ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​សន្តិសុខ​ ៖ ​អតីត​ប្រធានាធិបតី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ ដែល​ត្រូវ​ឃុំខ្លួន​គឺ​កំពុង​រៀបចំ​ផែន​ការ​ធ្វើ​រដ្ឋប្រហារ

ប្រមុខ​សេវា​សន្តិសុខ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អតីត​ប្រធានាធិបតី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​លោក Almazbek Atambayev ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ការ​វាយឆ្មក់​នៅ​លំនៅដ្ឋាន​របស់គាត់​កាលពី​សប្តាហ៍​មុន​គឺ​កំពុង​ព្យាយាម​ផ្តួលរំលំ​រដ្ឋាភិបាល​។​

​លោក Orozbek Opumbayev ប្រធាន​សេវា​សន្តិសុខ​ជាតិ (GKNB) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី Bishkek ថា “​ចេតនា​របស់គាត់​គឺ​ធ្វើ​រដ្ឋប្រហារ​”​។​

​លោក Atambayev ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​សន្តិសុខ​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បន្ទាប់ពី​ការប៉ុនប៉ង​ឃាត់ខ្លួន​គាត់​លើក​មុន​ត្រូវ​បរាជ័យ​ស្របពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​របស់គាត់​និង​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​បណ្តាល​ឲ្យ​មន្ត្រី​កងកម្លាំង​ពិសេស​ម្នាក់​ស្លាប់​។​

​ការ​វាយឆ្មក់​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Atambayev មិន​អើពើ​នឹង​ការកោះហៅ​របស់​ប៉ូលិស​ចំនួន​៣​ដង​ដើម្បី​ធ្វើការ​សាកសួរ​ទាក់ទង​នឹង​ការដោះលែង​បុគ្គល​ល្បីឈ្មោះ​ម្នាក់​អំឡុងពេល​គាត់​កាន់តំណែង​ជា​ប្រធានាធិបតី​។​

​រដ្ឋ​អាស៊ី​កណ្តាល​មួយ​នេះ​ដែល​បាន​ជួបប្រទះ​បដិវត្ត​ចំនួន​ពីរលើក​ក្នុង​រយៈពេល​តិចជាង​ពីរ​ទសវត្សរ៍​គឺ​ត្រូវ​ជាប់​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​អតីត​មេដឹកនាំ​រូបនេះ​និង​ប្រធានាធិបតី Sooronbai Jeenbekov​។​

​វិបត្តិ​នាពេល​បច្ចុប្បន្ននេះ​បាន​អូសទាញ​ប្រទេស​រុស្ស៊ី​ឲ្យ​មក​ចូល​ពាក់ព័ន្ធ​។ រុស្ស៊ី​គឺជា​មហាអំណាច​សម័យ​សូ​វៀត​និង​ជា​អ្នក​នាំ​ផ្លូវ​នយោបាយ​របស់​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ហើយ​ជា​កន្លែង​ដែល​ពលរដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​រាប់សែន​នាក់​ធ្វើការ​ក្នុងនាម​ជា​ពលករ​ចំណាកស្រុក​។​

​កាលពី​ខែ​មុន ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ជួប​ទាំង​ជាមួយ​លោក Jeenbekov និង​លោក Atambayev នៅក្នុង​ទីក្រុង​មូ​ស្គូ​ក្នុង​គោលបំណង​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114