ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម អំពាវនាវ​ដល់​វិនិយោគិន​ចិន ចូល​មក​បណ្តាក់ទុន​ថែមទៀត​នៅ​កម្ពុជា និង​បាន​សន្យា​ផ្តល់​ជូន​ការ​សម្របសម្រួល​ពិសេស

​ភ្នំពេញ ​៖ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ឈួន ដា​រ៉ា អំពាវនាវ​ឱ្យ​ធុរជន​ចិន ចូល​មក​វិនិយោគ​ថែមទៀត​នៅ​កម្ពុជា និង​បាន​សន្យា​ផ្តល់​ជូន​ការ​សម្របសម្រួល​ពិសេស ចំពោះ​គម្រោង​វិនិយោគ​នានា ជាមួយ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយ​ផល ជាពិសេស សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។

ការ​អំពាវនាវ និង សន្យា បាន​ធ្វើឡើង​នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព វេទិកា​ធុរកិច្ច​កម្ពុជា​-​ថួ​ឡឹ (​ឈ្មោះ​ភូមិ​ក្នុង​ខេត្ត​គួ​យ​ចូ​វ​) ដែល​រៀបចំឡើង នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល និង​តំណាង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំងពីរ។

​នៅ​ក្នុង​ឱកាស​នោះ ឈួន ដា​រ៉ា បាន​ជម្រាប​ជូន​អង្គ​ពិធី អំពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​ដំឡើង​រហូតដល់​កម្រិត​កំពូល​គឺ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» តាមរយៈ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ រាប់​តាំងពី​នយោបាយ កា​ទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ ជាដើម​។​ល​។ បន្ទាប់មក នៅ ថ្ងៃ​ដដែល លោក​រដ្ឋលេខាធិការ ឈួន ដា​រ៉ា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក លី លីង​បូ លេខាធិការ​រង​បក្ស​កុម្មុយនីស្ត និង​ជា​អភិបាល​ទីក្រុង​ផាន​ចូ​វ ដើម្បី​ស្វែងរក​ឱកាស​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​គួ​យ​ចូ​វ ព្រមទាំង​ជំរុញ​ការ​វិនិយោគ​ទៅវិញទៅមក​។

លោក រដ្ឋលេខាធិការ បាន​អំពាវនាវ​ដល់​វិនិយោគិន​ចិន ចូល​មក​បណ្តាក់ទុន​ថែមទៀត​នៅ​កម្ពុជា និង​បាន​សន្យា​ផ្តល់ជូន​ការ​សម្របសម្រួល​ពិសេស ចំពោះ​គម្រោង​វិនិយោគ​នានា ជាមួយ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយ​ផល ជាពិសេស សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ម៉ាក្រូ​សេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។

ជា​ការ​ឆ្លើយតប លោក លី លីង​បូ បាន​ថ្លែងអំណរគុណ លោក​រដ្ឋលេខាធិការ ដែល​បាន​ចែករំលែក​ព័ត៌មាន​សំខាន់ៗ ទាក់ទង​វឌ្ឍនភាព​ទំនាក់ទំនង​កម្ពុជា​-​ចិន ព្រមទាំង​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។ លោក​អភិបាលក្រុង ក៏បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិន​ទីក្រុង​ផាន​ចូ​វ ឲ្យ​ចូល​មក​ស្វែងយល់​អំពី​សក្តានុពល​កម្ពុជា ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​វប្បធម៌ នា​ពេល​ខាងមុខ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114