ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងទេសចរណ៍ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ និង​អាហារ​ដ្ឋា​ន កុំ​ដំឡើងថ្លៃ​ក្នុងឱកាស​ប្រឡង​បាក់​ឌុប

ភ្នំពេញ​ ៖ ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ និង​អាហារដ្ឋាន​នានា កុំ​ដំឡើងថ្លៃ ក្នុងឱកាស​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​មាន​រយៈពេល​២​ថ្ងៃ ខាងមុខនេះ​ដើម្បី​សម្រួល​ដល់​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​ត្រូវ​ធ្វើដំណើរ​ទៅតាម​បណ្ដា​មណ្ឌល​ប្រឡង​នានា​នៅ​ទូទាំងប្រទេស​។

យោង​តាម​សេចក្ដីណែនាំ របស់​ក្រសួងទេសចរណ៍​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទូទាំងប្រទេស ជាហេតុ​តម្រូវ ឲ្យ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវធ្វើ​ដំណើរ​ទៅ​មណ្ឌល​ប្រឡង តាម​ការរៀបចំ​ជាក់ស្តែង ដែល​ពេលខ្លះ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវ​ប្រើប្រាស់​ជា​ចាំបាច់​នូវ​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ ការស្នាក់អាស្រ័យ​នៅ​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឬ​បន្ទប់​ជួល​ជាដើម និង​ការ​បរិភោគ​ប្រចាំថ្ងៃ នៅ​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​នានា។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ ក្រសួងទេសចរណ៍​សូម​ណែនាំ និង​អំពាវនាវ​ឲ្យ​ម្ចាស់ និង​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ រក្សា​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​កម្រិត​គុណភាព​សេវាកម្ម ដែល​ឆ្លើយតប​នឹង​តម្រូវការ បើ​ទោះ​ជា​ស្ថិត​ក្នុង​រយៈពេល ដែល​មាន​តម្រូវការ​សេវាកម្ម​យ៉ាង​មមាញឹក​យ៉ាង​ណា​ក៏ដោយ​ពិសេស ចូលរួម​រក្សា​សណ្តាប់​ធ្នាប់ សុវត្ថិភាព​ជូន​ភ្ញៀវ និង​ចូលរួម​ទប់ស្កាត់​ឲ្យ​បានជា​អតិបរមា នូវ​រាល់​ហេតុការណ៍ ទាំងឡាយ​ដែល​អាច​កើតឡើង​ជា​ឧបទ្ទវហេតុ​។

ជាង​នេះ​ទៅ​ទៀត ​សូម​ម្ចាស់ និង​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ មេត្តា​កុំ​ដំឡើងថ្លៃ​សេវាកម្ម​របស់ខ្លួន ក្នុងកំឡុងពេល​នេះ បើ​ទោះបី​ជា​អាច​នឹងមាន​តម្រូវការ កើន​ឡើង​ខ្លាំង​យ៉ាងណា​ក្តី​និង​ស្នើ ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ផ្សព្វផ្សាយ​បន្ត​នូវ​ស្មារតី សេចក្តី​ណែនាំ​នេះ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម ទេសចរណ៍​ទាំងអស់ ដើម្បី​ជ្រួតជ្រាប និង​ចូលរួម​អនុវត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ស្វាគមន៍ និង​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដូច​៥​ឆ្នាំ​កន្លង​មក​ដែរ​ព្រោះថា​ កិច្ចសហការ​រួមគ្នា​នេះ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​គ្នា ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ និង​គុណភាព​មូលធន​មនុស្ស​។

​សូម​ជម្រាប​ថា សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​មណ្ឌល​ប្រឡង​សរុប​២០២​មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥​មណ្ឌល និង​វិទ្យាសាស្ត្រ​សង្គម​១២៧​មណ្ឌល មាន ៤៨០៩​បន្ទប់ បេក្ខជន​ប្រឡង​សរុប​១១៩២១៧​នាក់ ស្រី​៦១០៣១​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៤៥៤១៤​នាក់ ស្រី​២៥៥២៦​នាក់​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៧៣៨០៣​នាក់ ស្រី​៣៥៥០៥​នាក់​។

ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​ដាក់​អ្នកសង្កេតការណ៍​ដូច​បណ្តា​ឆ្នាំមុនៗ​ទេ​ដោយ​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​អប់រំ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​ដោយ​ខ្លួនឯង​វិញ​ដោយ​ក្រសួង​ត្រូវ​ជ្រើសរើស​ជំនួយការ​អប្បមាទ​រាប់ពាន់នាក់​ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​លើក​នេះ​។

លោក រស់ សុ​វាចា បាន​អះអាងថា​ ក្រសួង​អប់រំ​បានជ្រើសរើស​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​សម្រាប់​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ដើម្បី​ធានា​ឲ្យ​ដំណើរ​ការ​ប្រឡង​ប្រព្រឹត្តទៅ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ដោយ​ក្នុង​អប្បមាទ​ម្នាក់​ត្រូវ​ទទួល​ខុសត្រូវ​បន្ទប់​ប្រឡង​ចំនួន​២​បន្ទប់​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​បាន​បន្ត​ថា ​ក្រសួង​អប់រំ​នៅតែ​បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​បន្តទៀត​ក្នុងករណី​មានការ​សូកប៉ាន់​លុយ​កាក់​នៅពេល​ប្រឡង និង​អំពើពុករលួយ​ផ្សេងៗ​មួយចំនួនទៀត​ដែល​កើតឡើង​ក្នុងកំឡុងពេល​ប្រឡង​។

លោក​បាន​បន្ថែមទៀត​ថា ​ក្រសួង​អប់រំ​នៅតែ​ប្តេជ្ញា​ធានា​គុណភាព​ប្រឡង​ខ្ពស់​ដដែល​ដោ យ​ឈរលើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​ទាំងអស់គ្នា​បើទោះជា​មិនមាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ផ្សេងៗ​ក៏ដោយ ៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114