ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អរគុណ​ដល់ ក្រសួងស្ថាប័ន ភាគី​ពាក់ព័ន្ធ

ភ្នំពេញ​ ៖​ លោក​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុ​ជា ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​កន្លងមក​បាន​ចូលរួម និង​ផ្តល់​នូវ​កិច្ចសហការ​ល្អប្រសើរ ក្នុង​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការចូលរួម​របស់​កម្ពុ​ជា ក្នុងនាម​ជា​ប្រទេស​សមាជិក ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​អាង​ទន្លេមេគង្គ​។

ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ថ្លែង​បែបនេះ​បាន​ធ្វើ​ឡើង នៅ​សាល​ប្រជុំ​ក្រសួងធនធាន​ទឹក និង​ឧតុនិយម នា​ថ្ងៃ​អង្គារ ១៣​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ នៅ​ក្នុង​មតិ​បើក​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​សំដែង​នូវ​ការ​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក លោកស្រី រដ្ឋលេខាធិការ អគ្គលេខាធិការ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៩/៩២១ ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ការតែងតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​តួនាទី ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា គណៈកម្មការ​ទន្លេមេគង្គ និង​ការងារ​ដែល​បាន​បំពេញ ក៏ដូចជា​សមិទ្ធផល​សំខាន់ៗ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ដែល​សម្រេចបាន​រហូត​មក​ដល់​ពេល​នេះ​។ ទន្ទឹម​នឹង​នោះ ក៏បាន​ជម្រាប​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​អាង​ទន្លេមេគង្គ ក៏ដូចជា​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​ចំពោះមុខ ដែល​ត្រូវ​គិតគូរ និង​រួមគ្នា​ដោះស្រាយ ដើម្បី​ជំរុញ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ស្របតាម​កិច្ចព្រមព្រៀង​មេគង្គ ដែល​ប្រទេស​ទាំង​បួន កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៩៥​។

លើសពី​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ជោគជ័យ​ដែល​កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣ កាលពី​ក្នុង​ខែមេសា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ក្រោម​អធិបតី​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជា​លទ្ធផល កិច្ចប្រជុំ​កំពូល បានដាក់​ចេញ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ ដែល​ប្រទេស​ជា​សមាជិក ត្រូវ​បន្ត​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុ​ជា ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​កន្លងមក​បាន​ចូលរួម និង​ផ្តល់នូវ​កិច្ចសហការ​ល្អ​ប្រសើរ​ក្នុង​ដំណើរការ​ការងារ​រប​ស់​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក៏ដូចជា​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​គ​ណៈ​កម្ម​ការ​ទន្លេមេគង្គ ដែល​បាន​រួម​ចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការចូលរួម​របស់​កម្ពុ​ជា ក្នុងនាម​ជា​ប្រទេស​សមាជិក ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​អាង​ទន្លេមេគង្គ​។

កិច្ចប្រជុំ បាន​ដំណើរការ​ដោយ​បាន​ពិនិត្យ​លើ​វឌ្ឍនភាព និង​ទិសដៅ​ការងារ​ដែល​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​គណៈកម្មការ​ទន្លេ​មេគង្គ សម្រេច​បាន​រហូត​មក​ដល់​បច្ចុប្បន្ន និង​បន្ត​អនុវត្ត​នា​ពេល​ខាងមុខ ។ អង្គប្រជុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​សម្រេច​បាន និង​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ក្នុង​ក្របខ័ណ្ឌ​ការងារ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​តំបន់ សម្រាប់​ការគ្រប់គ្រង និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេ​មេគង្គ​។ ​កិច្ចប្រជុំ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្និត​ស្នាល និង​សម្រេច​បាន​លទ្ធផល​តាម​ការគ្រោងទុក​។

​នៅ​ក្នុង​មតិ​បូកសរុប និង​បិទ​កិច្ចប្រជុំ លោក រដ្ឋមន្ត្រី ជាថ្មី​ម្តង​ទៀត បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្នុង​ក្របខ័ណ្ឌ​ការងារ​មេគង្គ​នាពេល​កន្លងមក និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញា​បន្ត​ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ថែមទៀត ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា និង​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ភាព​ចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​និរន្តរភាព​បរិស្ថាន​ក្នុង​អាង​ទន្លេ​មេគង្គ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114