ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​ជើងឯក​វិទ្យាល័យ បាន​បញ្ចប់​ជុំ​ទី​១ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ

ការប្រកួត​សម្រាប់​សប្តាហ៍​ទី​៩ នៃ​ជុំ​ទី​១ ពានរង្វាន់​ជើងឯក​វិទ្យាល័យ ឆ្នាំ​២០១៩ បាន​បញ្ចប់​កាលពី​ថ្ងៃ​ច័ន្ទ ទី​១២ ខែសីហា កន្លងទៅ ដោយ វិទ្យាល័យ ឥន្ទ្រ​ទេវី ឈរ​កំពូល​តារាង​មាន ២២​ពិន្ទុ តាម​ពីក្រោយ​ដោយ​វិទ្យាល័យឫស្សី​កែវ មាន ២១ ពិន្ទុ​។

នៅក្នុង​សប្តាហ៍​ទី​៩ មានការ​ប្រកួត​ចំនួន ៤​គូ ក្នុង​នោះ វិទ្យាល័យឫស្សី​កែវ បាន បំបាក់ វិទ្យាល័យ បឹងត្របែក ៧-១ ខណៈ​ដែល វិទ្យាល័យ ព្រះស៊ីសុវត្ថិ បំបាក់​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ៨-០ ដូចគ្នា​ទៅនឹង​វិទ្យាល័យ ឥន្ទ្រ​ទេវី យកឈ្នះ វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ៨-០ កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែសីហា ឆ្នាំ​២០១៩​។

​លុះ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១២ ខែសីហា ម្សិលមិញ​នេះ សាលារៀន វេ​ស្ទ​ឡា​ញន៍ បាន​យកឈ្នះ វិទ្យាល័យ ច្បារអំពៅ ២ ទល់នឹង ១។ គិត​ត្រឹម​បច្ចុប្បន្ន វិទ្យាល័យ ឥន្ទ្រ​ទេវី មាន ២២​ពិន្ទុ មិនទាន់​ស្គាល់​បរាជ័យ ក្នុង​៨​ប្រកួត​របស់​ខ្លួន វិទ្យាល័យឫស្សី​កែវ មាន ២១​ពិន្ទុ ចាញ់​១​ប្រកួត និង​ឈ្នះ ៧​ប្រកួត។ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង សាលារៀន វេ​ស្ទ​ឡា​ញន៍ មាន ១៥​ពិន្ទុ​ស្មើគ្នា ឈរ​នៅ​លេខ ៣ និង​លេខ ៤ រីឯ វិទ្យាល័យ ជា ស៊ីម សាមគ្គី ឈរ​លេខ ៥ មាន ១៣​ពិន្ទុ វិទ្យាល័យ ច្បារអំពៅ មាន ៩​ពិន្ទុ ឈរ​លេខ ៦ វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី មាន ៧​ពិន្ទុ ឈរ​លេខ ៧ វិទ្យាល័យ បឹងត្របែក មាន ៤​ពិន្ទុ ឈរ លេខ​រៀង​ទី​៨ និង វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ឈរ​លេខ​រៀង​ទី ៩ មិន​មាន​ពិន្ទុ​រាប់។

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​វិញ កីឡាករ គី រី​ណា របស់​វិទ្យាល័យ​ឥន្ទ្រ​ទេវី មាន​ស្ថិតិ​គ្រាប់​បាល់​ចំនួន ២៤​គ្រាប់ តាម​ពីក្រោយ​ដោយ​កីឡាករ ហាំង ភារ​ម្យ របស់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង ៨​គ្រាប់​របស់ កីឡាករ សួន សុភ​ត្រា (​វិទ្យាល័យ​ច្បារអំពៅ​) ៧​គ្រាប់ របស់​កីឡាករ លី ម៉ា​ឯល (​សាលារៀន វេ​ស្ទ​ឡា​ញន៍​)។

សូម​ជម្រាប​ផង​ដែរ​ថា ពានរង្វាន់​ជើងឯក​វិទ្យាល័យ ឆ្នាំ ២០១៩​នេះ រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ( សស​យក ) សហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត ដែល​នឹង​ធ្វើ​ការប្រកួត​សន្សំ​ពិន្ទុ រវាង​ក្រុម​ចូលរួម​សរុប ៩​ក្រុម ដោយ​នៅ​ចុងរដូវ​កាល​ក្រុម​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​គ្រង​ពានរង្វាន់ រួមជាមួយ​ទឹកប្រាក់ ៦០​លាន​រៀល ខណៈ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន ៤០​លាន​រៀល និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទឹកប្រាក់ ២០​លាន​រៀល៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114