ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​បដិសេធ​សញ្ជាតិ​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​ប្រើប្រាស់​ផលប្រយោជន៍​សាធារណៈ

កាលពី​ថ្ងៃ​ចន្ទ រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក Donald Trump បានប្រកាស​ពី​ច្បាប់​ថ្មីៗ​ដែលមាន​គោលបំណង​បដិសេធ​ការ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​និង​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ដែល​ទទួលបាន​ប័ណ្ណ​បញ្ចុះតម្លៃ​ស្បៀងអាហារ​សម្រាប់​ជនក្រីក្រ ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​របស់​សហព័ន្ធ​សម្រាប់​អ្នក​ដែល​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​និង​សុខុមាលភាព​សាធារណៈ​ដទៃទៀត​។​

​ការប្រកាស​នេះ​បាន​គំរាម​បំផ្លាញ​ដល់​ក្តីសង្ឃឹម​របស់​មនុ​ស្សរា​ប់​លាន​នាក់​ដែល​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​ដែល​បានធ្វើការ​ដើម្បី​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​និង​ពឹង​ផ្អែកលើ​សេវាសាធារណៈ​។​

​ច្បាប់​នេះ​ក៏​នឹង​បិទទ្វារ​សម្រាប់​ជន​ចំណាកស្រុក​ក្រីក្រ​និង​អ្នកមាន​ជំនាញ​ទាប​នៅ​ខាងក្រៅ​ប្រទេស​ដែល​សង្ឃឹមថានឹង​ទទួលបាន​កន្លែង​ឈរជើង​ក្នុង​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់​ផងដែរ​។​

​សេត​វិមាន​បាន​និយាយថា ជនអន្តោប្រវេសន៍​នឹងមិន​ត្រូវ​បានផ្តល់​ទិដ្ឋាការ​ភាពជា​ពលរដ្ឋ​ឲ្យ​ទេ​ប្រសិនបើ​ពួកគេ​ទំនងជា​ត្រូវការ​ជំនួយ​សាធារណៈ​។ លើសពីនេះទៅទៀត អ្នក​ដែល​ទីនេះ​និង​កំពុង​ប្រើប្រាស់​សេវាសាធារណៈ​រួចទៅហើយ​នោះ​គឺ​នឹង​មិនអាច​ទទួលបាន​ប័ណ្ណ​បៃតង​ឬ​សញ្ជាតិ​អាមេរិក​ឡើយ​។​

​លោក Trump បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​សេត​វិមាន​ថា “​ដើម្បី​ការពារ​ផលប្រយោជន៍​សម្រាប់​ពល​រដ្ឋ​អាមេរិក ជនអន្តោប្រវេសន៍​ត្រូវតែមាន​ភាព​គ្រប់គ្រាន់​ខាង​ហិរញ្ញវត្ថុ​”​។​

​សេចក្តីសម្រេច​នេះ​អាច​ជះឥទ្ធិពល​ដល់​ប្រជាជន​២២​លាន​នាក់​ដែល​មិនមែនជា​ពលរដ្ឋ​ស្របច្បាប់​នៅក្នុង​ប្រទេស​នេះ​និង​ជនអន្តោប្រវេសន៍​គ្មាន​ការអនុញ្ញាត​ប្រមាណ​១០.៥​លាន​នាក់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ភ្លាមៗ​នោះ​វា​ត្រូវបាន​ចោទ​ជា​សំណួរ​ដោយ​ក្រុម​សកម្មជន​គាំទ្រ​ជនអន្តោប្រវេសន៍​ដែល​គ្រោង​នឹងដាក់​ពាក្យបណ្តឹង​និង​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​នៅក្នុង​សភា​ដែល​បាន​និយាយថា ពួកគេ​នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​វា​។​

​តំណាងរាស្ត្រ​លោកស្រី Donna Shalala បាន​បង្ហោះ Twitter ថា “​រដ្ឋបាល​នេះ​បានដាក់​កំហុស​លើ​ជនអន្តោប្រវេសន៍ លើកទឹកចិត្ត​ជន​ជ្រុលនិយម​ស្បែ​កស​និង​បំបែកបំបាក់​គ្រួសារ​។ នេះ​ជា​គោលនយោបាយ​ប្រកាន់​ជាតិ​សាសន៍​។ យើង​នឹង​បន្ត​ប្រយុទ្ធប្រឆាំង​ដើម្បី​ការពារ​ក្រុមគ្រួសារ​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114