ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Zarif ស្ដីបន្ទោស​ការលក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​ឈូង​សមុទ្រ​ពែ​ក្ស

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ថា​បានប្រែក្លាយ​ឈូង​សមុទ្រ​ពែ​ក្ស​ទៅជា “​ប្រអប់​ឈើគូស​ត្រៀម​នឹង​ផ្ទុះ​” ដោយសារតែ​ការលក់​អាវុធ​របស់ខ្លួន​ទៅ​ឲ្យ​បណ្តា​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​នេះ​។​

​លោក Zarif បាន​ប្រាប់​ទូរទស្សន៍ Al Jazeera របស់​ប្រទេស​កាតា​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ​ថា “​សហរដ្ឋអាមេរិក​បាន​លក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​៥០ ពាន់​លាន​ដុល្លារ​ទៅ​តំបន់​នេះ​កាលពី​ឆ្នាំមុន​។ ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នេះ​បាន​ចំណាយ​ប្រាក់​៨៧​ពាន់​លាន​ដុល្លារ​លើ​ការផ្គត់ផ្គង់​យោធា​”​។​

​លោក Zarif បាន​និយាយថា “​ប្រសិនបើ​អ្នក​កំពុងនិយាយ​អំពី​ការគំរាមកំហែង​ចេញពី​តំបន់​នេះនោះ ការគំរាមកំហែង​គឺ​ចេញពី​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែល​កំពុង​បញ្ជូន​អាវុធ​ចូលក្នុង​តំបន់​នេះ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ប្រអប់​រំសេវ​ត្រៀម​នឹង​ផ្ទុះឡើង​”​។​

​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បន្ត​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរិមា​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​កំណត់​សកម្មភាព​នុយក្លេអ៊ែរ​និង​យោធា​របស់ខ្លួន​។​

​ភាព​តានតឹង​រវាង​ទីក្រុង​តេ​អេ​រ៉ង់​និង​វ៉ាស៊ីនតោន​ត្រូវបាន​គេ​មើលឃើញថា​មានការ​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​លោក​ប្រធានាធិបតី Donald Trump ដក​សហរដ្ឋអាមេរិក​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​ហើយ​បានដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ​។​

​ទីភ្នាក់ងារសារព័ត៌មាន​កាតា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​ថា ខណៈពេល​ស្ថិតនៅ​ក្នុងប្រទេស​កាតា​, លោក Zarif បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស Mohammed bin Abdulrahman Al-Thani និង​បាន​ពិភាក្សា​អំពី​បញ្ហា​ផលប្រយោជន៍​រួម​។​

​ទីក្រុង​ដូ​ហា​គឺជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ទីក្រុង​វ៉ាស៊ីនតោន​និង​ជា​មូលដ្ឋានទ័ព​អាមេរិក​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​ប៉ុន្តែ​ក៏​រក្សា​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​ជាមួយ​អ៊ីរ៉ង់​ផងដែរ​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114