ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ ផ្តល់​មូលនិធិ​អាកាសធាតុ​ដល់​កោះ​ប៉ាស៊ីហ្វិក

ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​បានប្រកាស​អំពី​កញ្ចប់​ផ្លាស់ប្តូរ​អាកាសធាតុ​ក្នុង​ទំហំ​ទឹកប្រាក់​៥០០​លាន​ដុល្លារ​អូស្ត្រាលី (៣៤០​លាន​ដុល្លារ​អាមេរិក​) សម្រាប់​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ដែល​បានទាមទារ​កាន់តែខ្លាំង​ឡើង​ឲ្យ​ប្រទេសជិតខាង​ដ៏​មាន​ឥទ្ធិពល​របស់​ពួកគេ​មួយ​នេះ​ទប់ស្កាត់​ការបញ្ចេញ​កាបូន​របស់ខ្លួន​។​

លោកនាយក​រដ្ឋមន្ត្រី Scott Morrison បាន​និយាយថា ថវិកា​ដែល​បានមកពី​កញ្ចប់​ជំនួយ​អន្តរជាតិ​ដែលមាន​ស្រាប់​របស់​ប្រទេស​អូស្ត្រាលី​នឹង​ជួយ​បណ្តា​ប្រជាជាតិ​កោះ​ប៉ាស៊ីហ្វិក​ឲ្យ​វិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​មេដឹកនាំ​រូបនេះ​បានធ្វើ​សេចក្តីប្រកាស​នេះ​មុនពេល​ធ្វើដំណើរ​ទៅកាន់​វេទិកា​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក (PIF) នៅ​កោះ Tuvalu ដែល​នៅ​ទីនោះ ប្រទេស​កោះ​ដែល​រង​ការគំរាមកំហែង​ដោយ​ការឡើង​ទឹកសមុទ្រ​បាន​ប្តេជ្ញា​ថា​នឹងដាក់​បញ្ហា​កម្តៅ​ពិភពលោក​ជា​របៀបវារៈ​កំពូល​។​

​សមាជិក​តូចៗ​នៃ​ក្រុម​១៨​ប្រទេស​នេះ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​គោលនយោបាយ​អាកាសធាតុ​របស់​អូស្ត្រាលី​មុន​កិច្ចប្រជុំ​កំពូល​ឆ្នាំនេះ​ចំពេល​មានការ​ជំរុញ​ខាង​ការទូត​ពី​ទីក្រុង​កង់​បេ​រ៉ា​ឲ្យ​ប្រឆាំងនឹង​អំណាច​របស់​ចិន​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់​។​

​តំណាង​ជាន់ខ្ពស់​មកពី​កោះ Tuvalu, Palau និង Vanuatu បាន​រិះគន់​អូស្ត្រាលី​ថា​មិន​បានធ្វើ​គ្រប់គ្រាន់​ទេ​ខណៈ​នាយករដ្ឋមន្ត្រី​កោះ Fiji លោក Frank Bainimarama បាន​និយាយថា ការពឹងផ្អែក​របស់​ទីក្រុង​កង់​បេ​រ៉ា​លើ​ធ្យូងថ្ម​បាន​បង្ក​ជាការ​គំរាមកំហែង​ចំពោះ​កោះ​ទាបៗ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Morrison បាន​ការពារ​យ៉ាងរឹងមាំ​ចំពោះ​កំណត់ត្រា​អាកាសធាតុ​របស់​ប្រទេស​អូស្ត្រាលី​ដោយ​ទទូចថា​ប្រទេស​នេះ​នឹង​បំពេញ​តាម​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ឆ្នាំ​២០៣០​របស់ខ្លួន​ដែល​ត្រូវបាន​កំណត់​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ទឹកប្រាក់​ចំនួន​៥០០​លាន​ដុល្លារ​ដែល​យើង​កំពុង​វិនិយោគ​សម្រាប់​ថាមពល​កកើត​ឡើងវិញ​នៅ​តំបន់​ប៉ាស៊ីហ្វិក​និង​ការប្រែប្រួល​អាកាសធាតុ​និង​ភាព​ធន់​នឹង​គ្រោះមហន្តរាយ​គឺ​បាន​បង្កើន​លើទឹក​ប្រាក់​៣០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៦​ដល់​២០២០” ។​

​លោក​បន្តថា “​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​មិន​ត្រឹមតែ​បំពេញ​តាម​កាតព្វកិច្ច​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ក្នុងប្រទេស​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​គាំទ្រ​ដល់​អ្នកជិតខាង​និង​មិត្តភក្តិ​ផងដែរ​”៕ AFP

ដោយ ​៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114