ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​បញ្ជូន​ពលករ​ចំនួន​៣២​នាក់ បន្ថែម​ទៀត​ទៅ​ធ្វើ​កា​រ​នៅ​ប្រទេស​កូរ៉េ​

ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ពលករ​ចំនួន ៣២​នាក់ ស្រី២​នាក់​ បន្ថែម​ទៀត​ទៅ​ធ្វើ​កា​រ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ខណៈ​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ទីនោះ​ជាង​៤​ម៉ឺន​នាក់​លើ​វិស័យ​ឧស្សាហកម្ម សេវាកម្ម សំណង់​និង​កសិកម្ម​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​ ការ​បញ្ជូន​ពលករ​ចំនួន​៣២​នាក់​ ធ្វើការ​នៅ​កូរ៉េ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កូតា​សម្រាប់​ឆ្នាំ​២០១៩​ដែល​ភាគី​កូរ៉េ​ផ្តល់​ឲ្យ​កម្ពុជា​ពី​៤​ពាន់​ទៅ​៤៥០០​នាក់​។

លោក ហេង សួរ បាន​បន្ត​ថា ​ពលករ​ធ្វើការ​នៅ​កូរ៉េ​ទទួល​បានការ​គាំពារ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភាគី​កូរ៉េ​ព្រោះ​នៅ​កូរ៉េ​មាន​កន្លែង​គាំពារ​ពលករ​បរទេស​មិន​តិច​ជាង​៤០​កន្លែង​ទេ ​ដែល​នៅ​តាម​កន្លែង​នីមួយៗ​មាន​អ្នកចេះ​ភាសា​ទៅតាម​ប្រទេស​នីមួយៗ​រួម​ទាំង​ភាសា​ខ្មែរ​ផង​នៅ​ពេល​ដែល​ពលករ​មាន​បញ្ហា​អ្វីមួយ​។​ ក្រៅ​ពី​នេះ​ក្រសួង​ក៏បាន​ដាក់​មន្ត្រី​ចំនួន​២​នាក់​ដោយមាន​ភ្ជាប់​ទំនាក់​ទំនង​លេខ​ទូរស័ព្ទ​នៅ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ ​ដើម្បី​រង់ចាំ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​របស់​ពលករ​យើង​។

ជាង​នេះទៅ​ទៀត​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពល​ករ​កម្ពុជា​ដដែល​ទៅ​ធ្វើការ​នៅ​ប្រ​ទេស​កូរ៉េ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តែងតែ​ចាត់តាំង​មន្ត្រី​មួយរូប ដើម្បី​សម្របសម្រួល​មធ្យោបាយ​គ្រប់​បែប​យ៉ាង តាំងពី​ពេល​ឡើង​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រហូត​ដល់ដៃ​សមាគម​និយោជក​នៅ​ប្រទេស​កូរ៉េ​។

លោក​បាន​បន្ថែម​ថា ​ពល​ករ​ដែល​ធ្វើការ​នៅ​កូរ៉េ​មាន​ជីវភាព​ធូរធារ​ដោយសារ​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ ហើយ​នៅពេល​ត្រឡប់មកវិញ​ ទទួល​បាន​នូវ​ជំនាញ​បច្ចេកទេស​ថ្មីៗ​ពិសេស​ភាសា​កូរ៉េ​ ដែល​អាច​ឲ្យ​គាត់​មានលទ្ធភាព​ក្នុង​ការ​រក​ការងារ​ធ្វើ​ ឬ​ ប្រកបមុខរបរ​ខ្លួនឯងបាន​។

នៅ​ក្នុង​ឱកាស​នោះ​លោក​ហេង​សួរ​បាន​ផ្តាំផ្ញើ​ឲ្យ​ប្អូនៗ​ទាំង​៣២​នាក់​ ដែល​ចាក​ចេញទៅ​បម្រើការ​នៅ​កូរ៉េ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ខិតខំ​ធ្វើការ​ងារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​មួយ​សម្រាប់​ពលករ​កម្ពុ​ជា​និង​បង្កើត​ក្តី​ស្រលាញ់​ពី​ភាគី​និយោជក​កូរ៉េ​ព្រោះថា​នៅពេល​ថៅកែ​ចូលចិត្ត​គេ​និង​បង្កើន តម្រូវការ​ពលករ​ខ្មែរ​បន្ថែមទៀត​។

