ព័ត៍មានទាន់​ហេតុការណ៏
Search

បាន​ត្រឹម​ស្មើ​អង្គ​រថា​យ​ហ្គឺ​រ គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង ថា​មាន​អារម្មណ៍​ដូច​ចាញ់ កាលពី​ជំនួប​សប្ដាហ៍​ទី​១៩ នៃ MCL

គ្រូ​បង្វឹក​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​សម្តែង​អារម្មណ៍​ពុំ​សូវ​ពេញចិត្ត​ចំពោះ លទ្ធផល​ក្រុម​របស់​ខ្លួន​ ដែល​ដណ្តើមបាន​ត្រឹម ១​ពិន្ទុ​ក្រោយ​ស្មើ​ជាមួយ អង្គ​រថា​យ​ហ្គឺ​រ ទាំង​មិន​ងាយស្រួល ១-១ កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​ជំនួប​សប្តាហ៍​ទី​១៩ នៃ​លី​គ​កំពូល​កម្ពុជា នា​កីឡដ្ឋាន​ខេត្តសៀមរាប​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​ចប់​ការប្រកួត គ្រូ​បង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​ពោល​ថា “​យើង​មាន​អារម្មណ៍​ថា​ដូចជា​ចាញ់ ពីព្រោះ​យើង​ចង់បាន ៣​ពិន្ទុ​សម្រាប់​អ្នកគាំទ្រ​របស់​យើង​។ វា​គឺជា​ការ​លំបាក​ណាស់​ក្នុង​ការ​ផ្តួល​អង្គ​រថា​យ​ហ្គឺ​រ នៅ​ក្នុង​កីឡដ្ឋាន​នោះ យើង​ស្ទើរតែ​ខិត​ជិត​ដល់​ទៅហើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​លទ្ធផល​ស្មើ​នេះ គឺ​វា​ល្អ​សម្រាប់​ក្រុម​ទាំងពីរ “​។

លោក Conor បន្ត​ថា “​ពិត​ណាស់ យើង​មិន​អាច​លេង​បាន​នូវ​អ្វីដែល​យើង​ចង់បាន នៅក្នុង​លក្ខខណ្ឌ​នេះ ប៉ុន្តែ​យើង​ក៏បាន​ដឹង​មុន មុន​ការប្រកួត​មកដល់​ផង​ដែរ ហើយ​យើង​ក៏បាន​រៀបចំ​សម្រាប់​ស្ថានភាព​នេះ ជា​អកុសល យើង​មិន​អាច​ធ្វើ​វា​បាន​នៅពេលនេះ ប៉ុន្តែ​យើង​នៅមាន​ឱកាស​ផ្សេងទៀត ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​“​។

យ៉ាងណាមិញ ក្រុម​ទាំងពីរ​នេះ​នឹងត្រូវ​ជួបគ្នា​ម្ដងទៀត នៅក្នុង​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន វគ្គ​៨​ក្រុម​ចុងក្រោយ នៅលើ​ទឹកដី​ដដែល​នេះ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​។
​គួរ​ឲ្យ​ដឹង​ថា គិត​ត្រឹម​បច្ចុប្បន្ន​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ បាន​ឈាន​ដល់​សប្តាហ៍​ទី​១៩​ហើយ ខណៈ ១៩​សប្តាហ៍​កន្លងមក​នេះ ព្រះខ័ន​រាជ​ស្វាយរៀង មិនទាន់​ស្គាល់​ពាក្យ​ថា បរាជ័យ​នៅឡើយ​ទេ ដោយ​យកឈ្នះ​ការប្រកួត ១៥​លើក និង​ស្មើ ៣៤​លើក មាន ៤៩​ពិន្ទុ ដាច់​ពី​ក្រុម​ប្រដេញ​ពីក្រោយ វិសាខា ៦​ពិន្ទុ​ដដែល ស្រប​ពេលដែល​ការប្រកួត​នៅសល់ ៧​សប្តាហ៍​ទៀត​ទើប​ចប់​រដូវ​កាល​។

សូម​រំលឹកថា ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា លើកចុងក្រោយ​បង្អស់​គឺ​នៅ​ឆ្នាំ ២០១៣ ក្រោម​ការដឹកនាំ​របស់​លោក សំ វ៉ាន់​ដេ​ត ហើយ​ចាំ​មើលថា តើ​ក្រោម​ការដឹកនាំ​របស់លោក Conor Nestor អាច​នាំ​ស្វាយរៀង ឈ្នះ​ជើងឯក​លី​គ​សាជាថ្មី​បាន​ឬទេ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114