ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​រុស្ស៊ី​ បើក​ការស៊ើបអង្កេត​លើ​វីដេអូ​ដែល​បង្ហាញ​មន្ត្រី​វាយដំ​ស្ត្រី​ម្នាក់

ក្រសួងមហាផ្ទៃ​របស់​ប្រទេស​រុស្ស៊ី​បាន​បើក​ការស៊ើបអង្កេត​មួយ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ប៉ូលិស​កុបកម្ម​ដាល់​ស្ត្រី​ម្នាក់​ចំ​.​ពោះ​អំឡុង​ការតវ៉ា​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រូវបាន​គេ​ចូល​មើល​ពេញ​ទឹក​ពេញ​ដី​។​

​វីដេអូ​នេះ​ដែលមាន​អ្នក​ចូល​មើល​ជាង​៣៦០,០០០​ដង​បានបង្ហាញ​ពី​នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​អូស​ដោយ​ប៉ូលិស​បិទមុខ​ចំនួន​បួន​នាក់​នៅក្នុង​ឯកសណ្ឋាន​បង្ក្រាប​កុបកម្ម​ខណៈ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ដាល់​នាង​ចំ​ត្រង់​ពោះ​ដោយ​មិនដឹង​មូលហេតុ​។ រូបភាព​ទាំងនេះ​បង្ក​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្តាញ​សង្គម​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​គេហទំព័រ Mediazona, ស្ត្រី​ឈ្មោះ Daria Sosnovskaya អាយុ​២៦​ឆ្នាំ​បាន​និយាយថា នាង​ត្រូវបាន​ប៉ូលិស​អូស​ចេញ​ដោយសារតែ​ការតវ៉ា​ប្រឆាំងនឹង​ការឃាត់ខ្លួន​បុរស​ពិការ​ម្នាក់​។​

​នាង​ប្រាប់​គេហទំព័រ​នេះ​ថា “​ប៉ូលិស​បានចាប់ផ្តើមរ​ត់​សំដៅ​មក​ខ្ញុំ​”​។ នាង​បន្តថា “​វា​មិន​សមរម្យ​ទាល់តែសោះ​។ ភ្លាមៗ​នោះ ខ្ញុំ​ចុក​រមួល​ក្នុង​ពោះ​គ្រប់កន្លែង​។ ខ្ញុំ​មិនអាច​ដកដង្ហើម​បានទេ​”​។​

​នាង​និយាយទៀតថា បន្ទាប់មក​នាង​រួមជាមួយ​អ្នក​ត្រូវ​ឃាត់ខ្លួន​ដទៃទៀត​ត្រូវបាន​គេ​នាំទៅ​កាន់​ស្ថានីយ៍​ប៉ូលិស​មួយ​ដែល​នៅ​ទីនោះ​នាង​មិនមាន​សិទ្ធិ​ទទួលបាន​មេធាវី​ទេ​អស់​រយៈពេល​ជាច្រើន​ម៉ោង​មុនពេល​ត្រូវបាន​ដោះលែង​វិញ​ជាមួយ​ការព្រមាន​។​

​ក្រសួងមហាផ្ទៃ​បាន​និយាយថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​លើ​ករណីនេះ​ដោយ​សន្យាថា “​អ្នក​ដែលមាន​កំហុស​នឹងត្រូវ​ទទួលខុសត្រូវ​”​។​

​គួរ​បញ្ជាក់ថា ការសម្រេចចិត្ត​រារាំង​បេក្ខជន​គណបក្សប្រឆាំង​មិន​ឲ្យ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​សភា​ក្រុង​មូ​ស្គូ​បាន​ជំរុញ​ឲ្យ​មាន​រលក​បាតុកម្ម​ដែល​ស្ថិត​ក្នុងចំណោម​បាតុកម្ម​ធំ​បំផុត​ចាប់តាំងពី​លោក Putin វិល​ត្រឡប់មក​វិមាន​ក្រឹម​ឡាំង​វិញ​នៅក្នុង​ឆ្នាំ​២០១២​។​

​ការប្រមូល​ផ្តុំគ្នា​បានធ្វើ​ឲ្យ​រញ្ជួយ​ទីក្រុង​មូ​ស្គូ​កាលពី​ខែ​មុន​ខណៈ​ការប្រមូលផ្តុំ​ធំ​បំផុត​គឺ​កាលពី​ថ្ងៃ​សៅរ៍​ដែលមាន​អ្នកចូលរួម​រហូតដល់​ទៅ​៦០,០០០​នាក់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114