ព័ត៍មានទាន់​ហេតុការណ៏
Search

បកស្បែក​ក្រុម​ជន​កំហូច​យកឈ្មោះ​កូន​ថ្នាក់ដឹកនាំ​ ដើរ​បោក​លុយ​គេ​រាប់​សែន​ដុល្លារ​ក្នុង​ការធានា​ចូលធ្វើ​ទ័ព

ភ្នំពេញ ៖ ក្រុម​ជន​កំហូច​០២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​ក្នុង​បទ​ក្លែងបន្លំ​ជា​សាច់ញាតិ លោក​ឧ​ត្ត​ម​សេនីយ៍​យឹម លាង កូនប្រុស​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ម្នាក់​ដើរ​បោកប្រាស់​ជនរងគ្រោះ​ប្រហែល​១០០​នាក់ យក​បាន​ប្រាក់ រាប់​ម៉ឺន​ដុល្លារ ដោយ​ប្រាប់ថា ធានា​រត់​ការ​ចូល​ក្របខ័ណ្ឌ​កងទ័ព​ពេញសិទ្ធិ។ ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ។

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ដោយមាន​វត្ថុ​តាង​និង​ឯកសារ​រួម​នឹង​ចម្លើយសារភាព​រួចមក​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​នា​សាកសួរ​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃទី​១៣ និង​បន្តទៅ​ថ្ងៃទី​១៤ ​ខែសីហា ឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវបាន ឃាត់ខ្លួន​ជា​បន្តបន្ទាប់​រួចមក​។

​មន្ត្រី​ដដែល​បន្ត​ថា ជនសង្ស័យ​ទី​១​មាន​ឈ្មោះថា ប៊ិន ឡា​ច ហៅ វ៉ែន សារ៉ាត់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៦២ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភោជនីយដ្ឋាន ណាន​ជី​ង សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា និង​ជនសង្ស័យ​ទី​២​ឈ្មោះ ឈ្មោះ តុ​ប គឹមហុង ហៅ យឹម ឈុន​ហុង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៣ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់ ផ្លូវ​១១៥​កែង​២៧៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ បាន​សារភាព​ថា ឈ្មោះ តុ​ប គឹមហុង បាន​ប្រើល្បិច ប្តូរ​ឈ្មោះ​ជា យឹម គឹមហុង កុហក​ជនរងគ្រោះ​ថា​ជា​បងប្អូន​ជីដូនមួយ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​យឹម លាង ព្រមទាំង​កុហក​ជនរងគ្រោះ​ទៀតថា នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ លោក យឹម លាង នឹង​ទៅកាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ហើយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​០៦ ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់។

ប្រភព​បន្ត​ទៀត​ថា ខណៈ​នោះ​គេ​អាច​បញ្ចូល​ក្របខណ្ឌ​បាន ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានន្តរសក្ដិ ក្នុង​នោះ​ថ្នាក់​វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ថ្នាក់​អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់​ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$​។

ពួកគេ​បាន​ធ្វើ​សកម្មភាព​បែបនេះ ឆបោក​ប្រាក់ ពី​ជង​រងគ្រោះ សរុប​ប្រមាណ​១០០​នាក់​ហើយ តែ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្រប​ខណ្ឌ​បាន​ឡើយ រហូត​មាន​ជនរងគ្រោះ​ម្នាក់​មានការ​សង្ស័យ ក៏​ប្តឹង​មក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114