ព័ត៍មានទាន់​ហេតុការណ៏
Search

U18 កម្ពុជា រង​បរាជ័យ​លើក​ទី​៣ ក្រោម​ថ្វី​ជើង​សិង្ហ​បុរី ក្នុង​ពានរង្វាន AFF U18 Championship

​ក្នុងការ​ប្រកួត ពានរង្វាន់ AFF U-18 Championship 2019 នៅ​ប្រទេស​វៀតណាម ក្នុង​ថ្ងៃ​ប្រកួត​ទី​៤ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ បាន​ប្រកួត​ចាញ់ ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី អាយុ​ក្រោម​១៨​ឆ្នាំ ដោយ​លទ្ធផល ០ ទល់នឹង ១ នៅ​កីឡដ្ឋាន Thong Nhat Stadium ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ល្ងាច​ថ្ងៃ​អង្គារ ទី​១៣ ខែសីហា ឆ្នាំ​២០១៩​។

នៅ​ក្នុង​ការប្រកួត​នេះ នៅ​វគ្គ​ទី​១ ក្រុម​បាន​រក្សា​ដោយ​លទ្ធផល​ដោយ​ពុំ​មាន​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​គ្នា​ឡើយ ដោយមាន​ត្រឹមតែ​ឱកាស​ទាត់​សំដៅ​ទី​គ្នា​ទៅវិញទៅមក ប៉ុន្តែ​មានរឿង​ដ៏​ព្រួយបារម្ភ​គឺ​កីឡាករ​របស់​កម្ពុជា ម្នាក់​បានទទួល​រងរ​បួស​ជង្គង់ នឹងត្រូវ​ផ្លាស់ប្ដូរ​ចេញ ជាមួយគ្នា​ផងដែរ លទ្ធផល ០-០ នេះ​បាន​រក្សា​ដល់​ចប់​ការប្រកួត​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ការប្រកួត​ហាក់​មានការ​ប្រែប្រួល​ជាង​កាលពី​វគ្គ​ទី​១ ដោយ​ក្រុម​ទាំងសងខាង​មានឱកាស​ទាត់​សំដៅ​ទី​គ្នា​កាន់​តែ​ច្រើន រហូតដល់​នាទី​៦៦ ក្រុម​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី អាយុ​ក្រោម​១៨​ឆ្នាំ បា​នរក​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​ដ៏​មាន​សារៈសំខាន់ ហើយ​ពេលវេលា​ដែល​នៅ​សេស​ពីនេះ​គឺ​កម្ពុជា បាន​ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ ប៉ុន្តែ​មិនអាច​ធ្វើ​បានឡើយ ហើយ​បាន​រក្សា​លទ្ធផល ០-១ ដល់​ចប់​ការប្រកួត ៩០​នាទី​ពេញ​។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា ត្រូវ​អស់​ឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​ផ្លូវការ ក្រោយ​រកបាន​តែ ៣​ពិន្ទុ​ពី​ការប្រកួត​ចំនួន ៤​ដង ហើយ​ប្រកួត​បន្ទាប់​ បើ​ទោះ​បី​ជា​យកឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម ក៏​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​ផងដែរ ដ្បិត​ពូ​ល B នេះ អូស្ត្រាលី ជាមួយ​ម៉ាឡេស៊ី កំពុងតែ​មានប្រៀប​ជាងគេ​។ ជាមួយគ្នា​ផង​ដែរ កម្ពុជា ត្រូវ​ធ្លាក់​មក​នៅក្រោម សិង្ហ​បុរី វិញ​ដោយ​ចាញ់ ១​ពិន្ទុ គ្រា​ដែល​សិង្ហ​បុរី មាន​៤​ពិន្ទុ​។

សម្រាប់​នៅក្នុង​ពូ​ល A ឯនោះ​វិញ​ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា បាន​កក់​កៅអី​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផងដែរ​បន្ទាប់ពី ៤​ប្រកួត​ឈ្នះ​ទាំង ៤​ប្រកួត​ដាច់​គូប្រកួត​ផ្សេងៗ​ទៀត​ដែរ​នៅក្នុង​ពូ​ល​នេះ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114