ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ

ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​នេះ ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​។

ការ​ចុះ​សំណេះសំណាល​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​អភិបាលរងខណ្ឌ​លោកនាយ​ការិយាល័យ​ចំណុះ​សាលា​ខណ្ឌ​លោក​ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​លោក​អធិការរង​នគរបាល​ខណ្ឌ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ព្រមទាំង​លោក​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ផងដែរ​។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា​ ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែក​ថ្មី​នា​ថ្ងៃនេះ​ គឺ​ពុំ​មែន​តែ​ពង្រឹង​ការងារ​សន្តិសុខ​ប៉ុណ្ណោះ​ទេ​ គឺ​ចង់​ឲ្យ​បងប្អូន​ដែល​មិនទាន់​បាន​ចុះបញ្ជី​ដីធ្លី​ក្នុង​ប្រព័ន្ធ​ឲ្យ​លោក​បាន​យល់ដឹង ​និង ​ត្រៀម​ឯកសារ​សម្រាប់​ប្រគល់​ឲ្យ​មន្ត្រី​ភូមិបាល​ខណ្ឌ​ដែល​ចុះ​មក​វាស់​វ៉ែ​ង​ដី​យក​ទៅ​ធ្វើ​ឯកសារ​ជូន​ដោយ​ស្របច្បាប់​។​ ក្នុង​នោះ​គឺ​លោក​អភិបាលខណ្ឌ​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​និង​អាជ្ញាធរ​ភូមិ​ និង ​សង្កាត់​ត្រូវ​ចុះ​ធ្វើ​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ដោយ​មិន​បង់ប្រាក់​។

ទាក់ទិន​ទៅ​នឹង​ស្ត្រី​ទើប​ឆ្លងទន្លេ​ គឺ​លោក​មេភូមិ​និង​សង្កាត់​ ត្រូវ​ចុះ​ធ្វើ​សំបុត្រកំណើត​ជូន​គាត់​ដល់​ផ្ទះ​ដោយ​ពុំ​ចាំ​បាច់​ឲ្យ​គាត់​បី​កូន​មក​ធ្វើ ដល់​សាលាសង្កាត់​នោះទេ​។​ ហើយ​ក្នុង​ឱកាស​នោះ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ​និង​សង្កាត់​សូម​ជួយ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុ​វត្ថិ​ភាព ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លោក​យល់ដឹង​និង​សហការ​រាយការណ៍​ពីមុខ​សញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស​ទើប​មូលដ្ឋាន​យើង​មាន​សេចក្តី​សុខ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114