ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ តាក់ស៊ី, CTN ​ផ្តល់ឱកាស​ឲ្យ​កំប្លែង​វិញ ​ខណៈ​ជីវិត​គ្រួសារ​ដើរ​ដល់​ផ្លូវ​បែកបាក់ ហើយ​គ្មាន​សល់​អ្វី​ជា​ទ្រនាប់​ខ្លួន​

​ភ្នំពេញ​ ៖​ មាន​មហាជន​ជាច្រើន ​បានបង្ហាញ​ការ​អាណិតអាសូរ​ខ្លាំង​ដល់​តារា​កំប្លែង​នាយ តាក់ស៊ី ក្រោយ​ពេល​ដែល​តារា​កំប្លែង​ជាប់​ឈ្មោះ​ជា​អន្ទិត​រូបនេះ ​បាន​ទម្លាយ​ប្រាប់​នូវ​រឿងរ៉ាវ​លំបាក​មួយចំនួន ​ក្រោយពេល​សម្រេច​លាចាក​សិក្ខាបទ ​ព្រោះ​ស្ថានភាព​ជំងឺ​កាន់តែ​ទ្រុឌទ្រោម​។​ មិនតែប៉ុណ្ណោះ​គឺ​រឿង​ដ៏​រសើប​ នៃ​ការបែកបាក់​គ្រួសារ​ជាមួយ​ភរិយា​អ្នកនាង ភី​ម។​

​នៅក្នុង​ជំនួប​ជាមួយ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​នាយ​តាក់ស៊ី បាន​រៀបរាប់​ពី​ខ្សែជីវិត​យ៉ាង​កម្សត់​ក្រោយពេល​លាចាក​សិក្ខាបទ​ថា​ នាយ​ពេលនេះ​គ្មាន​សល់​អ្វី​ទៀត​ទេ​ក្រៅ​ខ្លួន​ទទេ​នោះ​ ព្រោះ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន ​ត្រូវបាន​ប្រគល់​ឲ្យ​ភរិយា​អ្នកនាង ភី​ម និង​កូន​ហើយ ​អំឡុង​ពេលដែល​សម្រេចចិត្ត​ទៅ​សាងផ្នួស​បម្រើ​តាម​គន្លង​ផ្លូវ​ព្រះពុទ្ធសាសនា​។ ​ប៉ុន្តែ​បែរ​ជា​កើត​រឿងរ៉ាវ​បែបនេះ​ដោយ​មិន​នឹកស្មាន​ទៅវិញ​។​

​នាយ តាក់ស៊ី បាន​បញ្ជាក់ថា ​ចំពោះ​ជីវិត​ស្នេហា​ជា​ប្តី​-​ប្រពន្ធ​រវាង​នាយ ​និង​នាង ភី​ម គិត​មកទល់​ពេល​នេះ​ដើរ​ដល់​ចំណុច​ផ្លូវ​បែកបាក់​គ្នា​រួចមកហើយ ​ពោលគឺ​តាំង​ពីមុន​ពេលដែល​នាយ​ចេញទៅ​សាងផ្នួស​មក​ម្ល៉េះ។​ ចំណែកឯ​ទ្រព្យសម្បត្តិ​ទាំងអស់​បានប្រគល់​ឲ្យ​ទៅ​ប្រពន្ធ​និង​កូន​ដោយ​គិតថា​ខ្លួន​នឹង​បួស​អស់​មួយជីវិត​ តែ​មិនគួរណា​មាន​បញ្ហា​សុខភាព​បែបនេះ​សោះ​។​

​បន្ថែម​ពីលើ​នេះ ​តារា​កំប្លែង​នាយ តាក់ស៊ី បាន​លើក​ឡើងថា បច្ចុប្បន្ន​ជីវិត​របស់គាត់​កំពុងតែ​រសាត់អណ្តែត​ប្រៀបដូចជា​រុក្ខជាតិ​ចក​អណ្តែត​លើ​ផ្ទៃ​ទន្លេ​អត់​កោះ​អត់​ត្រើយ​អញ្ចឹង​ដែរ​។ ​ម្យ៉ាងទៀត​អ្នក​ម្តាយ​ដែលមាន​វ័យចាស់​ជរា​មកហើយ​នោះ ​ក៏មាន​ជំងឺ​ប្រចាំកាយ​មួយថ្ងៃ​កាត់​ មួយ​ថ្ងៃកោរ​ផងដែរ ហើយ​ពេលនេះ​នាយ​ បាន​រំពឹង​លើ​ការ​សុំ​កន្លែង​ស្នាក់អាស្រ័យ​នៅផ្ទះ​ជាមួយ​មិត្តភក្ដិ​រួម​អាជីព​សម្តែង ​គឺ​ នាយ ក្រូច។​

​ដោយសារ​តែមាន​ក្តី​អាណិតអាសូរ​ និង​អំពាវនាវ​របស់​សាមីខ្លួន​ផង​នោះ ​នាយ​តាក់ស៊ី ពេលនេះ​ក៏​ទទួល​បានការ​ផ្តល់ឱកាស​ជាថ្មី​ពី​កន្លែងចាស់​ គឺ​ស្ថានីយ​ទូរទស្សន៍​CTN​ ដើម្បី​ឲ្យ​នាយ​បង្ហាញ​វត្តមាន​ឡើង​កំប្លែង​រួម​ក្រុម​ជាមួយគ្នា​នឹង​នាយ ពែ​កមី ផងដែរ​។ ​ប្រភព​បាន​បញ្ជក់​ខ្លី​ថា​ ថ្ងៃនេះ​CT N​ទទួល​គាត់​សម្ដែង​ក្នុង​កម្មវិធី​កំប្លែង​វិញ​ហើយ ​ប៉ុន្តែ​មិនទាន់​ទទួលយក​ចូល​ធ្វើជា​បុគ្គលិក​ពេញ​សិទ្ធិ​វិញ​ទេ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114