ម្យ៉ាងវិញទៀត កិច្ចប្រជុំ​នេះ​បានផ្ដល់​ឱកាស​សម្រាប់​ពិភាក្សា​លើ​ការងារ​សហការ​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​លី​បក​ង់ និង​គ្រឿង​ផ្គុំ​ដទៃ​ទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា ជា​កិច្ច​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម ក៏ដូចជា​បង្កើត​ជា​ផល​សរុប​ក្នុង​តំបន់ ក្រោម​វិធាន​ប្រភព​កំណើត​ទំនិញ​។ លើស​ពី​នោះ​ថែមទៀត លោក រដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​លើ​ការ​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កើនឡើង​បន្ថែមទៀត​។

ជា​កិច្ច​ឆ្លើយតប លោក អគ្គរាជទូត ឯកភាព​ទាំងស្រុង​ជាមួយ​ប្រសាសន៍​របស់លោក រដ្ឋមន្ត្រី ព្រមទាំង​នឹង​ពាំនាំ​ប្រសាសន៍​ទាំងនោះ​ជូនទៅ​ស្ថាប័ន​របស់​ម៉ាឡេស៊ី បន្តទៀត​។ លោក​បន្ត​មានប្រសាសន៍ថា ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់​។ ដោយឡែក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ាឡេស៊ី នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នា​ពេល​ខាងមុខ ភាគី​ម៉ាឡេស៊ី​មានបំណង​លើក​ប្រធានបទ​នេះ និង​ប្រធានបទ​មួយ​ចំនួន​ទៀត រួមមាន ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចសហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ធុរកិច្ច​ជាដើម ដើម្បី​ពិភាក្សា​។

លើ​ប្រធានបទ​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី ក៏បានផ្ដល់​ធាតុ​ចូល​បន្ថែម ដោយ​ចង្អុលបង្ហាញ​វិស័យ​ទេសចរណ៍​ជា​វិស័យ​មាន​សក្ដានុពល​មួយ ព្រមទាំង​ស្នើសុំ​ឲ្យ​សហគមន៍​ធុរកិច្ច​កម្ពុជា និង​ម៉ាឡេស៊ី ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114