ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​ហុងកុង​ ព្រមាន​ក្រុមអ្នកតវ៉ា​ ដែល​កំពុង​ជំរុញ​ទីក្រុង​ឲ្យ​ធ្លាក់ចូល​ផ្លូវ​មិនអាច​បក​ក្រោយ​បាន

មេដឹកនាំ​ទីក្រុង​ហុងកុង​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គា​រថា បាតុកម្មហិង្សា​កំពុង​ជំរុញ​ទីក្រុង​នេះ​ឲ្យ​ធ្លាក់ចូល​ផ្លូវ​ដែល​មិនអាច​បក​ក្រោយ​បាន​ស្របពេល​អាកាសយានដ្ឋាន​របស់ខ្លួន​បាន​ព្យាយាម​ស្តារឡើងវិញ​ពី​ការបិទ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដែល​បង្កឡើង​ដោយ​ការប្រមូលផ្តុំ​មួយ​ហើយ​អាជ្ញាធរ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​សញ្ញា​គំរាមថា ភាពវឹកវរ​ត្រូវតែ​បញ្ចប់​។​

​អាកាសយានដ្ឋាន​នេះ​ដែលជា​អាកាសយានដ្ឋាន​ដ៏​មមាញឹក​បំផុត​មួយ​នៅលើ​ពិភពលោក​បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ប៉ុន្តែ​ជើងហោះហើរ​រាប់រយ​ជើង​នៅតែ​ត្រូវបាន​លុបចោល​ហើយ​ក្រុមអ្នកតវ៉ា​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រមូល​ផ្តុំគ្នា​ថ្មី​មួយ​នៅ​ទីនោះ​នៅពេល​យប់​។​

​ការបិទ​ភ្លាមៗ​នេះ​បាន​កើតឡើង​ក្នុង​វិបត្តិ​រយៈពេល​១០​សប្តាហ៍​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ចេញ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ហុងកុង​នៅក្នុង​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​ការគ្រប់គ្រង​របស់​ចិន​លើ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​ចាប់តាំងពី​ការប្រគល់​របស់ខ្លួន​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧​។​

​នៅ​ថ្ងៃ​អង្គារ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បាន​ព្រមាន​អំពី​ផលវិបាក​ដ៏​គ្រោះថ្នាក់​ដែល​ទីក្រុង​នេះ​កំពុង​ប្រឈមមុខ​ប្រសិនបើ​ការកើនឡើង​នៃ​អំពើហិង្សា​នៅឯ​ការប្រមូល​ផ្តុំគ្នា​មិន​ត្រូវបាន​រារាំង​ទេនោះ​។​

​លោកស្រី Lam បាន​និយាយថា “​អំពើហិង្សា​នឹង​រុញច្រាន​ទីក្រុង​ហុងកុង​ឲ្យ​ធ្លាក់ចូល​ផ្លូវ​ដែល​មិនអាច​បក​ក្រោយ​បាន​ហើយ​នឹងធ្វើ​ឲ្យ​សង្គម​ហុងកុង​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​និង​គ្រោះថ្នាក់​។ ស្ថានភាព​នៅ​ហុងកុង​កាលពី​សប្តាហ៍​មុន​បានធ្វើ​ឲ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា យើង​បាន​ឈានដល់​ស្ថានភាព​គ្រោះថ្នាក់​ហើយ​”​។​

​លោកស្រី​បន្តថា “​សូម​ចំណាយពេល​មួយ​នាទី​គិត​មើល ក្រឡេកមើល​ទីក្រុង​របស់​យើង ផ្ទះ​របស់​យើង តើ​អ្នក​ពិតជា​ចង់ឃើញ​ទីក្រុង​នេះ​ត្រូវ​រុញ​ឲ្យ​ធ្លាក់ចូល​ក្នុង​រណ្តៅ​ឬ​”​។

​លោកស្រី​បានលើកឡើង​បែបនេះ​ថ្វីបើ​លោកស្រី​បដិសេធ​ជាថ្មី​ម្តងទៀត​ក្នុង​ការផ្តល់​សម្បទាន​ណាមួយ​ដល់​បាតុករ​ក៏ដោយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114