ចំណែក​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​មានប្រសាសន៍​ថា ប​ច្ចុ​ប្បន្ន​នេះ​មាន​ពលករ​បរទេស​ទេស​ធ្វើការ​នៅ​កូរ៉េ​ចំនួន​១៦​ប្រទេស​ ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​។ ​ប៉ុន្តែ​ក្នុងចំណោម​ពលករ​ទាំងនោះ​ពលករ​ខ្មែរ ​ត្រូវ​បាន​និយោជក​កូរ៉េ​មានការ​កោតសរសើរ​ថា ​មាន​ចរិត​ស្លូតបូត រួសរាយ​រាក់ទាក់ ឧស្សាហ៍​ព្យាយាម​ក្នុង​បំពេញការងារ​ដែល​ធ្វើ​ឲ្យ​មាន​និយោជក​កូរ៉េ​ទទួលយក​ពលក​រ​ខ្មែរ​ជា​បន្តបន្ទាប់​ទៀត​។

យ៉ាងណាក៏ដោយ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ឲ្យ​មានការ​បន្ថែម​កូតា​ដល់​ពលករ​ខ្មែរ​ឲ្យ​បាន​ច្រើន​ថែមទៀត​ពិសេស​ពលករ​គំរូ​ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​នៅ​ទីនោះ​យ៉ាងតិច​ឲ្យ​បាន​១០​ឆ្នាំ​ដែរ​ដើម្បី​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​។

លោក អូ ណាក់​យ៉ុង បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ត្រូវ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ត្រូវ​ខិត​ខំ​ក្រេប​យកចំណេះ​ជំនាញ​ទាំងឡាយ ដើម្បី​អាច​បង្កើត​ការងារ ឬ​មុខរបរ​ណាមួយ​សម្រាប់​ខ្លួន ក្រោយពេល​ត្រលប់មក​មាតុភូមិ​កម្ពុជា​វិញ​។

លោក​បាន​ផ្ដាំផ្ញើ​ទៀតថា ក្នុង​ពេល​បំពេញការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រសិនបើ​មាន​បញ្ហា​ណាមួយ សូម​ពលករ​ទាំងអស់​ទំនាក់ទំនង​ទៅកាន់​ក្រុមការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា ដែល​ប្រចាំការ​នៅ​ទីនោះ ឬ​អាច​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដែល​កើតមាន​នៅពេល​ធ្វើការ​នៅ​កូរ៉េ​។

ប្អូនស្រី វឹក ឆេង​លី មកពី​ខេត្តកណ្តាល​ធ្វើការ​ខាង​វេច​ខ្ចប់​សាច់គោ​នៅ​ប្រទេស​កូរ៉េ​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​កូរ៉េ​ពិសេស​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បានផ្តល់​ឱកាស​ការងារ​និង​គាំពារ​ដល់​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​កូរ៉េ​បានល្អ​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ព​លករ​បានល្អ​ប្រសើរ​ជាង​មុន​ដោយសារ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​។​

ចំណែក​ប្អូនស្រី អន​កែវ​មុនី​រ័ត្ន​មកពី​ខេត្តកំពង់ស្ពឺ​ធ្វើការ​នៅ​រោងចក្រ​ធ្វើ​សាច់​ទា​នៅ​ប្រទេស​កូរ៉េ​បាន​និយាយថា​ ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ពិតជា​ល្អប្រសើរ​ណាស់​ពោលគឺ​មិន​ត្រឹមតែ​ទទួលបាន​ប្រាក់ខែ​សមរម្យ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ការរស់នៅ​សណ្តាប់ធ្នាប់ គោរព​សិទ្ធិ​លក្ខខណ្ឌ​ការងារ​និង​ច្បាប់​ការងារ​បានល្អ​ប្រសើរ​ទៀតផង​ដែល​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​បានល្អ​ប្រសើរ​។

ប្អូនស្រី​បាន​បន្តថា​ «​ខ្ញុំ​ចង់​ឲ្យ​យុវជន​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ច្រើន​យកមក​ដោះស្រាយ​ជីវភាព​គ្រួសារ​និង​លើកស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ សរុប​ចំនួន ៦៥,២២៥​នាក់ (​ស្រី ១៣,៥៩៥​នាក់​)​ក្នុងនោះ​មាន​ពលករ​ខ្លះ​បាន​វិលត្រឡប់​មកវិញ​ដោយ​ត្រូវ​ចប់​អាណត្តិ​ការងារ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114