ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចាត់ការ​ទូទៅ​វិសាខា និយាយ​អ្វីខ្លះ​ក្រោយ​ក្រុម​បន្ត​ឈ្នះ​៦​ប្រកួត​ក្នុង​ជើង​ទី​២​នេះ

​ក្លិប​បាល់ទាត់​វិសាខា បាន​យកឈ្នះ​ក្លិប​បាល់ទាត់​កំពង់ចាម លទ្ធផល ២-០ កាលពី​សប្តាហ៍​ទី ១៩ នៃ​លី​គ​កំពូល​កម្ពុជា និង​បង្កើន​កំណត់ត្រា​ឈ្នះ​ទាំងអស់​ក្នុង​ជើង​ទី​២​នេះ គិត​ត្រឹម ៦​ប្រកួត​។ លោក ហុក សុចិ​ត្រា ក្នុង​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ បាន​សម្តែង​អារម្មណ៍​រំភើប និង​ពេញចិត្ត​នូវ​ទម្រង់​លេង​របស់​កូនក្រុម​។

​លោក ហុក សុចិ​ត្រា “​ក្នុង​ជើង​ទី​២​នេះ គុណភាព​កីឡាករ​របស់​យើង​ប្រសើរ​ជាង​មុន ហើយ​ទី​ពីរ​ដែលជា​ចំណុច​ល្អ​បំផុត​នោះ គឺ​ប្រព័ន្ធ​នៃ​ការ​លេង ពោលគឺ​កីឡាករ​យល់ដឹង​អំពី​កម្រិត​សមត្ថភាព​របស់ខ្លួន និង​ការលេង​របស់គាត់​គឺ​ទៅតាម​អ្វីដែល​គាត់​មាន​”។

អ្នកចាត់ការ​រូប​នេះ ក៏បាន​លើក​សរសើរ​ចំពោះ​កំពង់ចាម​ផង​ដែរ ដោយ​ថា “ ពួកគេ​មានការ​កែសម្រួល​បាន​ល្អ​មែនទែន ចំពោះ​ប្រព័ន្ធ​លេង​របស់​ក្រុម កាលពី​ជើង​ទី​១ មកដល់​ជើង​ទី​២​នេះ មានន័យថា ពួកគាត់​បាន​ផ្លាស់ប្តូរ​ច្រើន​មែនទែន សឹងតែ​ថា ១៨០​ដឺ​ក្រេ ទោះបី​ពួកយើង​មាន​កីឡាករ​ដែលមាន​កម្រិត​លើ​កំពង់ចាម​ក៏ដោយ តែ​គ្រប់យ៉ាង​គឺ​កើតឡើង​ពី​ការប្រមូល​អារម្មណ៍ ការតាំង​ចិត្ត ត្រៀមលក្ខណៈ​ក្នុងការ​ប្រកួត ”។

គួររំលឹកថា វិសាខា ដែល​បាន​បំបាក់​ខេត្តកំពង់ចាម ដល់​ទៅ ១៤-០ កាលពី​ជើង​ទី​១​នោះ បានត្រឹមតែ​ឈ្នះ ២-០ ប៉ុណ្ណោះ​ក្នុង​ជើង​ទី​២​នេះ ប៉ុន្តែ​លោក ហុក សុចិ​ត្រា បាន​បញ្ជាក់ថា វា​មិន​ដូច​ទៅនឹង​អ្វី​ដែល​ក្រុម​របស់​លោក​ចង់បាន ប៉ុន្តែ​មិន​បញ្ហា​នោះ​ទេ ព្រោះ​ប៉ុន្មាន​គ្រាប់ ក៏​ក្រុម​លោក​ទទួល​បាន ៣​ពិន្ទុ​ដដែល អ្វីដែល​សំខាន់ គឺ​ព្យាយាម​បិទ​មិន​ឲ្យ​គូប្រកួត​ទាត់​ចូល​ទី​ប៉ុណ្ណោះ​។

គិត​ត្រឹម​សប្តាហ៍​ទី ១៩​នេះ វិសាខា បាន​ឡើង​១​លេខ​ទៀត ទៅកាន់​លេខ ២ ពោលគឺ​មាន ៤៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ណាហ្គា​វើ​ល ដែល​ចែក​ពិន្ទុ​គ្នា​ជាមួយ​ភ្នំពេញ​ក្រោ​ន ។ បច្ចុប្បន្ន វិសាខា នៅ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ត្រឹមតែ ៥​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​ទាំងពីរ ពុំទាន់​ជួបគ្នា​ក្នុង​ជើង​ទី​២​នៅឡើយ​។

​វិសាខា នឹងត្រូវ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ ពានរង្វាន់​សម្តេច ហ៊ុន សែន ២០១៩ ទល់នឹង​គិរីវង់​សុខ​សែន​ជ័យ ក្នុង​ទឹកដី​របស់ខ្លួន នៃ​ជើង​ទី​១ នៅ​ថ្ងៃ​ពុធ ទី​១៣ ខែសីហា វេលា​ម៉ោង ៦​ល្ងាច មុននឹង​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ បឹងកេត ក្នុង​សប្តាហ៍​ទី ២០ នៃ​លី​គ​កំពូល​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114